រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃ ជាបន្តបន្ទាប់ ស្របនឹងជំហរសហគមន៍អន្តរជាតិ ជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងអំពីការបន្តការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងការរំលោភបំពានរបស់ថៃ ស្របនឹងជំហរសហគមន៍អន្តរជាតិ ដែលជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី ។
ឯកឧត្តមថា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានសម្តែងការតវ៉ា ជាផ្លូវការ និងយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយបានជំទាស់យ៉ាងដាច់អហង្ការ ចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ ។
លិខិតតវ៉ានោះ បានបញ្ជាក់ថា ទីតាំង ដែលថៃបានដាក់ទូរកុងតឺន័រទាំងនោះ ស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ចំណែកឯការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលកាន់កាប់ដោយកងកម្លាំងថៃ តាមមធ្យោបាយយោធា ក្នុងអំឡុងពេល នៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
ឯកឧត្តមបានលើកឡើងថា សកម្មភាពទាំងនេះ បានរារាំងបន្ថែមទៀត ដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជា ទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញ នូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែង នៅក្នុងតំបន់ ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការរំលោភលើគោលការណ៍ជាមូលដ្ឋាន នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ។
ជាមួយគ្នានោះដែរ ក្រសួងវប្បធម៌ និងវិចិត្រលិល្បៈកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ដែរ ក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលថា ប្រាសាទតាក្របី និងតំបន់ប្រាសាទតាមាន់ស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រទាំងនេះ ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុង ដូចមានកំណត់ច្បាស់ក្នុងអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលមានផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយ ហើយក៏ដូចគ្នាជាមួយនឹងមូលដ្ឋានផ្លូវច្បាប់ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រើកាលពីឆ្នាំ១៩៦២ ដើម្បីកាត់ក្តីសំណុំរឿងប្រាសាទព្រះវិហារដែរ ។
ដូច្នេះការទាមទារដោយប្រើផែនទីឯកតោភាគី ដែលច្បាប់អន្តរជាតិ មិនទទួលស្គាល់គ្មានតម្លៃផ្លូវច្បាប់ ដែលអាចមកលុបលើសន្ធិសញ្ញាទ្វេភាគីបានឡើយ។ រីឯការងារជួសជុលណាមួយ ដែលគ្មានការយល់ព្រមពីប្រទេសកម្ពុជា គឺជាការរំលោភលើ MOU ឆ្នាំ 2000 ក៏ដូចជាការមើលស្រាលដល់ស្មារតីសហប្របត្តិការអាស៊ាន។ ចំណែកឯការដណ្តើមកាន់កាប់ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ដោយកម្លាំងយោធា ត្រូវបានហាមឃាត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ នៅក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ ។
អ្នកនាំពាក្យ ក៏បានលើកឡើងថា ក្រៅពីអនុសញ្ញា សន្ធិសញ្ញា និងឯកសារ ផែនទី ដ៏មានតម្លៃ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជាមរតកបន្សល់ពីសម័យអាណាព្យាបាលកម្ពុជា និងថៃ ក៏មានកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាកិច្ចព្រមព្រៀងចុងក្រោយមួយ ដែលភាគីទាំងពីរ បានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខណ្ឌ័សីមាព្រំដែន (JBC) ដើម្បីបន្តការងាររបស់ខ្លួន ដើម្បីវាស់វែងខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ។
ជាមួយគ្នានោះដែរឯកឧត្តមសង្កត់ធ្ងន់ថា សហគមន៍តំបន់ និងអន្តរជាតិសុទ្ធតែសម្តែងការគាំទ្រពេញទំហឹងចំពោះបទឈប់បាញ់ និងជំរុញឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយចៀសវាងការប្រើកម្លាំង ពោលគឺសហគមន៍អន្តរជាតិកំពុងការពារច្បាប់អន្តរជាតិ ក្នុងនោះក៏មានព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃផងដែរ។ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់ ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ស្របតាមគោលបំណងរបស់សហគមន៍តំបន់ និងអន្តរជាតិដែលចង់បាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថា កម្ពុជាប្តូរផ្តាច់ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ៕
ចែករំលែកព័តមាននេះ