ប្រទេសកាណាដា ៖ ការបាញ់ប្រហារមួយកើតមានកាលពីថ្ងៃទី១០ កុម្ភៈ ក្នុងសាលារៀនមួយ និងក្នុងផ្ទះមួយនៅក្បែរ បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ក្នុងតំបន់ដាច់ស្រយាលមួយនាភាគខាងលិចកាណាដា ។ នេះជាការគូសបញ្ចាក់របស់ប៉ូលិសដែលអះអាងថា ខ្មាន់កាំភ្លើងស្ថិតក្នុងចំណោមអ្នកស្លាប់ ។
ជនរងគ្រោះភាគច្រើនត្រូវបាញ់សម្លាប់ក្នុងសាលារៀនហើយខ្មាន់កាំភ្លើងប្រហែលជាបាញ់សម្លាប់ខ្លួនឯង ។ ការបាញ់ប្រហារប្រកបដោយសោកនាដកម្មនោះកើតមាននៅទីក្រុងTUMBLE RIDGE ជាទីក្រុងតូចមួយមានប្រជាជន២៣០០នាក់ ស្ថិតនៅជើងភ្នំMONTAGNES -ROCHEUSES ។
ក្រៅពីមនុស្សស្លាប់មនុស្សសរុប២៧នាក់រងរបួសក្នុងនោះ២នាក់របួសធ្ងន់ និង២៥នាក់របួសស្រាល។ តាមសារព័ត៌មានកាណាដាជាច្រើនថា ខ្មាន់កាំភ្លើ្លងជានារីម្នាក់តែក្នុងពេលភ្លាមៗក្នុងសន្នីសីទសារព័ត៌មានមួយ ប៉ូលិសមិនផ្ដល់ភាពលម្អិតលើអត្តសញ្ញាណជនសង្ស័យឡើយ។
តាមសេចក្ដីថ្លែងការណ៍ដំបូងនានារបស់ប៉ូលិសថា ប៉ូលិសទទួលសេចក្ដីរាយការណ៍នាដើមរសៀលថ្ងៃនោះ ទាក់ទិននឹងខ្មាន់កាំភ្លើងសកម្មម្នាក់នៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យក្រុងTUMBLE RIDGE។ ពេលលើកមកដល់កងកម្លាំងប៉ូលិសពិនិត្យក្នុងសាលា រកឃើញមនុស្ស៦នាក់ត្រូវបាញ់សម្លាប់ដោយមិនរាប់ខ្មាន់កាំភ្លើងផងទេ។
មនុស្សទី៧ដែលត្រូវគ្រាប់កាំភ្លើងបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់មកទៀតប៉ូលិសបានទៅកាន់កន្លែងមានការបាញ់ប្រហារនៅក្បែរសាលានោះ ហើយរកឃើញមនុស្ស២នាក់ទៀតស្លាប់ក្នុងផ្ទះមួយ។ ចំណែកជនសង្ស័យវិញស្លាប់ក្រោយរបួសធ្ងន់ដោយសារការបាញ់សម្លាប់ខ្លួនឯង។
ការបាញ់ប្រហារពិតជាកម្រមានណាស់នៅកាណាដាខុសពីនៅអាមេរិក តែការបាញ់ប្រហារនៅនេះគឹជាលើកទី២ អំឡុងពេលមិនដល់១ឆ្នាំផងនៃការសម្លាប់មនុស្ស ។ កាលពីខែមេសាឆ្នាំ២០២៥មនុស្ស១១នាក់បានត្រូវស្លាប់នៅក្រុងវ៉ានគូវ័រ ដោយបុរសម្នាក់បានបើករថយន្តកាំមីញ៉ុងរបស់គេបុករះមនុស្សម្នាដែលមកចូលរួមក្នុងពិធីបុណ្យវប្បធម៌ហ្វ៊ីលីពីនមួយ។
ក្នុងសារមួយតាមបណ្ដាញសង្គមX នាយករដ្ឋមន្ត្រីកាណាដាលោកម៉ាក់កាណីនិយាយថាលោកមានការរញ្ជួយចិត្តយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារដ៏សែនទារុណនោះ។ លោកថា លោកសម្ដែងនូវការចូលរួមមរណទុក្ខ ជាមួយគ្រួសារជនរងគ្រោះនិងពលរដ្ឋកាណាដា៕
ចែករំលែកព័តមាននេះ