ទីក្រុងកៀវ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ លោកហ្សេឡិនស្គីត្រៀមប្រកាសគម្រោងរៀបចំការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតប្រជាមតិ។ យោងតាមមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងមន្ត្រីរដ្ឋាភិបាលក្រុមប្រទេសនៅអឺរ៉ុបដែលចូលរួមនៅក្នុងការរៀបចំផែនការនោះ លោកហ្សេឡិនស្គីសម្រេចចិត្តដូច្នេះបន្ទាប់ពីទទួលរងសម្ពាធពីរដ្ឋាភិបាលអាមេរិក។ អាមេរិកស្នើសុំឱ្យរៀបចំការបោះឆ្នោតយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភាឆ្នាំនេះ។
នៅអំឡុងពេលប៉ុន្មានខែទៀតនេះ អាមេរិកអាចមានពេលគិតគូរអំពីការរៀបចំបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់ខ្លួន (បោះឆ្នោតសភា)។ លទ្ធផលស្ទង់មតិថ្មីៗនេះបង្ហាញថាគណបក្សប្រជាធិបតេយ្យកំពុងមានសំឡេងនាំមុខបក្សសាធារណរដ្ឋ។ លោកហ្សេឡិនស្គីកាន់តំណែងប្រធានាធិបតីអ៊ុយក្រែនចាប់តាំងពីខែឧសភា ឆ្នាំ២០១៩។ បើសិនគ្មានសង្គ្រាមកើតឡើងទេ លោកត្រូវបញ្ចប់អាណត្តិតាំងពីយូរមកហើយ។
មួយឆ្នាំចុងក្រោយនេះ គោលជំហររបស់លោកហ្សេឡិនស្គីពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនៅពេលកំពុងមានសង្គ្រាមនោះហាក់ដូចជាប្រែប្រួលគួរឱ្យកត់សម្គាល់។ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ លោកបដិសេធគំនិតនេះជាដាច់ខាត។ លោកថានៅអំឡុងពេលដែលប្រទេសជាតិកំពុងកើតមានសង្គ្រាមយ៉ាងដូច្នេះ អ៊ុយក្រែនមិនអាចរៀបចំការបោះឆ្នោតបានឡើយ។
លោកថ្លែងបន្តទៀតថាអ៊ុយក្រែននឹងប្រឈមនឹងបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ និងកម្លាំងពលកម្មក្នុងការរៀបចំការបោះឆ្នោត។ លោកថាការបោះឆ្នោតអាចរៀបចំទៅបានលុះត្រាតែប្រកាសដកចេញនូវច្បាប់អាជ្ញាសឹកជាមុនសិន។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ លោកហ្សេឡិនស្គីចាប់ផ្ដើមឱ្យសញ្ញាថាលោកបើកទូលាយសម្រាប់ការបោះឆ្នោត។ លោកថាអ៊ុយក្រែនត្រៀមខ្លួនរៀបចំការបោះឆ្នោតបើសិនមានបទឈប់បាញ់។
លោកទទួលស្គាល់ថាបើទុកជាមិនស្របនឹងរដ្ឋធម្មនុញ្ញក្ដី បទឈប់បាញ់អាចទុកឱកាសឱ្យមានការបោះឆ្នោត។ ជំហររបស់លោកហ្សេឡិនស្គីកាន់តែប្រែប្រួលបន្ថែមទៀតកាលពីខែធ្នូ ឆ្នាំ២០២៥នៅពេលលោកប្រកាសយ៉ាងឱឡារិកថាលោកត្រៀមខ្លួនរៀបចំការបោះឆ្នោត។ លោកថាអ៊ុយក្រែនអាចរៀបចំការបោះឆ្នោតនៅក្នុងរយៈពេលពី៦០ទៅ៩០ថ្ងៃទៀតបើអាមេរិក និងអឺរ៉ុបជួយធានាសន្តិសុខ។
អ្នកនយោបាយអ៊ុយក្រែនភាគច្រើនមិនគាំទ្រការបោះឆ្នោតនៅក្នុងស្ថានភាពដែលប្រទេសជាតិមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាព និងការធានាសន្តិសុខឱ្យបានរឹងមាំជាមុននោះទេ។ ពួកគេព្រមានថាការបោះឆ្នោតទាំងប្រញាប់ប្រញាល់ពេកអាចធ្វើឱ្យមានការបែកបាក់នៅក្នុងចំណោមអ្នកនយោបាយ។ អភិបាលក្រុងកៀវយល់ថាការប្រកួតប្រជែងនយោបាយនៅពេលស្រុកមានសង្គ្រាមមិនល្អទាល់តែសោះ។
ការប្រជែងគ្នាអាចនឹងបំផ្លាញជាតិខ្លួនឯងពីខាងក្នុងតែម្ដង។ នេះជាអ្វីដែលរុស្ស៊ីចង់បាន។ យោងតាមមន្ត្រីដែលស្និទ្ធនឹងលោកហ្សេឡិនស្គី លោកជឿជាក់ថាឱកាសដែលល្អបំផុតគឺត្រូវរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំនេះ។ ជាពិសេសបើសិនការបោះឆ្នោតប្រធានាធិបតីរៀបចំដំណាលគ្នានឹងការបោះឆ្នោតប្រជាមតិគឺល្អបំផុត៕ ប្រភព៖ Financial Times និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ