ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធបរិស័ទ​ប្រារព្ធ​ខួប៥៦​ឆ្នាំ នៃ​ការ​បកប្រែ​គម្ពីរ​ព្រះ​ត្រៃ​បិដក​ខ្មែរ សូធ្យ​ព្រះ​ត្រៃ​បិដក និង​រំ​ព្ញ​ក​គុណ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក

6 ម៉ោង មុន

ខេត្តកណ្ដាល​ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រួម​ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ បាន​ប្រារព្ធ​កម្មវិធី​បុណ្យខួប ៥៦​ឆ្នាំ…

ខេត្តកណ្ដាល​ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រួម​ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ បាន​ប្រារព្ធ​កម្មវិធី​បុណ្យខួប ៥៦​ឆ្នាំ នៃ​ការ​បកប្រែ​គម្ពីរ​ព្រះ​ត្រៃ​បិដក​ខ្មែរ សូធ្យ​ព្រះ​ត្រៃ​បិដក និង​រំ​ព្ញ​ក​គុណ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក ។

​ពិធីបុណ្យ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ ៧-៨​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៩ និង​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភ្នំ​ឧដុង្គ (​ភ្នំ​អដ្ឋរស្ស​) ស្រុក​ពញាឮ ខេត្តកណ្ដាល ដែល​កម្មវិធី​នេះ មានការ​ដង្ហែ​ព្រះ​ត្រៃ​បិដក​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​មាន​ព្រះសង្ឃ​ចូលរួម​ប្រមាណ​ជាង ១,៨០០​អង្គ ។

សម្រាប់​ក្បួន​ដង្ហែ​ចែក​ចេញ​ជា ១៥​ផែន អម​ដោយ​ផែន​កងកម្លាំង​នគរបាល ក្នុង​នោះ​មាន​ផែន​អ្នក​កាន់​បដា​ពាក្យស្លោក ២​នាក់​, ផែន​ក្រុម​ភ្លេង​ឆៃយ៉ាំ ៩​នាក់​, ផែន​កាន់​ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ ៥៦​នាក់​, ផែន​នារី​កាន់​ផ្កា ៥៦​នាក់​, រថយន្ត​តម្កល់​ព្រះ​ត្រៃ​បិដក​, រថយន្ត​តម្កល់​ព្រះ​ឆាយាល័ក្ខណ៍​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក និង​សម្ដេច​ជា​អម្ចាស់ ២​ព្រះ​អង្គ​, សម្ដេចព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ​ទាំង​ពីរ​គណៈ (​កាន់​ព្រះ​ឆាយា​លក្ខណ៍​) ១ ៨១៩​អង្គ​, លោក​ជំទាវ​បណ្ឌិត ថ្នាក់ដឹកនាំ និង​គ្រួសារ​ថ្នាក់ដឹកនាំ ១០៨​នាក់ កាន់​ព្រះ​ត្រៃ​បិដក​, តាជី យាយជី ១០៨​នាក់ កាន់​ព្រះ​ត្រៃ​បិដក​, ក្រសួង​ស្ថាប័ន ១០៨​នាក់ កាន់​ព្រះ​ត្រៃ​បិដក​, រដ្ឋបាល​រាជធានី​-​ខេត្ត ១០៨​នាក់ កាន់​ព្រះ​ត្រៃ​បិដក​, ផែន​កាយឫទ្ធិ​កម្ពុជា កាកបាទក្រហម ស​.​ស​.​យ​.​ក កាន់​ព្រះ​ត្រៃ​បិដក​, ផែន​សិស្សានុសិស្ស និស្សិត ១០៨​នាក់ កាន់​ព្រះ​ត្រៃ​បិដក និង​ផែន​មហាជន​កាន់​ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ ។

  សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី​បណ្ឌិត ឃឹម សន សម្ដេច​ព្រះសង្ឃ​នាយករង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ មាន​សង្ឃដីកា​ថា ការ​ប្រារព្ធ​ឡើង​នូវ​ពិធី​នេះ គឺជា​ការ​បង្ហាញ​នូវ​ការ​តាំងចិត្ត​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​គោរព​ព្រះពុទ្ធ​សាសនា និង​ដឹងគុណ​ចំពោះ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក ដែល​បាន​បន្សល់​នូវ​ស្នា​ព្រះ​ហ​ស្ថ និង​ស្នាដៃ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ បាន​សិក្សា​នូវ​ទ្រឹះ​ស្តី​ព្រះពុទ្ធ​សាសនា និង​គោរព​ប្រតិបត្តិ​តាម ។

សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី​ ​សម្តេចព្រះ​មហាសង្ឃរាជ​ ​នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះ​ប​ន្ទួ​ល​ថា ការ​ប្រារព្ធ​បុណ្យខួប ៥៦​ឆ្នាំ នៃ​ការ​បកប្រែ​គម្ពីរ​ព្រះ​ត្រៃ​បិដក​ខ្មែរ គឺ​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ ក្នុង​ការ​ថែរក្សា​ទំនៀមទម្លាប់​របស់​ដូនតា ក្នុង​ការ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្តិ​តែ​អំពើ​ល្អ ។

ចំណែក​ពុទ្ធបរិស័ទ បាន​បង្ហាញ​នូវ​ក្តី​ជ្រះថ្លា ចំពោះ​ការ​ប្រារព្ធ​ពិធី​បុណ្យខួប ៥៦​ឆ្នាំ នៃ​ការ​បកប្រែ​គម្ពីរ​ព្រះ​ត្រៃ​បិដក​ខ្មែរ ដែល​មាន​ពិធី​ដង្ហែ​ក្បួន និង​សូធ្យ​ព្រះ​ត្រៃ​បិដក​ដ៏​ធំ​ពី​មុន​មក ហើយ​ចង់​ឲ្យ​មានកម្ម​វិធី​បុណ្យ​នេះ មាន​ជា​រៀង​រាល់​ឆ្នាំ ។

គួរ​បញ្ជាក់​ថា ព្រះ​ត្រៃ​បិដក ប្រែ​ថា កញ្ច្រែង ឬ​ល្អី​៣ សម្រាប់​ផ្ទុក​ពាក្យពេចន៍​របស់​ព្រះសម្មាសម្ពុទ្ធ​គឺ ទី​១. ព្រះ​វិន័យ ឬ​ហៅ​ថា​ ​វិន័យ​បិដក​ ​ចាប់ពី​ភាគ​១ ​ដល់​ភាគ​១៣), ទី​២. ព្រះ​សូត្រ ឬ​ហៅ​ថា​ ​សុត្តន្តបិដក ចាប់ពី​ភាគ​១៤ ​ដល់ ភាគ​៧៧ និង​ទី​៣. ព្រះ​អភិធម្ម ឬ​ហៅ​ថា អភិធម្មបិដក​ ​ចាប់ពី​ភាគ​៧៨ ​ដល់​ភាគ​១១០ សរុប​ស្មើ​ចំនួន ៨​ម៉ឺន ៤​ពាន់​ព្រះ​ធម្មក្ខន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ