ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបរកឃើញ! ក្រុមហ៊ុននៅកំពង់ធំបញ្ចេញផ្សែង និងសំណល់រាវលើសស្តង់ដារ បង្កផលប៉ះពាល់ដល់ស្ទឹងធម្មជាតិ

4 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD….

ខេត្តកំពង់ធំ ៖ ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ បន្ទាប់​ពី​បាន​រក​ឃើញ​មានការ​បញ្ចេញ​សំណល់​រាវ​ប៉ះពាល់​ដល់​បរិស្ថាន បាន​ដំណើរការ​ដោយ​គ្មាន​លិខិត​បទដ្ឋាន​គតិយុត្តិ និង​មិន​បាន​បំពាក់​ឧបករណ៍​សម្អាត​បរិស្ថាន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​បរិស្ថាន ។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ថ្ងៃរសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ក្រសួងបរិស្ថាន​បាន​តម្រូវ​ឱ្យ​ផ្អាក​ផលិតកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សម្អាត​សំណល់​រាវ និង​ទប់ស្កាត់​ការ​បំពុល​បរិ​សា្ថ​ន ។ ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ច្បាប់ យោង​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ មាត្រា​១៥៦ មាត្រា​១៦១ មាត្រា​១៧៣ និង​មាត្រា​៦៦៨ ។ ក្រសួងបរិស្ថាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន

១. បញ្ឈប់​ការ​បញ្ចេញ​សំណល់​រាវ​កខ្វក់​ជា​បន្ទាន់​ទោះ​រូបភាព​ណា​ក៏​ដោយ ។
២. ត្រូវ​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។
៣. ត្រូវ​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​។
៤. ត្រូវ​កែសម្រួល​ប្រព័ន្ធ​សម្អាត​ផ្សែង​ចេញពី​ឡ​ចំហាយ ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​អនុលោម​តាម​ស្ដង់ដា​។
៥. ក្រុមហ៊ុន​ត្រូវ​ផ្ដល់​សំណង​ការ​ខូចខាត​បរិស្ថាន តាម​ការ​គណនា​ជាក់ស្ដែង​។
៦. ត្រូវ​ទុកដាក់​សំណល់​សំបក និង​គ្រាប់ស្វាយ​ឱ្យ​បាន​ត្រឹមត្រូវ និង​ហាម​ដាច់ខាត​ដុត​សំណល់​គ្រប់​ប្រភេទ​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រុមការងារ​អធិការកិច្ច នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ លោក ជោ ថុ​ល អនុប្រធាន​នាយកដ្ឋាន និង​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ លោក​អភិបាលរង​ស្រុក​ស្ទោង តំណាង​ឃុំ​កំពង់​ចិន​ជើង និង​លោក​មេ​ភូមិ​ត្រាច បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ ការ​បំពុលបរិស្ថាន បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ខាងលើ​។

ក្រុមការងារ​បាន​រក​ឃើញ ក្រុមហ៊ុន​បាន​បញ្ចេញ​ផ្សែង​ចេញពី​បំពង់ផ្សែង​ឡ​ចំហាយ ដោយ​លទ្ធផល​ទទួល​បាន CO=3237ppm NOx=4771ppm SO2=1232ppm លើស​កម្រិត​កំណត់​ស្ដង់ដា ។ លើស​ពី​នេះ​ក្រុមហ៊ុន​បាន​បើក​ដំណើរការ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២៥ ពុំ​មាន​កិច្ចសន្យា​បរិស្ថាន និង​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់​ពាក់ព័ន្ធ​នឹង​បរិស្ថាន ។

ក្រុមហ៊ុន ពុំ​មាន​អាង​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ ដោយ​បង្ហូរ​សំណល់​រាវ​ដោយ​ផ្ទាល់​ចូល​ប្រឡាយ និង​អាច​ហូរ​ចូល​ស្ទឹង​ធម្មជាតិ​នៅ​ពេល​បរិមាណ​សំណល់​រាវ​ច្រើន ។ កន្លង​មកនេះ​ក្រុមហ៊ុន​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ ដោយ​ទុកដាក់​សំណល់​មិន​បាន​ត្រឹមត្រូវ និង​បាន​ដុត​សំរាម សំណល់​ប្លា​ស្ទិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ