ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង ៥គីឡូម៉ែត្រ ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹក​កសិផល​របស់​កសិករ នៅ​កោះ​ពាម​រាំង

10 ម៉ោង មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជាង ២០០គ្រួសារ នៅ​លើ​កោះ​ពាម​រាំង ក្នុង​ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​និយាយ​ថា ពេល​នេះ​ពួក​គាត់​ដូច​ត្រូវ​ឆ្នោត​រង្វាន់​ធំ…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជាង ២០០គ្រួសារ នៅ​លើ​កោះ​ពាម​រាំង ក្នុង​ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​និយាយ​ថា ពេល​នេះ​ពួក​គាត់​ដូច​ត្រូវ​ឆ្នោត​រង្វាន់​ធំ ព្រោះ​ទទួល​បាន​ផ្លូវ​បេតុង​ដ៏​ថ្មីស្រឡាង​មួយ​ខ្សែ ដែល​ពី​មុន​មក ពួក​គាត់​មិន​ដែល​នឹក​ស្មានថា ​អាច​បាន​ផ្លូវ​ល្អ​ធ្វើ​ដំណើរ​បែប​នេះ​ទេ​ ។

អ្នក​ភូមិ​ទាំងនេះ​ បាន​និយាយ​ថា ដែនដី​កោះ​ពាម​រាំង​នេះ មិន​ធ្លាប់​មាន​ផ្លូវ​ធំ​ល្អ ធ្វើ​ដំណើរ​នោះ​ទេ មិន​ថា ​រដូវប្រាំង ​ឬ​រដូវវស្សា មាន​តែ​ផ្លូវ​ជង្ហុក​ភក់ល្បាប់ ពិបាកធ្វើ​ដំណើរ​ណាស់​។ ប៉ុន្តែ​ពេលនេះ ​លែង​លំបាក​ហើយ ព្រោះ​ក្រសួង​រ៉ែ​ និង​ថាមពល បាន​ផ្ដល់​នូវ​ផ្លូវ​បេតុង​ដ៏​ថ្មីស្រឡាង​១​ខ្សែ ប្រវែង​ជាង ៥,០០០ម៉ែត្រ សណ្ដូក​ខ្លួន​ពី​ដើម​កោះ​ដល់​ចុង​កោះ អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​យ៉ាង​ស្រួល ពិសេស​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ ។

ថ្លៃ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​ថ្មី​នេះ ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី៨ កុម្ភៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ផ្លូវ​បេតុង​នេះ​មាន​ទទឹង ៤ម៉ែត្រ បណ្ដោយ ៥,០៩២ម៉ែត្រ និង​កម្រាស់ ០,១៥ម៉ែត្រ សាងសង់​ឡើង​ដោយ​ប្រើប្រាស់​ថវិកា មូលនិធិ​រ៉ែ​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋានរបស់​ក្រសួង​រ៉ែ​និង​ថាមពល​ ។

ឯកឧត្តម កែវ រតនៈ បាន​បន្ត​ថា កោះ​ពាម​រាំង​នេះ នៅ​សល់​ផ្លូវ​ប្រវែង​ជិត ២,០០០​ម៉ែត្រ​ទៀត ដែល​មិន​ទាន់​បាន​សាងសង់ តែ​ឯកឧត្តម​និង​ស្វែងរក​ថវិកា យក​មក​សាងសង់​បង្ហើយ​ក្នុង​ពេល​ឆាប់​ៗ ធ្វើ​យ៉ាងណា​ឱ្យ​កោះ​ពាម​រាំង​ទាំងមូល មាន​ផ្លូវ​បេតុង​ស្រស់​ស្អាត និង​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ ពិសេស​ការ​ដឹក​កសិផល​ទៅ​កាន់​ទីផ្សារ​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម កែវ រតនៈ ក៏​បាន​សន្យា​ជាមួយ​អ្នក​ភូមិ​កោះ​ពាម​រាំង​ថា នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​អគ្គិសនី ចុះ​មក​សិក្សា​ពី​លទ្ធភាព​ក្នុង​កា​រត​បណ្ដាញ​អគ្គិសនី ចូល​មក​លើ​កោះ​ពាម​រាំង​នេះ ដើម្បី​ឱ្យ​អ្នក​ភូមិ​នៅ​លើ​កោះ​នេះ មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ទាំងអស់​គ្នា ខណៈ​ដែល​ពេល​បច្ចុប្បន្ន នៅ​លើ​កោះ​ពាម​រាំង​នេះ មិន​ទាន់​មាន​ភ្លើងអគ្គិសនី​ចូល​ដល់​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ