ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​លេខ ៣៧៦៤ (​ផ្លូវ​ប៊ូ​ស្រា​) ដើម្បី​ជំរុញ​សក្ដានុ​ពល​ទេសចរណ៍ និង​ការ​ដឹក​ជញ្ជូន​កសិផល

4 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ការ​ដឹក​ជញ្ជូន​ងាយស្រួល ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ឆ្ពោះទៅ​កាន់​តំបន់​ទេសចរណ៍​ល្បី​ៗ​ក្នុង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៦ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​កាត់​ជួសជុល​ផ្លូវ​ខេត្ត​លេខ ៣៧៦៤…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ការ​ដឹក​ជញ្ជូន​ងាយស្រួល ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ឆ្ពោះទៅ​កាន់​តំបន់​ទេសចរណ៍​ល្បី​ៗ​ក្នុង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៦ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​កាត់​ជួសជុល​ផ្លូវ​ខេត្ត​លេខ ៣៧៦៤ (​ផ្លូវ​ប៊ូ​ស្រា​) ក្រោម​វត្តមាន លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក រស់ គី​ម​ធន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​។

លោក រស់ គី​ម​ធន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ឲ្យ​ដឹង​ថា ផ្លូវ​ខេត្ត​លេខ ៣៧៦៤ គឺជា​ខ្សែ​ផ្លូវ​ដ៏​មាន​សក្ដានុពល​បំផុត ដែល​ត​ភ្ជាប់​ពី​ក្រុង​សែន​មនោ​រម្យ ទៅ​កាន់​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីល្បាញ គឺ​ទឹកជ្រោះ​ប៊ូ​ស្រា និង​តំបន់​ភ្នំ​ណាំ​លៀ​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា «​គម្រោង​ជួសជុល​នា​ពេល​នេះ មាន​ប្រវែង​សរុប ១,៦០០ ម៉ែត្រ ដោយ​ប្រើប្រាស់​បច្ចេកទេស​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាពរឹងមាំ និង​ឆ្លើយ​តប​ទៅ​នឹង​ទម្ងន់​ដឹក​ជញ្ជូន​កសិផល​របស់​បងប្អូន​កសិករ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​»​។

ក្នុង​ពិធី​នោះ លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្តមណ្ឌលគិរី បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​មន្ទីរ​ជំនាញ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​លើ​ការ​ថែទាំ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​។ លោក​បាន​ជំរុញ​ឱ្យ​ក្រុម​កា​ងារ​បច្ចេកទេស ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​គុណភាព​សំណង់ ដោយ​ត្រូវ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស ដើម្បី​ឱ្យ​ផ្លូវ​នេះ​មាន​ភាព​ធន់ ប្រើប្រាស់​បាន​យូរអង្វែង មិនមែន​ជួសជុល​ហើយ​ឆាប់​ខូច​វិញ​នោះ​ទេ​។

លោក​អភិបាលរង​ខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ដឹក​ជញ្ជូន​កសិផល សូមកុំ​ដឹក​លើស​ទម្ងន់​កំណត់ ដែល​ជាដើម​ហេតុ​ចម្បង​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច​។ លោក​ថា​៖ «​ផ្លូវ​គឺជា​សម្បត្តិ​រួម ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ថែរក្សា ដើម្បី​ផលប្រយោជន៍​រួម​ក្នុង​សហគមន៍​យើង​»​។​ហើយ​នៅ​ពេល​ផ្លូវ​ស្អាត លោក​បាន​ក្រើនរំលឹក​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ