រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សកម្មភាពរំលោភបំពានទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ ពីសំណាក់កងទាហានថៃ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺយ៉ាងទូលំទូលាយ ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ហើយដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែយោធាថៃព័ទ្ធរបងលួស ឬទូរកុងតឺន័រ ដើម្បីរារាំងឃាំងដំណើររបស់ពួកគេ នោះមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានា ដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈ និងស្មារតី ។
ឯកឧត្តមបានលើកឡើងថា ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញទៅដល់មណ្ឌលជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យនិងបានសម្តែងក្តីអាណិតអាសូរចំពោះពលរដ្ឋភៀសសឹក ហើយបានផ្តល់ការគាំទ្រ និងការលើកទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្រាប់បងប្អូនជនភៀសសឹកថា ពួកគេមិននៅឯកាទេ ពោល គឺសហភាពអឺរ៉ុបនៅជាមួយ និងជួយគាំទ្រពួកគេជានិច្ច ។ នេះជាសារដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក៏ដូចជា ប្រទេសកម្ពុជាទាំងមូលនិយាយជារួម ។ អ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«វត្តមាននៃបណ្តាអង្គទូតនានាប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិ និងអ្នកសារព័ត៌មានបរទេស រួមទាំងអ្នកសង្កេតការណ៍អាស៊ាន (AOT)ផង ដែលបានទៅឃើញស្ថានភាពជាក់ស្តែងនៅតាមព្រំដែនក៏ដូចជាស្ថានភាពប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាសាក្សីផ្ទាល់ភ្នែក ដែលបានដឹងលឺ និងកត់ត្រាអំពីការពិតដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ដូច្នេះ សកម្មភាពរំលោភបំពាន ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិពីសំណាក់កងទាហានថៃ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺយ៉ាងទូលំទូលាយ ។
សូមរម្លឹកជូនថា បណ្តាប្រទេសជាមិត្តទាំងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ បានជួយជ្រោមជ្រែងកម្ពុជាតាំងពីការចាប់ផ្តើមដំបូងនៃសង្គ្រាមទន្ទ្រានឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ កាលពីខែកក្កដា ឆ្នាំ ២០២៥ មកម្ល៉ះ ។ ជាក់ស្តែង បទឈប់បាញ់ទាំងពីរលើក គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជា សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សុទ្ធតែកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពេញទំហឹងពីបណ្តាប្រទេសជាមិត្ត ជាពិសេសសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុ ងនាមប្រធានប្តូរវេនអាស៊ាន ។
កិច្ចព្រមព្រៀងទាំងនេះ ក៏បានទទួលការសាទរពីបណ្តាប្រទេសជាមិត្តគ្រប់ទិសទី ដោយពួកគេបាន និងកំពុងបន្តជំរុញឱ្យភាគីទាំងពីរគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងចៀសវាងដាច់ខាតការប្រើកម្លាំង ។ ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋភៀសសឹក និយាយដោយឡែក និងប្រទេសកម្ពុជាទាំងមូល និយាយជារួមកំពុងស្ថិតក្នុងក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍តំបន់ និងអន្តរជាតិ ពីព្រោះការទន្ទ្រានកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយកម្លាំងយោធា ត្រូវបានហាមប្រាមដោយធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ។ ដូច្នេះ ទាំងសមាគមអាស៊ាន និងសហគមន៍អន្តរជាតិមិនអាចឈរឱបដៃមើលការរំលោភបំពានបែបនេះឡើយ ។
ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា នៅឯកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានជម្រាបជូនប្រមុខការទូតអាស៊ានរួចហើយថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមាន ចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យនិងបូរណភាពទឹកដី។
ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកជាច្រើននៅតែមិនអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាចចូលបានដោយមានរបាំងរារាំងនិងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើឬបំផ្លាញ។ កុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។
ថ្នាក់ដឹកនាំអាស៊ានក៏បានដឹងលឺអំពីបញ្ហានេះ ខណៈដែលហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ក៏បានបញ្ជាក់ពីអាទិភាពនៃការបន្តតាមដាន និងសម្របសម្រួល ដើម្បីឱ្យការអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយពេញលេញ និងមានប្រសិទ្ធភាព ហើយហ្វីលីពីនក៏ទទួលយកតួនាទីជាប្រធានអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី ។ នេះសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តក្នុងតំបន់ និងសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា និងគាំទ្រជម្រើសរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ៕
ចែករំលែកព័តមាននេះ