ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនពេលនេះ បានដាក់ពង្រាយមីស៊ីលដី-សមុទ្ររយៈឆ្ងាយ ដែលអាចបាញ់ដល់គោលដៅក្នុងចម្ងាយ១០០០គីឡូម៉ែត្រ គឺអាចបាញ់ដល់ដែនដីចិន។ មីស៊ីលធុននោះត្រូវបានជប៉ុនដាក់ពង្រាយនៅលើកោះឃ្យូស៊ូ ដែលកោះនោះជាកោះស្ថិតនៅចុងខាងត្បូងជាងគេក្នុងចំណោមកោះសំខាន់ទាំង៤របស់ជប៉ុន ។
តាមរដ្ឋមន្ត្រីការពារប្រទេសជប៉ុនថា ការដាក់ពង្រាយនោះ ក្នុងគោលបំណងពង្រឹងសមត្ថភាពតបតរបស់ជប៉ុន។ នោះជាការផ្លាស់ប្ដូរលទ្ធិការពាររបស់ជប៉ុន ខណៈនាយករដ្ឋមន្ត្រីប្រទេសនេះលោកស្រីសាណាអ៉ីតាកាអ៉ីជីជម្រុញឡើងវិញ ការសើរើរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេស ។
យុទ្ធសាស្ត្រនោះរបស់ជប៉់ុន គឺការពង្រឹងកម្លាំងលើកោះមួយនៅសមុទ្រចិនខាងកើត ស្ថិតនៅចម្ងាយត្រឹមតែ១០០គីឡូម៉ែត្រពីកោះតៃវ៉ាន់។ រួចកាលពីខែកុម្ភៈជប៉ុនប្រកាសពីការដាក់ពង្រាយក្រោយឆ្នាំ២០៣០ បណ្ដាមីស៊ីលដី-អាកាសលើកោះមួយក្នុងចំណោមកោះរបស់ខ្លួនដែលស្ថិតនៅក្បែរកោះតៃវ៉ាន់បំផុត។ នោះជាការពង្រឹងកម្លាំងបន្តបន្ទាប់នៅភាគនិរតីជប៉ុនប្រឈមមុខនឹងការបង្កើនកម្លាំងជើងទឹកចិន ។
ចិនចាត់ទុកកោះតៃវ៉ាន់ថា ជាដែនដីខ្លួនដែលត្រូវបង្រួបបង្រួមដោយប្រើកម្លាំងបើចាំបាច់។ បែបនោះ ជាការគំរាមកំហែងមួយចំពោះជប៉ុន រហូតដល់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនចេញសម្ដីថា ប្រទេសលោកស្រីអាចជួយធ្វើអន្តរាគមន៍ក្នុងករណីមានការវាយប្រហារលើតៃវ៉ាន់ ។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងរវាងជប៉ុននិងចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុត ៕
ចែករំលែកព័តមាននេះ