សង្គ្រាមអ៊ុយក្រែន ៖ ក្រោយពីមានការបាញ់ប្រហារ កាលពីថ្ងៃទី៦ កុម្ភៈ នៅក្រុងមូស្គូប៉ងសម្លាប់ អ្នកទទួលខុសត្រូវជាន់ខ្ពស់ខាងផ្នែកស៊ើបការណ៍យោធារុស្ស៊ីមួយរូប ឧត្ដមសេនីយវ្ល៉ាឌីមៀរ អាឡិចសីអ៊ីយេវ ដែលអាជ្ញាធររុស្ស៊ីទម្លាក់ការទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះលើអ៊ុយក្រែន តាមភ្នាក់ងារសន្តិសុខរុស្ស៊ី FSB ថា ពលរដ្ឋរុស្ស៊ីម្នាក់កើតក្នុងឆ្នាំ១៩៦០ បានត្រូវចាប់ខ្លួននៅក្រុងឌូបៃកន្លែងដែលគេរត់គេច ហើយបញ្ជូនមកកាន់រុស្ស៊ី ។
FSBបញ្ជាក់ថា អ្នកផ្សំគំនិតជាមួយជននោះម្នាក់ត្រូវចាប់ខ្លួននៅក្រុងមូស្គូ ចំណែកនារីម្នាក់និងអ្នករួមគំនិតម្នាក់ទៀត អាចរត់គេចខ្លួនទៅកាន់អ៊ុយក្រែន ។ មានអាយុ៦៤ឆ្នាំ ឧត្ដមសេនីយវ្ល៉ាឌីមៀរអាឡិចសីអ៊ីយេវ រងការបាញ់ប្រហារជាច្រើនគ្រាប់របួសជាទម្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។ ឧត្ដមសេនីយរូបនោះ ដែលអាចនៅរស់រានមានជិវិតក្រោយការបាញ់ប្រហារ គឺជាប្រមុខរងនៃភ្នាក់ងារស៊ើបការណ៍យោធារុស្ស៊ីដោយប្រមុខរបស់ភ្នាក់់ងារនោះ ឧត្ដមសេនីយអ៊ីហ្គ័រកូស្ទីអ៊ូកូវ ជាប្រមុខគណៈប្រតិភូរុស្ស៊ីចូលរួមក្នុងការចរចាសន្តិភាពជាមួយអ៊ុយក្រែន ។
ក្រោយការបាញ់ប្រហារប៉ងសម្លាប់ឧត្ដមសេនីយរូបនេះ រុស្ស៊ីកាលពីព្រឹកថ្ងៃទី៧ កុម្ភៈ បានវាយប្រហារខ្លាំងក្លាជាថ្មី ប្រឆាំងបណ្ដាទីតាំង បណ្ដាញអគ្គិសនីអ៊ុយក្រែន បណ្ដាលឲ្យដាច់ភ្លើងក្នុងផ្នែកដ៏ធំរបស់ប្រទេស ពេលធាតុអាកាសកំពុងត្រជាក់ខ្លាំងបំផុត។
ក្រុមហ៊ុនផ្កត់ផ្គង់អគ្គិសនីអ៊ុយក្រែន និយាយថា មកពីការខូចខាតដោយសារការវាយប្រហាររបស់សត្រូវ ការផ្ដាច់ភ្លើងបន្ទាន់ត្រូវបានធ្វើក្នុងតំបន់ភាគច្រើន។ រុស្ស៊ីបានធ្វើចាប់តាំងពីច្រើនខែមកហើយ នូវយុទ្ធនាការវាយប្រហារប្រឆាំងបណ្ដាញថាមពលអ៊ុយក្រែន នាំឲ្យមានវិបត្តិអាក្រក់បំផុតដល់ផ្នែកផ្គត់ផ្គង់ភ្លើង ។ ពលរដ្ឋអ៊ុយក្រែនច្រើនរយពាន់គ្រួសារ ជួបប្រទះច្រើនលើកការដាច់ភ្លើង ពេលកំពុងត្រជាក់ខ្លាំង ។
នាព្រឹកថ្ងៃទី៧ កុម្ភៈ ការដាច់ភ្លើងកើតមានជាពិសេសនៅក្រុងគៀវ ដែលរងការប៉ះពាល់ខ្លាំងស្រាប់រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ នាព្រឹកនោះសីតុណ្ហភាពនៅក្រុងគៀវមាន៥អង្សាសេក្រោមសូន្យ ហើយនាថ្ងៃទី៩កុម្ភៈនឹងធ្លាក់ចុះដល់២០អង្សាសេក្រោមសូន្យ។ ការផ្ទុះនិងដាច់ភ្លើងក៏កើតមាននៅភាគខាងលិចអ៊ុយក្រែនដែរ ៕
ចែករំលែកព័តមាននេះ