រាជធានីភ្នំពេញ ៖ បុរសជាបុគ្គលិកក្រុមហ៊ុនម្នាក់ ក្រោយពីជិះម៉ូតូ ១គ្រឿង ដឹកប្រពន្ធត្រលប់មកពីផ្សារ ដល់បន្ទប់ជួលវិញ បានចតម៉ូតូនៅមុខបន្ទប់នោះ រួចក៏ដើរចូលទៅក្នុងបន្ទប់ទាំងភ្លេចដកសោចេញ ហើយក៏ត្រូវចោរលួចយកទៅបាត់។ បន្ទាប់មកគាត់បានប្ដឹងនគរបាលឲ្យជួយស្រាវជ្រាវផង និងតាមរកគ្រប់កន្លែងផង ប៉ុន្តែមិនបានឃើញឡើយ លុះរយៈពេលជាងកន្លះខែក្រោយមក ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ ដែលមានភិនភាគដូចនៅក្នុងរូបវីដេអូកាមេរ៉ាសុវត្តិភាព ក៏ចាប់ខ្លួនរួចប្រគល់ឲ្យនគរបាលតែម្ដង ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ត្រង់ចំណុចខាងក្រោយរោងចក្រឥណ្ឌា ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនោះឈ្មោះ មាស សុភ័ត្ត្រា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិខាងលើ នគរបាលធ្វើតេស្តទឹកនោមរកឃើញជននេះមានសារធាតុញៀន។ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស បិទស្កុតពណ៍ខ្មៅ ឡើងស៊េរីឆ្នាំ២០២១ បិទតែមឆ្នាំ២០២៤ ពាក់ស្លាកលេខកំពង់ចាម 1AA-6559 ។ ម៉ូតូនេះ ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ នួន ពិសិដ្ឋ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលលេខ៣ ស្ថិតនៅក្នុងភូមិខាងលើនោះដែរ ។
នគរបាលបានប្រាប់ឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០៨និង៤៨នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅមុខចំណុចបន្ទប់ជួលលេខ៣ ស្ថិតនៅតាមផ្លូវបេតុង ខាងក្រោយរោងចក្រឥណ្ឌា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយនៅមុនពេលកើតហេតុ ជនរងគ្រោះដឹកប្រពន្ធត្រលប់មកពីផ្សារ លុះពេលមកដល់មុខបន្ទប់ជួលវិញ បានទុកម៉ូតូនៅមុខបន្ទប់ រួចក៏ដើរចូលក្នុងបន្ទប់ ដោយភ្លេចដកកូនសោចេញពីម៉ូតូ ។
នគរបាល បានប្រាប់ឲ្យដឹងបន្ថែមទៀតថា លុះក្រោយមកពេលដើរចេញពីក្នុងបន្ទប់ជួលវិញ ស្រាប់តែបាត់មិនឃើញម៉ូតូ ក៏មានការភ្ញាក់ផ្អើលឆោឡោ ហើយគាត់បានរាយការណ៍ និងប្ដឹងសុំឲ្យកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ជួយស្រាវជ្រាវរកជនស្ស័យ។ ពេលនោះ នគបាលបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុ ហើយបានឃើញភិនភាគជនសង្ស័យខាងលើជាអ្នកលួចម៉ូតូខាងលើ ប៉ុន្តែជននោះបានគេចខ្លួនបាត់រហូតរកមិនឃើញឡើយ ។
នគរបាល បានបញ្ជាក់ប្រាប់ថា លុះដល់វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យដើរនៅតាមផ្លូវបេតុង ក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចាត់ការតាមច្បាប់តែម្ដង ៕

ចែករំលែកព័តមាននេះ