រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតជប៉ុននៅប្រចាំនៅកម្ពុជា បានបញ្ជាក់ថា លោកនឹងយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រាប់រដ្ឋាភិបាលនៅទីក្រុងតូក្យូតែម្តង ។ ការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន ខណៈឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសវនការរបស់គ.ស.ម.ក.កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។
នៅក្នុងជំនួបឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុនលើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់ និងពិភពលោក ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយក៏ជនភៀសសឹកប្រមាណជា៩ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញ ដោយសុវត្ថិភាពនោះទេ ដោយសារតែយោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រជាដើម ។ សកម្មភាពទាំងនេះ គឺផ្ទុយទាំងស្រុងទៅ នឹងខ្លឹមសារចំណុចទី៤ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចែងថា ៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន» ។
សកម្មភាពទាំងអស់នេះក៏បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានបរស់ជនភៀសសឹក ជាពិសេសស្ត្រី កុមារ ទារក មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព ក្នុងការទទួលបានសិទ្ធិអប់រំ ការថែទាំសុខភាព សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសេរីភាពក្នុងការធ្វើដំណើរ ផងដែរ ។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការឈ្លានពានពីយោធាថៃ ដោយបានប្រើប្រាស់អាវុធគ្រប់ធុន រួមមាន គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 វាយប្រហារដោយមិនរើសគោលដៅមកលើប្រជាជនស៊ីវិល បំផ្លិចបំផ្លា ញផ្ទះសម្បែងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ និងការសាងសង់សំណង់ថ្មីៗ ក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យភាពកម្ពុជាផងដែរ។
ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា ទោះបីជាសណ្តាប់ធ្នាប់ពិភពលោក ធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ឯកឧត្តមទេសរដ្ឋមន្ត្រី នៅតែជឿជាក់ថា ការដោះស្រាយជម្លោះការស្វែងរក និងទទួលបានយុត្តិធម៌ ព្រមទាំងការទទួលសន្តិភាពយូរអង្វែង ត្រូវផ្អែកលើយន្តការ និងច្បាប់អន្តរជាតិ ។
ឯកឧត្តម មានជំនឿជាក់លើសមត្ថភាព និងតួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ ចូលរួមដោះស្រាយបញ្ហានេះស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
ជាការឆ្លើយតប ឯកឧត្តម Ueno Atsushi នឹងជម្រាបជូនរដ្ឋាភិបាលនៅទីក្រុងតូក្យូ ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តមទូតក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយមនុស្សធម៌ទៅ ដល់ជនភៀសសឹកនៅតាមព្រំដែន ដែលរងផលប៉ះពាល់ពីជម្លោះនេះ ដើម្បីរួមចំណែកចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជនភៀសសឹកដែលជានិច្ច កាលភាគីមិត្តជប៉ុនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក៕
ចែករំលែកព័តមាននេះ