ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនជួបប្រទះការធ្លាក់ព្រិលដ៏ខ្លាំងនាដើមឆ្នាំនេះ ដែលមកទល់ពេលនេះបណ្ដាលឲ្យមនុស្សស្លាប់៤៦នាក់រួចហើយ ចំណែកមនុស្សយ៉ាងតិច៥៥៨នាក់រងរបួស។ នេះបើតាមតុល្យការថ្មីរបស់ទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យនិងគ្រោះមហន្តរាយជប៉ុនចេញផ្សាយនាថ្ងៃទី១០កុម្ភៈ។

ការធ្លាក់ព្រិលខ្លាំងដែលនៅបន្តពីថ្ងៃទី២០មករាមក កើតមានជាពិសេសនៅភាគខាងជើងប្រទេស ដោយបង្កឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវថ្នល់ទាំងឡាយ ពិសេសតាមបណ្ដោយឆ្នេរសមុទ្រជប៉ុន។ នៅខេត្តអាអូម៉ូរីប្រជាជនប្រឈមមុខនឹងព្រិលធ្លាក់ដល់កម្ព្ស់១,៣ម៉ែត្រ នៅលើដី។ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុ់ន។

ឧប្បត្តិហេតុជាច្រើនប៉ះពាល់ដលអាយុជីវិតមនុស្សគឹការធ្លាក់ផ្ទាំងព្រិលពីដំបូលផ្ទះ ឬការធ្លាក់មនុស្សពីលើដំបូលពេលប៉ុនប៉ងឡើងទៅចូកព្រិលចេញ។ កាលពីដំណាច់ខែមករាសពលោកយាយម្នាក់អាយុ៩១ឆ្នាំត្រូវរកឃើញ្កប់ក្នុងគំនរព្រិល៣ម៉ែត្រ នៅមុខផ្ទះរបស់គាត់ ក្នុងខេត្តអាអូម៉ូរី ។ ប៉ូលិសយល់ថាគឺព្រិលដែលធ្លាក់ពីលើដំបូលផ្ទះកប់គាត់។

នាដើមខែកុម្ភៈរដ្ឋាភិបាលជប៉ុនបានដាក់ពង្រាយកងទាហាន ជួយប្រជាជននៅខេត្តនោះ ដែលរងការប៉ះពាល់ខ្លាំងជាងគេ។ ក្នុងខេត្តនេះនៅលើដីនៃតំបន់ដាច់ស្រយាលគំនរព្រិលមានកម្រាស់ដល់៤,៥ម៉ែត្រ៕
ចែករំលែកព័តមាននេះ