ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ផ្សា​រលើ​ខេត្ត​ព្រះ​សីហ​នុ មុន​ចូលឆ្នាំ​ចិន

1 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ ក្នុង​គោលដៅ​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ ជា​ពិសេស ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​ ដែល​ខិត​ជិត​មក​ដល់ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.)…

ខេត្ត​ព្រះ​សីហ​នុ ​៖ ក្នុង​គោលដៅ​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ ជា​ពិសេស ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​ ដែល​ខិត​ជិត​មក​ដល់ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ ចុះ​អនុវត្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​នៅ «​ផ្សា​រលើ​» ក្រុងព្រះសីហនុ​ ។

យោងតាមសាខា ក.ប.ប. ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ ក្រុមការងារ​បាន​ផ្តោត​សំខាន់​លើ​ការ​ត្រួតពិនិត្យ​បន្លែ ផ្លែ​ឈើ គ្រឿង​សមុទ្រ​ស្រស់​ៗ និង​ទំនិញ​វេច​ខ្ចប់​ក្នុង​កំប៉ុង​។ ទន្ទឹម​នឹង​ការ​ពិនិត្យ​បច្ចេកទេស មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ឱ្យ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​៖ ការ​ដាក់​តាំង​លក់ទំនិញ ​ដែល​មានគុណ​ភាព និង​មិន​មាន​សារធាតុ​គីមី​ហាមឃាត់ ការ​ពិនិត្យ​កាលបរិច្ឆេទ​ផុតកំណត់​លើ​មុខទំនិញ​កំប៉ុង ការ​រក្សា​អនាម័យ​ក្នុង​ទីតាំង​លក់ដូរ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ ។

មន្ត្រី​ជំនាញ​បាន​ដក​យក​គំរូ​ម្ហូបអាហារ​សរុប ​ចំនួន ២២ គំរូ មក​ធ្វើការ​វិភាគ​រកសារ​ធាតុគីមី ដែល​ក្នុង​នោះ​រួម​មាន ​៖ ការ​ពិសោធន៍​លើ​រថយន្ត​ចល័ត (១០ មុខ​) ៖ រួម​មាន ម៉ឹក​ស្រស់​, បង្គា​, ឈាម​ជ្រូក​, ស្ពៃជ្រក់​, សណ្តែកបណ្តុះ​, សាច់​ខ្យង​, ក្រពះ​គោ​, ស្លឹកគ្រៃ​ហាន់ និង​ខ្ញី​ហាន់ ​។

ការ​ពិសោធន៍​នៅ​មន្ទីរពិសោធន៍​សាខា (១២ មុខ​) ៖ រួម​មាន តៅហ៊ូ​, លត​អង្ករ​, ទំពាំង​ជ្រក់​, ស្ករត្នោត​, ត្រីងៀត​, សាច់ក្រក​, អណ្តាត​ជ្រូក​, នំ​ចិន​, មី​ដុំ​លឿង​, ពពុះសណ្តែក​, ទឹកខ្មេះ និង​ក្បាល​ត្រីប្រលាក់​ ។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ពិសោធន៍​យ៉ាង​ម៉ត់ចត់ ក្រុមការងារ​បាន​បញ្ជាក់​ថា ពុំ​មាន​ទំនិញ​ណាមួយ​មាន​ភាព​មិន​អនុលោម ឬ​មាន​សារធាតុ​គីមី​ឡើយ ពោល​គឺ​ទំនិញ​ទាំងអស់​មាន​សុវត្ថិភាព ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ​។

សកម្មភាព​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការ​ធានា​ថា​ម្ហូបអាហារ​នៅ​លើ​ទីផ្សារ​មានគុណ​ភាពល្អ ជៀស​ផុត​ពី​ការ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ