រាជធានីភ្នំពេញ ៖ មកដល់ឆ្នាំ២០២៦នេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេចំនួន ៧ហើយ ខណៈក្នុងអំឡុងពេល៤ឆ្នាំទៅមុខទៀត នឹងមានស្ពានចំនួន៣ទៀតត្រូវបានសាងសង់រួច ។ នេះបើយោងតាមក្រសួងព័ត៌មានបានប្រកាសនាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។
រហូតមកដល់ពេលនេះ ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេបាសាក់ ដែលបានដាក់អោយប្រើប្រាស់ហើយ រួមមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន , ស្ពានមិត្តភាពកម្ពុជា-ចិន , ស្ពានព្រែកព្នៅ, ស្ពានព្រះមុន្នីវង្សចាស់,ស្ពានព្រះមុន្នីវង្សថ្មី,ស្ពានខ្សែកាបឬស្សីកែវ និងស្ពានកោះពេជ្រ-កោះនរា ។
ចំណែកសំណង់ស្ពានឆ្លងកាត់ទន្លេទី៨ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលកំពុងដំណើរការសាងសង់ គឺស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលឆ្លងទន្លេបាសាក់មានប្រវែងសរុប ១ ៦៥០ម៉ែត្រ ហើយគិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ បានសម្រេចបាន៥០ភាគរយហើយ ។
ស្ពានឆ្លងកាត់ទន្លេទី៨នេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ។
ចំពោះគម្រោងសំណង់ស្ពានឆ្លងកាត់ទន្លេទី៩ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលតភ្ជាប់សួនផ្សាររាត្រីទៅតំបន់អរិយក្សត្រ ដែលនឹងចំណាយថវិកាជិត២៥០លានដុល្លារ ។ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺជាស្ពាន ២កំណាត់តភ្ជាប់គ្នាដោយយកតំបន់ជ្រោយចង្វារជាអ័ក្សកណ្តាល
ពោល គឺកំណាត់ស្ពានទី១ ឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា និងកំណាត់ស្ពានទី២ ដែលចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ដែល គ្រោងនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ២០៣០ ។
ក្រៅពីនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីកោះនរា ស្ថិតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea – Mekong Quay) នៃក្រុងអរិយក្សត្រ នៃភូមិសាស្ដ្រខេត្តកណ្តាលដែលនឹងក្លាយទៅជាស្ពានទី១០ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ដល់តំបន់ខាងកើតដងទន្លេមេគង្គ ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានតភ្ជាប់កោះនរាទៅទីក្រុងរណបមេគង្គឃី ជាមួយតំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ប្រវែងស្ពាន និងកំណត់ពេលវេលាដែលនឹងត្រូវបើការដ្ឋានសាងសង់។
គួរកត់សម្គាល់ថា ស្ពានឆ្លងកាត់ទន្លេដែលសាងសង់កាន់តែច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ បានក្លាយជាមធ្យោបាយដ៏សំខាន់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងការដឹកជញ្ជូនទំនិញក៏កាន់តែលឿនរហ័ស វៀងទីក្រុង ឆ្លងកាត់តំបន់ម្ខាងនៃទន្លេសាប និងទន្លេបាសាក់ចូលមកភ្នំពេញ និងចេញពីភ្នំពេញទៅវិញយ៉ាងមានសុវត្ថិភាព ចំណេញពេលវេលា ព្រមទាំងកាត់បន្ថយការចំណាយ ៕
ចែករំលែកព័តមាននេះ