ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ ៥​ទីតាំង​ អាជីវកម្ម​ប្រមូល​ទិញ​ជ័រកៅស៊ូ​បង្កក ​​​បំពុល​បរិស្ថាន​ និ​ង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋនៅ​​ខេត្ត​ត្បូងឃ្មុំ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​៦-៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ដឹកនាំ​ដោយ​លោក ចាប…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​៦-៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ដឹកនាំ​ដោយ​លោក ចាប យុ​ធី អនុប្រធាន​នាយកដ្ឋាន ដោយ​មានការ​ចូលរួម​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​ស្រុក​មេមត់ និង​អាជ្ញាធរ​ឃុំ​មេមត់ បាន​ចុះ​ត្រួតពិនិត្យ​ និងបាន​រក​ឃើញ​បញ្ហា​បំពុលបរិស្ថាន និង​ចំណុច​ខ្វះខាតរ​បស់ទីតាំង​អាជីវកម្ម​ក្រុមហ៊ុន​ប្រមូល​ទិញ​ជ័រកៅស៊ូ​បង្កក ​ទាំង​៥​ទីតាំង នៅ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​បង្ក​បញ្ហា​ក្លិន​អាក្រក់ ចេញពី​កន្លែង​ជ័រកៅស៊ូ​បង្កក និង​ពីរ​ណ្តៅ​ស្តុក​សំណល់​រាវ (​ទឹក​លាង​សម្អាត​ក្នុង​ទីតាំង​ស្តុក​)​។ ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា ​ក្រុមហ៊ុន​ទាំង​អស់នោះ បាន​គ្រប់គ្រង​សំណល់​រាវ មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ច្បាប់ (​ពុំ​មាន​អាង​សម្អាត​) ដោយ​ទីតាំង​នីមួយ​ៗ គ្រាន់តែ​មាន​រណ្តៅ​ដី​សម្រាប់​ស្តុក​ទឹក​សំណល់​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ទីតាំង​អាជីវកម្ម​ទាំងនោះ បាន​ដំណើរការ​ដោយ​ក​គ្មាន​កិច្ចសន្យា​ការពារ​បរិស្ថាន​ផង​ដែរ ​។

ដើម្បី​ទប់ស្កាត់​បញ្ហា​បំពុលបរិស្ថាន ​ជា​បន្ត​ទៀត ក្រុមការងារ​ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ច្បាប់ ដោយ​តម្រូវ​ឱ្យ​ទីតាំង​អាជីវកម្ម​ទាំងនោះ​-​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្តោះអាសន្ន រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី​ពី​ក្រសួងបរិស្ថាន​។ បន្ទាប់​មក ​ក្រុមហ៊ុន​អាជីវកម្ម​ទាំងនោះ ត្រូវ​ទទួល​រង​ពិន័យ​អន្តរការណ៍ អនុលោម​មាត្រា​៨២៦ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ការ​បង្ក​បញ្ហា​ក្លិនស្អុយ និង​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ (​អនុលោម​មាត្រា​១៦១​នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​) និង​បាន​បញ្ចេញ​សំណល់​រាវ​មិន​ត្រឹមត្រូវ (​អនុលោម​មាត្រា​១៥៦ មាត្រា​២៨៧ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ឧ​ប​សម្ព័ន្ធ “​ស្តង់ដារ​” នៃ​អនុក្រឹត្យ​លេខ​១០៣)​។ លើស​ពី​នេះ​ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់នោះ បាន​បើក​ដំណើរការ ពុំ​មាន​កិច្ចសន្យា​ការពារ​បរិស្ថាន គឺ​ល្មើស​មាត្រា​៦៦៨​នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ និង​អនុក្រឹត្យ​លេខ​៧២​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​នីមួយ​ៗ អនុវត្ត​វិធានការ​កែប្រែ ដោយ​តម្រូវ​ឱ្យ​រៀ​ចំ​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ ដោយ​ត្រូវ​អនុលោម​តាម​គោលការណ៍​បច្ចេកទេស និង​មាត្រា​២៨៧ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ដើម្បី​កាត់​បន្ថយ​បញ្ហា​ក្លិនស្អុយ និង​ទប់ស្កាត់​ការ​បំពុល​ទឹក​សាធារណៈ ឲ្យ​បាន​រួចរាល់ ក្នុង​រយៈពេល​៣​ខែ​។ លើស​ពី​នេះ ម្ចាស់​ទីតាំង​នីមួយ​ៗ ត្រូវ​រៀបចំ​កិច្ចសន្យា​ការពារ​បរិស្ថាន រួច​ត្រូវ​ដាក់​ជូន​ក្រសួងបរិស្ថាន ដើម្បី​ធ្វើការ​ពិនិត្យ និង​អនុម័ត ដោយ​អនុលោម​តាម​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​៣​ខែ​ ។

សូម​បញ្ជាក់​ថា ទី​តាំ​អ​អាជីវកម្ម​ប្រមូល​ទិញ​ជ័រកៅស៊ូ​បង្កក​ទាំង​៥​រួម​មាន ទីតាំង​ទី​១.​ស្ថិត​នៅ​ភូមិ​សង្គម​មាន​ជ័យ ឃុំ​មេមត់ ស្រុក​មេមត់ ទីតាំង​ទី​២.​ស្ថិត​នៅ​ភូមិ​ជាំ​ម្អោ​រ ឃុំ​មេមត់ ស្រុក​មេមត់ ទីតាំង​ទី​៣.​ស្ថិត​នៅ​ភូមិ​ជាំ​ម្អោ​រ ឃុំ​មេមត់ ស្រុក​មេមត់ ទីតាំង​ទី​៤.​ស្ថិត​នៅ​ភូមិ​សង្គម​មាន​ជ័យ ឃុំ​មេមត់ ស្រុក​មេមត់ ទីតាំង​ទី​៥.​ស្ថិត​ភូមិ​ដក់​ព័រ ឃុំ​ទ្រៀក ស្រុក​មេមត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ