ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារកុំឱ្យបាត់បង់ក្បាច់ចម្លាក់ ៖ ក្រុមអភិរក្សថ្ម បន្តបេសកកម្មជួសជុលជើងសសរ និងព្រះពុទ្ធរូប

3 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា តាម​រយៈ​ក្រុម​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា កំពុង​ជួសជុល​ពង្រឹង​ថ្ម​នៅ​បណ្ណាល័យ​ខាងជើង នៃ​ជាន់​ទី​២​ប្រាសាទអង្គរវត្ត ខណៈ​ដែល​ថ្ម​ទាំងនោះ​មានការ​ពុក​ផុយ ប្រេះ​បែក ដោយសារ​កត្តា​ធម្មជាតិ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា តាម​រយៈ​ក្រុម​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា កំពុង​ជួសជុល​ពង្រឹង​ថ្ម​នៅ​បណ្ណាល័យ​ខាងជើង នៃ​ជាន់​ទី​២​ប្រាសាទអង្គរវត្ត ខណៈ​ដែល​ថ្ម​ទាំងនោះ​មានការ​ពុក​ផុយ ប្រេះ​បែក ដោយសារ​កត្តា​ធម្មជាតិ និង​អាយុកាល ។ នេះ​បើ​យោង​តាម ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ថ្ងៃ​ទី​១០​ខែកុម្ភៈ ឆ្នាំ​២០២៦ ។

លោក សយ សុភា​រិ​ន្ទ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ការ​ជួសជុល​ថ្ម​នេះ ផ្តោត​លើ​ការ​ទប់ស្កាត់​កុំឱ្យ​ថ្ម​បន្ត​ពុក​ផុយ​បែក ឬ​ប្រេះ​បន្ត​ទៀត​ដែល​អាច​ប៉ះពាល់ ឬ​ធ្វើ​ឱ្យ​បាត់បង់​រូបរាង ក្បាច់ ចម្លាក់ ពិសេស​រូប​អប្សរា ប្រសិនបើ​ពុំ​មានការ​ព្យាបាល​បាន​ទាន់​ពេលវេលា​នោះ​ទេ ។

អ្នកជំនាញ​បន្ត​ថា ចំណុច​ដែល​ត្រូវ​ជួសជុល​រួម​មាន ធ្នឹម​ដំបូល ធ្នឹម​សសរ ស៊ុមទ្វារ ជញ្ជាំង និង​កម្រាល​ថ្ម​ដែល​មាន​ប្រហោង កន្លែង​ខ្លះ ត្រូវ​បាន​បិទ​ភ្ជិត​ដោយ​បាយអ​ដើម្បី​ការពារ​ជម្រាប​ទឹក​។

ការ​ខូ​ត​ខាត​នៃ​ថ្ម​ប្រាសាទបុរាណ តួយ៉ាង​នៅ​ប្រាសាទអង្គរវត្ត​ជាដើម មាន​កត្តា​ចម្បង​ៗ​មួយ​ចំនួន​រួម​មាន កត្តា​ធម្មជាតិ អាយុកាល​នៃ​ថ្ម ដែល​ធ្វើ​ឱ្យ​ថ្ម​ពុក​ផុយ ផ្ទាត់ របេះ ឬ​ប្រេះ​ជាដើម ។ ដើម្បី​ជួសជុល អភិរក្ស និង​ទប់ស្កាត់​ការ​ខូចខាត​ទាំងនេះ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្យាបាល​ដោយ​ដំបូង​ត្រូវ​ដក​ជាតិ​អំបិល ឬ​ជាតិ​អាស៊ីត បន្ទាប់​មក​ពង្រឹង​សាច់​ថ្ម​ដើម្បី​ឱ្យ​វា​មាន​ភាពរឹងមាំ​ឡើង​វិញ និង​បិទ​បាយអ​តាម​ស្នាម​ប្រេះ ការពារ​កុំឱ្យ​ទឹកភ្លៀង​ជ្រាប​ចូល​។

បើ​តាម​ការ​បញ្ជាក់​ថា​ពី​លោក សយ សុភា​រិ​ន្ទ កន្លង​មក​ក្រុមការងារ​របស់​លោក​ធ្លាប់​ព្យាបាល និង​អភិរក្ស​ថ្ម​មួយ​ចំនួន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ដូច​ជា ជួសជុល​ជើង​សសរ​ពុក​ផុយ​ចំនួន ១០​ដើម និង​ព្រះ​ពុទ្ធរូប​ទាំង​បួន​អង្គ នៅ​ជាន់​បាកាន ជួសជុល​ជើង​សសរ​នៅ​ជាន់​ព្រះ​ពាន់​ជាង ៣០ និង​ជួសជុល​ចម្រឹង​បង្អួច​មួយ​ចំនួន​នៅ​ជិត​លោកតា​រាជ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ