ការសិក្សាស្រាវជ្រាវអំពីជីវៈចម្រុះ ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្ត ដែលអនុវត្តនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ក្នុងឧទ្យានជាតិវីរៈជ័យបានបង្ហាញថា តំបន់អភិរក្សដ៏សំខាន់មួយនេះនៅតែជាទីជម្រកសម្រាប់ប្រភេទសត្វព្រៃកម្រជាច្រើន ។
ការស្រាវជ្រាវនេះធ្វើឡើង ក្រោមកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ។ លទ្ធផលបានកត់ត្រាប្រភេទសត្វសរុប ចំនួន៤២ប្រភេទ រួមមាន ថនិកសត្វ៣២ប្រភេទ បក្សី៩ប្រភេទ និងពួកល្មួន១ប្រភេទ ។
ក្នុងចំណោមប្រភេទសត្វ ដែលបានកត់ត្រា មានសត្វ២ប្រភេទ ស្ថិតក្នុងកម្រិតជិតផុតពូជបំផុត ខណៈ៥ប្រភេទស្ថិតក្នុងកម្រិតជិតផុតពូជ និង១៣ប្រភេទទៀត ស្ថិតក្នុងកម្រិតងាយរងគ្រោះ ។ ការថតវីដេអូដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក៏បានចាប់បានរូបភាពហ្វូងដំរីអាស៊ីផងដែរ ដែលជាសក្ខីភាពបញ្ជាក់ថា ឧទ្យានជាតិវីរៈជ័យ នៅតែមានសមត្ថភាពផ្តល់ទីជម្រកធម្មជាតិដល់សត្វព្រៃធំៗបានល្អ ។
ប្រភេទសត្វកម្រសំខាន់ៗដែលបានរកឃើញ រួមមាន ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងជាសត្វមានតម្លៃខ្ពស់សម្រាប់ការអភិរក្ស។
គោលបំណងសំខាន់នៃការសិក្សានេះ គឺដើម្បីពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗក្នុងឧទ្យានជាតិវីរៈជ័យ តាមរយៈការយល់ដឹងកាន់តែច្បាស់ពីស្ថានភាពជីវៈចម្រុះ និងតម្រូវការរបស់សហគមន៍មូលដ្ឋាន។ លទ្ធផលស្រាវជ្រាវនឹងជួយដល់ការរៀបចំផែនការការពារសត្វព្រៃ និងការគ្រប់គ្រងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។






ចែករំលែកព័តមាននេះ