ប្រទេសគុយបា ៖ ប្រឈមមុខនឹងការខ្វះប្រេងយ៉ាងខ្លាំង ដោយសារការបិទខ្ទប់របស់អាមេរិក គុយបាចាប់ផ្ដើមអនុវត្តពីថ្ងៃទី៩ កុម្ភៈ ទៅបណ្ដាវិធានការបន្ទាន់ថ្មីៗ ដើម្បីសន្សំសំចៃប្រេង ដូចជាឲ្យធ្វើការតាមអនឡាញ និងការសិក្សាពីចម្ងាយជាដើម ។

តាមដងវិថីនានានៃទីក្រុងឡាហាវ៉ាន ចរាចរណ៍យានយន្តកាលពីថ្ងៃទី៩ កុម្ភៈ ហាក់មិនមានច្រើន ដោយប្រជាជនគុយបាចាប់តាំងពីច្រើនឆ្នាំមកហើយ ជួបប្រទះការដាច់ភ្លើងរាល់ថ្ងៃនិងជួបប្រទះការខ្វះខាតសព្វបែបយ៉ាង ចំណែកអតិផរណាវិញមានខ្ពស់បំផុតដែលនាំឲ្យមានការព្រួយបារម្ភ ។ មនុស្សទាំងឡាយតែងសួរខ្លួនឯងថា តើប្រទេសត្រូវជួបនឹងលក្ខខណ្ឌលំបាកខ្លាំងយ៉ាងនេះដល់ពេលណាទៅ ។
ប្រទេសគុយបាមានប្រជាជន៩,៦លាននាក់ ជួបប្រទះនឹងស្ថានភាពលំបាកលំបិនខ្លាំងបំផុត ចាប់តាំងពីអាមេរិក បញ្ចប់ការផ្គត់ផ្កង់ប្រេងមកពីវេណេស៊ុយអេឡាគាបសង្កត់និងគំរាមកំហែងយកពន្ធខ្ពស់លើបណ្ដាផលិតផលរបស់ប្រទេសទាំងឡាយណាដែលលក់ប្រេងឲ្យគុយបា ។ រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គ្មានប្រេងណាចូលមកដល់គុយបាឡើយ។
ប្រទេសម៉ិកស៊ិកជាអ្នកផ្គត់ផ្គង់ប្រេងធំទី២ដល់គុយបា បន្ទាប់ពីអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូ សម្រាប់ពេលនេះ បានផ្អាកការផ្គត់ផ្គង់របស់ខ្លួន ហើយធ្វើការចរចាជាមួយអាមេរិក ដើម្បីអាចបញ្ជូនប្រេងទៅគុយបា ដោយពុំរងការដាក់ទណ្ឌកម្មរបស់អាមេរិក ដែលជាដៃគូពាណិជ្ចកម្មសំខាន់របស់ខ្លួន ។
កាលពីថ្ងៃទី៩ កុម្ភៈ ប្រធានាធិបតីម៉ិចស៊ិកលោកស្រីក្លូឌីយ៉ាសាំងបាអ៊ុមចាត់ទុកថា វាអយុត្តិធម៌ណាស់ ការគំរាមកំហែងរបស់អាមេរិក សង្កត់កពន្ធគយ។ គេមិនអាចសង្កត់កប្រជាជនមួយតាមរបៀបនេះទេ ។ ម៉ិចស៊ិកប្រកាសនាថ្ងៃទី៨កុម្ភៈថា បានបញ្ជូនស្បៀង៨១៤តោនផ្ដល់ដល់ប្រជាជនគុយបា ។
រុស្ស៊ីក៏មានប្រតិកម្មដែរ កាលពិថ្ងៃទី៩ កុម្ភៈ ដោយបរិហារវិធីសាស្ត្រនៃការបិទខ្ទប់របស់សហរដ្ឋអាមេរិក ដែលបង្កការលំបាកជាច្រើនសម្រាប់គុយបា។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីឌ្រីប៉េស្កូវបញ្ជាក់ថា រុស្ស៊ីកំពុងពិភាក្សាជាមួយគុយបាដើម្បីផ្ដល់ជំនួយ។
រដ្ឋមន្ត្រីការបរទេសគុយបាលោកព្រុយណូរ៉ូឌ្រីហ្គេសទទួលស្កាល់ថា ទិសដៅរបស់ក្រុងវ៉ា
ស៊ីនតោនដែលហ៊ុមព័ទ្ធសេដ្ឋកិច្ចគុយបាចាប់តាំងពីឆ្នាំ១៩៦២មក គឺដើម្បីបំបែកឆន្ទៈនយោបាយរបស់ប្រជាជនគុយបា ។ សភាពការណ៍ពិតជាលំបាកនិងទាមទារនូវពលីកម្មធំៗ។
វិស័យទេសចរណ៍គុយបាក៏កំពុងជួបការប៉ះពាល់ខ្លាំងដែរ មកពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលប្រទេសនោះជួបប្រទះចាប់តាំងពី៦ឆ្នាំមកហើយ។ ការស្រុតចុះនៃទេសចរណ៍នាំឲ្យមានការចុះថយនៃការហូរចូលរូបិយប័ណ្ណ ៕
ចែករំលែកព័តមាននេះ