ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរសន្តិវិធី និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ប៉ែន បូ​ណា​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​តវ៉ា​ប្រឆាំង​នឹង​ការ​រំ​លោ​.​ភ​បំពាន​របស់​ថៃ​ជា​បន្តបន្ទាប់ ស្រប​នឹង​ជំហរ​សហគមន៍​អន្តរជាតិ ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ដោយ​សន្តិវិធី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ប៉ែន បូ​ណា​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​តវ៉ា​ប្រឆាំង​នឹង​ការ​រំ​លោ​.​ភ​បំពាន​របស់​ថៃ​ជា​បន្តបន្ទាប់ ស្រប​នឹង​ជំហរ​សហគមន៍​អន្តរជាតិ ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ដោយ​សន្តិវិធី ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០២៦ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​អំពី​ការ​បន្ត​ការ​តវ៉ា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​ការ​រំ​លោ​.​ភ​បំពាន​របស់​ថៃ ស្រប​នឹង​ជំហរ​សហគមន៍​អន្តរជាតិ​ដែល​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ដោយ​សន្តិវិធី ។

ឯកឧត្តម​ថា តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា​បាន​សម្តែង​ការ​តវ៉ា​ជា​ផ្លូវការ និង​យ៉ាង​ខ្លាំងក្លា​ជា​ថ្មី​ម្តងទៀត កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដោយ​បាន​ជំទាស់​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​រាំងផ្លូវ តាម​រយៈ​ការ​ដាក់​របាំង​កុងតឺន័រ និង​ការ​សាងសង់​ផ្លូវ​ចូល​ទៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តឧត្តរមានជ័យ និង​ពោធិ៍សាត់ ។

លិខិតតវ៉ា​នោះ​បាន​បញ្ជាក់​ថា ទីតាំង​ដែល​ថៃ បាន​ដាក់​ទូរ​កុងតឺន័រ​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ទាំងស្រុង ដូចដែល​បាន​កំណត់​ក្នុង​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ។ ចំណែកឯ​ការ​សាងសង់​របាំង និង​ផ្លូវ​នៅ​ក្នុង​ទឹកដី​កម្ពុជា ដែល​កាន់កាប់​ដោយ​កងកម្លាំង​ថៃ តាម​មធ្យោបាយ​យោធា ក្នុងអំឡុងពេល​នៃ​ការ​វាយលុក​របស់​ពួក​គេ​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​ចំណុច​ទី​១ នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ឯកឧត្តម​បាន​លើក​លើង​ថា សកម្មភាព​ទាំងនេះ បាន​រារាំង​បន្ថែម​ទៀត​ដល់​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព និង​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​ទៅ​កាន់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ហើយ​វា​ជា​ការ​ប៉ុនប៉ង​ដោយ​ចេតនា ក្នុង​ការ​កំណត់​ឡើង​វិញ​នូវ​បរិយាកាស​សន្តិសុខ និង​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង នៅ​ក្នុង​តំបន់​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​ខុសច្បាប់​របស់​ប្រទេស​ថៃ ដែល​ជា​ការ​រំ​លោ​.​ភលើ​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ក៏​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​អះអាង​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​ដែល​ថា ប្រាសាទ​តា​ក្របី និង​តំបន់​ប្រាសាទ​តា​មាន់ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ថៃ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​បញ្ជាក់​ថា ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងនេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា​ទាំងស្រុង ដូច​មាន​កំណត់​ច្បាស់​ក្នុង​អនុសញ្ញា និង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ ១៩០៤ និង​១៩០៧ ដែល​មាន​ផែនទី​ឧ​ប​សម្ព័ន្ធ​ភ្ជាប់​ជាមួយ ហើយ​ក៏​ដូច​គ្នា​ជាមួយនឹង​មូលដ្ឋាន​ផ្លូវច្បាប់​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ប្រើ​កាលពី​ឆ្នាំ​១៩៦២ ដើម្បី​កាត់ក្តី​សំណុំរឿង​ប្រាសាទព្រះវិហារ​ដែរ ។

ដូច្នេះ ការ​ទាមទារ​ដោយ​ប្រើ​ផែនទី​ឯកតោភាគី​ដែល​ច្បាប់​អន្តរជាតិ​មិន​ទទួលស្គាល់​គ្មាន​តម្លៃ​ផ្លូវច្បាប់​ដែល​អាច​មក​លុប​លើ​សន្ធិសញ្ញា​ទ្វេភាគី​បាន​ឡើយ ។ រីឯ​ការងារ​ជួសជុល​ណាមួយ​ដែល​គ្មាន​ការ​យល់ព្រម​ពី​ប្រទេស​កម្ពុជា គឺជា​ការ​រំ​លោ​.​ភលើ MOU ឆ្នាំ​2000 ក៏​ដូច​ជា ការ​មើល​ស្រាល​ដល់​ស្មារតី​សហ​ប្រប​ត្តិ​ការ​អាស៊ាន ។

ចំណែកឯ​ការ​ដណ្តើម​កាន់កាប់​ទីតាំង​វប្បធម៌​ប្រវត្តិសាស្ត្រ ដោយ​កម្លាំងយោធា​ត្រូវ​បាន​ហាមឃាត់​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​អនុសញ្ញា​ទីក្រុង​ឡា​អេ ឆ្នាំ​១៩៥៤ ស្តី​ពី​ការ​ការពារ​សម្បត្តិ​វប្បធម៌​នៅ​ក្នុង​ព្រឹត្តិការណ៍​ជម្លោះ​ប្រដាប់​អាវុធ ។

អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ក្រៅពី​អនុសញ្ញា​សន្ធិសញ្ញា និង​ឯកសារ​ផែនទី ដ៏​មាន​តម្លៃ និង​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ដែល​ជា​មរតក​បន្សល់​ពី​សម័យ​អាណាព្យាបាល​កម្ពុជា និង​ថៃ ក៏​មាន​កិច្ចព្រមព្រៀងទ្វេភាគី​ជា​ច្រើន​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី និង​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ក្នុង​នោះ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ គឺជា​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ខ​ណ្ឌ័​សីមា​ព្រំដែន (JBC) ដើម្បី​បន្តការងារ​របស់​ខ្លួន ដើម្បី​វាស់វែង​ខ្សែ​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​សង្កត់ធ្ងន់​ថា សហគមន៍​តំបន់ និង​អន្តរជាតិ សុទ្ធតែ​សម្តែង​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​បទ​ឈប់​បា​.​ញ់ និង​ជំរុញ​ឱ្យ​កម្ពុជា និង​ថៃ ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​មូលដ្ឋាន​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ និង​ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ដោយ​ចៀសវាង​ការ​ប្រើ​កម្លាំង ពោល គឺ​សហគមន៍​អន្តរជាតិ​កំពុង​ការពារ​ច្បាប់​អន្តរជាតិ ក្នុង​នោះ​ក៏​មាន​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ​ផង​ដែរ ។

ដូច្នេះ កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​រាល់​សកម្មភាព​រំ​លោ​.​ភ​បំពាន​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ជា​បន្ទាន់ ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ស្រប​តាម​គោលបំណង​របស់​សហគមន៍​តំបន់ និង​អន្តរជាតិ​ដែល​ចង់បាន​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា កម្ពុជា​ប្តូរផ្តាច់​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ