ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជូនដំណឹង​ មិន​ព្រម​អនុវត្តន៍​តាម រដ្ឋបាល​ខណ្ឌ​កំ​បូល​ដាក់​កម្លាំង​ចុះ​រុះរើ​តូប​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ

9 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ នៅ​អំឡុង​ចុងខែ​ម​រា ឆ្នាំ​២០២៦ រដ្ឋបាល​ខណ្ឌ​កំ​បូល និង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​សេចក្ដីជូនដំណឹង​ដាច់​ដោយឡែក​ពី​គ្នា​មួយ ទៅ​កាន់​ក្រុម​អាជីវករ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​បេតុង​លេខ​១៣៤KP ​ហៅ​ផ្លូវ​ម៉ែ ននោង…

រាជធានីភ្នំពេញ ​៖ នៅ​អំឡុង​ចុងខែ​ម​រា ឆ្នាំ​២០២៦ រដ្ឋបាល​ខណ្ឌ​កំ​បូល និង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​សេចក្ដីជូនដំណឹង​ដាច់​ដោយឡែក​ពី​គ្នា​មួយ ទៅ​កាន់​ក្រុម​អាជីវករ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​បេតុង​លេខ​១៣៤KP ​ហៅ​ផ្លូវ​ម៉ែ ននោង ដោយ​ទុក​រយៈពេល​ឲ្យ​ធ្វើការ​រុះរើ​ជិត​១០​ថ្ងៃ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់ ​មាន​អាជីវករ​មួយ​ចំនួន ​បាន​អនុវត្តន៍​តាម​ធ្វើការ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ចំណែក​មួយ​ចំនួន​ទៀត​ មិន​ព្រម​អនុវត្តន៍​ទាល់តែ​សោះ ទើប​នៅ​វេលា​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ ខាង​រដ្ឋបាល​ខណ្ឌ​កំ​បូល ដឹកនាំ​ដោយ​លោក​លោក​ ទ្រី ណា​រ៉េ​ត អភិបាលរង​ខណ្ឌ​កំ​បូល ចុះ​ទៅ​ធ្វើការ​រុះរើ​តែ​ម្ដង ចំណែក​ខាង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែ​ជ័យ និង​ចុះ​រុះ​នៅ​ថ្ងៃ​បន្ទាប់​ដែរ ។

អាជ្ញាធរ​ខាងលើ​បាន​និយាយ​ថា ផ្លូវ​បេតុង​លេខ​១៣៤KP អតីត​ផ្លូវ​«​ម៉ែ ននោង​»​ខាងលើ​នេះ​ មាន​ព្រំប្រទល់​រវាង​ខណ្ឌ​២ ដោយ​មួយ​ចំហៀង​ខាងលិច​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល និង​មួយ​ចំហៀង​ខាងកើត​ ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ នៅ​តំបន់​ខាងលើ​នោះ​ មាន​រោងចក្រ​ច្រើន និង​មានផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង ព្រមទាំង​មាន​ផ្លូវ​នានា​ត​ភ្ជាប់​ជាមួយ​ផ្លូវ​នេះ​ផង​នោះ បាន​ធ្វើ​ឲ្យ​មាន​ម៉ូតូ ​និង​រថយន្ត​ធ្វើ​ចរាចរ​ចេញចូល​ទៅ​មក​មមាញឹក​ខ្លាំង ជា​ពិសេស​កម្មករ កម្មការិនី​បាន​ដើរទៅ​ធ្វើការ​តាម​ផ្លូវ​នោះ​ផង​ដែរ ។

អាជ្ញាធរ​បាន​និយាយ​បន្ត​ថា ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​នេះ​ទាំង​សងខាង បិទ​អស់ហើយ​ដែល​មិន​អាច​ឲ្យ​អ្នកដំណើរ​ថ្មើរជើង​ដើរ​លើ​ចិញ្ចើម​ផ្លូវ​បាន​នោះ​ទេ អ្នក​ថ្មើរជើង​បាន​បង្ខំចិត្ត​ដើរ​លើ​ផ្លូវ​ម៉ូតូ ឬ​រថយន្ត ដែល​ប្រឈម​និង​ហា​នី​ភ័យ​គ្រោះថ្នាក់​គ្រប់ពេល ។ ដើម្បី​ធានា​បាន​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ និង បរិស្ថាន​ល្អ​ប្រសើរ ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ ដែល​ប៉ះពាល់​ដល់​សោភ័ណ​ភាព និង​សុវត្ថិភាព​សាធារណៈ ទើប​អាជ្ញាធរ​ខណ្ឌ​ទាំង​២​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​ក្រុម​អាជីវករ​ទាំងនោះ​រុះរើ​តូប​លក់ដូរ និង​កាត់​សំ​យ៉ាប​ផ្ទះ ឬ​រុះរើ​ផ្ទាំង​ស្លាក​ប៉ាណូ​ចេញ​ឲ្យ​អស់​ពីលើ​ចិញ្ចើម​ផ្លូវ​នោះ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា រដ្ឋបាល​ខណ្ឌ​ទាំង​២​បាន​ទុក​ត្រឹម​រយៈពេល​១​អាទិត្យ ដើម្បី​ឲ្យ​ពួក​គាត់​រុះរើ​ដោយ​ខ្លួនឯង ប៉ុន្តែ​គិត​រហូត​មក​ត្រឹម​ថ្ងៃ​ទី​៩ ខែកុម្ភៈ នេះ​មាន​អ្នកខ្លះ​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង​រួច​ហើយ ។ ចំណែក​អ្នកខ្លះ​ទៀត​មិន​ព្រម​រុះរើ​ឡើយ ទើប​រដ្ឋបាល​ខណ្ឌ​កំ​បូល​ដាក់​កម្លាំង​ចុះ​រុះរើ នៅ​តាម​ចិញ្ចើម​ផ្លូវ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ។ ខណៈ​ពេល​កម្លាំង​ខាងលើ​ចុះ​ទៅ​ដល់ ទើប​អាជីវករ​ខ្លះ​រុះរើ​ដោយ​ខ្លួនឯង ដោយឡែក​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រៀម​គ្រឿងចក្រ ដើម្បី​ចុះ​ទៅ​ធ្វើការ​រុះរើ និង​ឈូស ឆាយ​សម្អាត​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ