រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឲ្យដឹងថា គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ ។
ការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ មានរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និងមិនទាន់មានការប្រកាសអាសន្ននៅឡើយ ។ អ្នកនាំពាក្យបានលើកឡើងថា គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។ និយាយជារួម ការធ្លាក់ចុះនៃគុណភាពខ្យល់ មិនមែននៅនៅទូទាំងប្រទេស ដូចការផ្សព្វផ្សាយពីបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួននោះទេ ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ គិតចាប់ពីម៉ោង១ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ គុណភាពខ្យល់មានការប្រែប្រួលខ្លាំង ដែលក្នុងនោះ កំហាប់ភាគល្អិតនិចលកើតមានចន្លោះពី៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់(µg/m3) ទៅ១០០µg/m3 ប៉ុន្តែមានតែចំណុចក្នុងភូមិសាស្ត្រក្បែរតំបន់វត្តឧណ្ណាលោម រាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹកប៉ុណ្ណោះ ដែលកំហាប់ភាល្អិតមានការកើនឡើង ហើយបានធ្លាក់ចុះយ៉ាងឆាប់មកជាល្អធម្មតាវិញ (រូបភាពក្រាហ្វិក) ។ ដូចគ្នាដែរ នៅតាមបណ្តាខេត្ត មានការគាត់សំគាល់ពីការប្រែប្រួលគុណភាពខ្យល់នៅកន្លែងខ្លះ ប៉ុន្តែមិនមានន័យថានៅទូទាំងខេត្តនោះទេ គឺនៅកន្លែងដែលអាចមានការឆេះ និងការដុតជាដើម ។
សូមបញ្ជាក់ថា ការផ្សាយរបស់ព័ត៌មានអន្តរជាតិមួយចំនួនជារឿយៗបង្ហាញពីការព្រួយបារម្ភ អំពីគុណភាពខ្យល់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដោយផ្តោតលើកំហាប់ភាគល្អិត PM2.5 កើនឡើង ដែលបានឆ្លុះបញ្ចាំងលើស្តង់ដាគុណភាពខ្យល់ជាតិ នៃប្រទេសនីមួយ ដែលបានកំណត់យក ស្របតាមបទដ្ឋាននៃប្រទេស និងការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ។
យ៉ាងណាក៏ដោយ កម្ពុជាបានពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងផ្សព្វផ្សាយទិន្នន័យជាក់ស្តែង (Real-time data) ជាប្រចាំ ដើម្បីគ្រប់គ្រង និងធានាគុណភាពខ្យល់ តាមប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ចំនួន៥៩កន្លែងនៅទូទាំងប្រទេស រួមជាមួយស្ថានីយផ្កាយរណបចំនួន១គ្រឿង និងរថយន្តចល័តចំនួន៣គ្រឿង ដើម្បីតាមដានកំហាប់ភាគល្អិត PM2.5 ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន (Real time) បានជ្រាប ។ ការផ្សព្វផ្សាយជាសាធារណៈមានបង្ហាញ ទិន្នន័យគុណភាពខ្យល់ និងវិធានការការពារសុខភាព ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យសាធារណជន តាមដានព័ត៌មានស្តីពៅគុណភាពខ្យល់ជាផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយនិងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS បានក្រប់ពេលវេលា ។
ព័ត៌មានគុណភាពខ្យល់ មានផ្សាយតាមបណ្តាយផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន: Ministry of Environment និងបណ្តាញផ្សព្វផ្សាយមួយចំនួនថែមទៀត។ ជាមួយគ្នានេះក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការផ្សព្វផ្សាយជាប្រចាំ និងអនុវត្តវិធានការទប់ស្កាត់ការបំពុល រួមមានការកាប់រុករានដី ឆ្ការដុតព្រៃ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង និងសំរាមសំណល់ប្លាស្ទិកជាដើម ។
ចែករំលែកព័តមាននេះ