ប្រទេសវៀតណាម ៖ កាសែតរបស់ប្រទេសថៃបានរាយការណ៍ថា ប្រធានបទ ឬចំណងជើងចេញផ្សាយថា «ប្រទេសវៀតណាមមានឱកាសវ៉ាដាច់ប្រទេសថៃ» កំពុងតែក្លាយជារឿងធម្មតាកាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ ខណៈដែលប្រជាជនថៃមួយចំនួនហាក់លែងប្រកែក ឬបង្ហាញការមិនពេញចិត្ត នៅពេលប្រធានបទនេះ ត្រូវបានលើកឡើង។ នេះបើតាមប្រភពពីសារព័ត៌មានវៀតណាម Znews (ZingNews) ចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ខណៈពេលដែលចំណងជើងដូចជា «ប្រទេសវៀតណាមហៀបនឹងវ៉ាដាច់ប្រទេសថៃ» បន្តលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនោះ ប្រតិកម្មរបស់ប្រជាជនថៃកំពុងតែផ្លាស់ប្តូរបន្តិចម្តងៗពីការប្រកែកទៅជាភាពស្ងប់ស្ងាត់ ដែលហាក់ដូចជាទទួលស្គាល់ថាវៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសក្តានុពលវ៉ាដាច់ប្រទេសកំណើតរបស់ពួកគេ។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation និងត្រូវបានដកស្រង់មកផ្សាយដោយសារព័ត៌មាន Znews (ZingNews) ។
ប្រហែល ៣ ឆ្នាំមុន ចំណងជើងដូចខាងលើ នៅតែបង្កការថប់បារម្ភ និងបង្កើតការជជែកវែកញែកបែកផ្សែងជាច្រើនក្នុងចំណោមអ្នកអានថៃ។ ទោះយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ការបញ្ចេញមតិយោបល់ (Comment) របស់និយមលេងបណ្តាញសង្គមថៃ ក្រោមបណ្តាអត្ថបទពាក់ព័ន្ធប្រធានបទនេះ កាន់តែបង្ហាញពីការគាំទ្រចំពោះវៀតណាមទៅវិញ ដូចជា ប្រទេសវៀតណាមពិតជានឹងវ៉ាដាច់ប្រទេសថៃ ឬសូម្បីតែជំរុញវៀតណាមឱ្យសម្រេចគោលដៅនេះ តាមរយៈការសរសេរថា «Go Vietnam!»។
ការផ្លាស់ប្តូរនេះលើកឡើងនូវសំណួរថា តើពេលណាដែលប្រជាជនថៃចាប់ផ្តើមបាត់បង់ជំនឿលើសមត្ថភាពសេដ្ឋកិច្ចប្រទេសរបស់ពួកគេ ជាពិសេសពិចារណាអំពីរឿងរ៉ាវកើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ នៅពេលដែលប្រទេសថៃបានប្រៀបធៀបខ្លួនទៅនឹងទីក្រុងហុងកុង ប្រទេសសិង្ហបុរី កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ជាដើម។
បច្ចុប្បន្នប្រទេសវៀតណាម កំពុងបង្ហាញពីការសម្រេចផ្លែផ្កានៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន តាមរយៈការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏សំខាន់ បន្ទាប់ពីការកែទម្រង់ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៨៦។ ការផ្លាស់ប្តូរនេះ ត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរដ៏ស៊ីជម្រៅ និងទូលំទូលាយ។ លើសពីនេះទៀត ភាពជោគជ័យគួរឱ្យកត់សម្គាល់របស់ប្រទេសវៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធិភាព។
កាសែតថៃ The Nation បានវិភាគភាពជោគជ័យរបស់ប្រទេសវៀតណាម ដោយសន្មតថាមកពីកត្តាសំខាន់ៗចំនួន ៣ រួមមាន កត្តាផលិតកម្ម រចនាសម្ព័ន្ធផលិតកម្ម និងទំហំនៃផលិតកម្ម។ កាសែតថៃបានកត់សម្គាល់ថា វៀតណាមបានវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីភ្ជាប់តំបន់ជនបទជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍។
ជាក់ស្តែង នៅឆ្នាំ ២០១៨ អត្រាការទទួលបានអគ្គិសនីប្រើប្រាស់នៅតាមតំបន់ជនបទនៅក្នុងប្រទេសវៀតណាមបានឈានដល់ ៩៩,៩% និងការធ្វើវិមជ្ឈការនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល ដោយផ្តល់សិទ្ធិអំណាចដល់ស្ថាប័នមូលដ្ឋានគ្រប់គ្រងថវិកាដើម្បីបំពេញមុខងាររបស់ខ្លួន៕

ចែករំលែកព័តមាននេះ