រាជធានីភ្នំពេញ ៖ អ្នកជំនាញការជាតិ និងអន្តរជាតិ បានជួបជុំគ្នា នៅសណ្ឋាគាររ៉ាហ្វលឡឺ រ៉ូយាល់ភ្នំពេញ នាព្រឹកថ្ចៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីចូលរួមក្នុងសិក្ខាសាលាស្តីពី «ការពិគ្រោះ យោបល់ផ្នែកច្បាប់ នៃដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រ អាវុធមហាប្រល័យ» ដែលបាននិងកំពុងប្រព្រឹត្តទៅ ដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រ អាវុធមហាប្រល័យ ។
សិក្ខាសាលានេះ នឹងដំណើរការក្នុងរយៈពេលបីថ្ងៃ ត្រូវបានសហការរៀបចំដោយកម្មវិធីត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែន (EXPORT CONTROL AND BORDER SECURITY-EXBS) នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ប្រចាំតំបន់ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ហើយនេះ គឺជាសិក្ខាសាលាលើកទី២ ដែលបន្តពីសិក្ខាសាលាដំបូង ដែលត្រូវបានធ្វើឡើងកាល ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ ។
នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះថា គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចការដ៏សំខាន់មួយសម្រាប់កម្ពុជា។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបង្ហាញពីភាព ជាដៃគូរវាងព្រះរាជាណាចក្រកម្ពុជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចការរំសាយអាវុធ និងដៃគូក្នុងតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាលានុវត្តភាពឈ្នះ-ឈ្នះ សម្រាប់យើងទាំងអស់គ្នាផងដែរ។ ដើម្បីអនុវត្តកិច្ចការនេះ កម្ពុជាកំពុងចាប់យកកាលានុវត្តភាពនេះ ដើម្បីពិនិត្យ និងពង្រឹងក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន និងសម្របខ្លួនរបស់យើងទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ ។
នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានចាត់ទុកឱកាសនេះថា ជាការចាប់ផ្តើមទំព័រសករាជថ្មី សម្រាប់កម្ពុជា និងដៃគូរបស់ខ្លួន ដែលត្រូវបានកំណត់តាមរយៈ ភាពជាដៃគូ ភាពធន់ និងចក្ខុវិស័យ។ ដោយអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ កម្ពុជានឹងធានាថា វឌ្ឍនភាពសេដ្ឋកិច្ចនឹងមិនអាចបំបែកចេញបានពីការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធមហាប្រល័យ និងគ្រឿងសព្វាវុធពាក់ព័ន្ធ ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិសុខក្នុងតំបន់ និងជាដៃគូអាចទុកចិត្តបាននៅក្នុងសហគមន៍ពិភពលោកនោះឡើយ ៕





ចែករំលែកព័តមាននេះ