រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ២ឆ្នាំកន្លះម្នាក់ ខណៈនាងកំពុងតែដេកក្នុងមុងជាមួយឪពុកតាមសំយាបផ្ទះប្រជាពលរដ្ឋ ក៍ត្រូវជនសង្ស័យម្នាក់ចូលទៅលួចយកចេញទៅបាត់តាំងពីខណ្ឌជ្រោយចង្វារ ត្រូវបានរកឃើញនៅមូលដ្ឋានខណ្ឌច្បារអំពៅ រួចឃាត់ប្រគល់អោយសមត្ថកិច្ចតែម្តង ។
ករណីបាត់ក្មេងស្រីខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៦ ម្តុំរង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានរកនៅវេលាម៉ោង៨យប់និង៣០នាទីយប់ថ្ងៃដដែល នៅចំណុចមុខវិទ្យាល័យច្បារអំពៅ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
តាមការរៀបរាប់ពីបុរសជាឪពុកបានអោយដឹងថា រូបគាត់២នាក់កូនស្រីអាយុ២ឆ្នាំកន្លះ បានចេញខេត្តព្រះសីហនុ ក្នុងគោលបំណងទៅខេត្តកំពង់ចាម តែដោយសារយប់ជ្រៅ រូបគាត់ក៍បានសុំសំយ៉ាបមុខផ្ទះប្រជាពលរដ្ឋ ដេកចងមុងជាមួយនិងកូនស្រី ខណៈពេលជិតភ្លឺ គាត់លក់មួយភាំង ស្រាប់តែភ្ញាក់ឡើង មិនដឹងថាបាត់កូនស្រីទៅណានោះទេ ហើយសួរនាំពលរដ្ឋនៅក្បែរនោះ ក៍មិនមានអ្នកឃើញដែរ ទើបរូបគាត់សម្រេចអោយគេជួយជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋជ្រោយចង្វារដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកកូនរបស់គាត់ផងដែរ ។
បុរសជាឪពុកបានបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងរួចហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ឃើញថាមានបុរសម្នាក់បានដើរចូលទៅធ្វើសកម្មភាព បើកមុងលួចពរក្មេងស្រីចេញទៅបាត់ពិតប្រាកដមែន និងបានចែកចាយបន្តតាមបណ្ដាញសង្គមថែមទៀតផង ។
បន្ទាប់ពីរូបភាពកាមេរ៉ាសុវត្ថិភាពបានចែកចាយតាមបណ្ដាញសង្គម និងបង្កការភ្ញាក់ផ្អើលរួចមក នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ក៍មានបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញបុរសជាជនសង្ស័យកំពុងពរក្មេងស្រីរូបនោះដើរទៅម្តុំវិទ្យាល័យច្បារអំពៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៍បានឃាត់សួរនាំ ស្រាប់តែបុរសជនសង្ស័យរូបនោះ និយាយថា រើសបានទៅវិញ ទើបពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចអោយមកឃាត់យកបុរសជនសង្ស័យ និងក្មេងស្រីយកទៅប៉ុស្តិ៍នគរបាលរដ្ឋនិរោធ ធ្វើការសួរនាំនាំបន្តផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយធ្វើដូចជាមនុស្សមានសតិមិនគ្រប់ថា គាត់ចង់យកទៅចិញ្ចឹមតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ បន្ទាប់ពីសួរនាំរួចហើយ ដឹងថាករណីនេះកើតឡើងនៅមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចប៉ុស្តិ៍និរោធបានប្រគល់ករណីនេះអោយទៅប៉ុស្តិ៍នគរបាលរដ្ឋជ្រោយចង្វារដើម្បីបន្តតាមនិតិវិធី ៕











ចែករំលែកព័តមាននេះ