រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លាប្រមាណ ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លាគ្មានការចម្លងជំងឺគ្រុនឈាម។
លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើន មូសក្នុងសហគមន៍ ។ ក្នុងនាមរដ្ឋបាលរាជធានី សូមជម្រាបជូនសាធារណជន ជ្រាបថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈជូនបងប្អូនពិតមែន ប៉ុន្តែឯកឧត្តម ឃួង ស្រេងអភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារ សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។
លោកស្រីដោ សម្ផស្សបន្តថា៖ ត្បិតយើងមិនបានផ្សព្វផ្សាយទូលំទូលាយយ៉ាងណា ក្តី ប៉ុន្តែក្រុមការងាររបស់រដ្ឋបាលខណ្ឌទាំង១៤ និង មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំ មូសជាប់ជាប្រចាំនៅតាមភូមិ សហគមន៍ សាលារៀនមន្ទីរពេទ្យវត្តអារាម និងតំបន់នានាក្នុង មូលដ្ឋាន ជារៀងល្ងាច។ យើងនឹងបន្តចុះបាញ់ថ្នាំមូសនៅតាមមូលដ្ឋាន ជាបន្តបន្ទាប់ទូទាំង រាជធានីភ្នំពេញទាំងមូល ។
សុខុមាលភាពរបស់ប្រជាជន ការងារសណ្តាប់ធ្នាប់ ការងារបង្ក្រាបបទល្មើសផ្សេងៗ ការងារការពារ សន្តិសុខសាធារណៈ និងកិច្ចការស្នូលជាច្រើនទៀតផ្សេង ៗ គឺជាភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋានដោយ មិនគិតថ្ងៃយប់ឡើយ ។
ជាមួយគ្នានេះលោកស្រីដោ សម្ផស្ស សូមសំណូមពរ បងប្អូនប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លាប្រមាណ ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ។ គ្មានជម្រកមូសខ្លាគ្មានការចម្លងជំងឺគ្រុនឈាម។
កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍ ៕











ចែករំលែកព័តមាននេះ