ទុរេនសាច់ក្រហម អាចក្លាយជាផលិតផលទេសចរណ៍កសិកម្មដ៏សំខាន់ថ្មីរបស់ម៉ាឡេស៊ី
ទីក្រុងគូឡាឡាំពួ ៖ សមាជិកសភាម៉ាឡេស៊ី លោក Masiung Banah បានលើកឡើងថា ផ្លែទុរេនមេរ៉ា (Merah) ដ៏កម្ររបស់កោះបរណេអូ…
ទីក្រុងគូឡាឡាំពួ ៖ សមាជិកសភាម៉ាឡេស៊ី លោក Masiung Banah បានលើកឡើងថា ផ្លែទុរេនមេរ៉ា (Merah) ដ៏កម្ររបស់កោះបរណេអូ…
ទីក្រុងគូឡាឡាំពួ ៖ សមាជិកសភាម៉ាឡេស៊ី លោក Masiung Banah បានលើកឡើងថា ផ្លែទុរេនមេរ៉ា (Merah) ដ៏កម្ររបស់កោះបរណេអូ (Borneo) ដែលត្រូវបានស្គាល់ថា ទុរេនសាច់ក្រហម អាចក្លាយជាផលិតផលទាក់ទាញទេសចរណ៍កសិកម្មដ៏សំខាន់ និងជាដំណាំពាណិជ្ជកម្ម ប្រសិនបើវាត្រូវបានអភិវឌ្ឍឱ្យបានត្រឹមត្រូវ។
បើតាមការចេញផ្សាយពីសារព័ត៌មាន The Star របស់ម៉ាឡេស៊ី បានឱ្យដឹងថា សមាជិកសភាតំបន់គួមុត (Kuamut) នៃរដ្ឋសាបា (Sabah) បានជំរុញឱ្យនាយកដ្ឋានកសិកម្មរដ្ឋធ្វើការស្រាវជ្រាវកាន់តែស៊ីជម្រៅអំពីតម្លៃអាហារូបត្ថម្ភរបស់ទុរេនមេរ៉ា និងស្វែងយល់អំពីបច្ចេកវិទ្យាទំនើប ដើម្បីផលិតគ្រាប់ពូជដែលមានគុណភាពខ្ពស់ បើកផ្លូវដល់ការដាំដុះទ្រង់ទ្រាយធំ។
លោកបានស្នើឱ្យក្រសួងកសិកម្ម នេសាទ និងឧស្សាហកម្មម្ហូបអាហាររដ្ឋសាបា ចាប់ផ្តើមដោយការអភិវឌ្ឍការបង្កាត់ដែលល្អប្រសើរ ងាយស្រួលប្រមូលផលជាងពូជដើម ដែលបច្ចុប្បន្នមាននៅក្នុងព្រៃ។
លោកកត់សម្គាល់ថា ទុរេនមេរ៉ា ជាផ្លែឈើប្រពៃណីជាយូរមកហើយក្នុងចំណោមសហគមន៍ជនជាតិភាគតិចស៊ុនកៃ (Sungai) នៅក្នុងស្រុកជាច្រើនភាគខាងជើងរដ្ឋសាបា ហើយក៏ទទួលបានប្រជាប្រិយភាពនៅទូទាំងរដ្ឋសាបា និងរដ្ឋសារ៉ាវ៉ាក់ (Sarawak) ផងដែរ។ លោកបន្ថែមថា សាច់ក្រហមរបស់ទុរេននេះ ច្រើនតែត្រូវបានចម្អិនជាមួយគ្រឿងទេស ដើម្បីធ្វើទឹកជ្រលក់ម្ទេសសំបល (Sambal) ដែលជាទឹកជ្រលក់ម្ទេសនៅតែមានប្រជាប្រិយភាពខ្លាំងនៅភាគខាងជើងរដ្ឋសាបា និងអាចទាក់ទាញទីផ្សារអាស៊ីកាន់តែទូលំទូលាយ។
លើសពីនេះទៀត លោក Masiung បានអំពាវនាវឱ្យមានការស្រាវជ្រាវលើបច្ចេកទេសផ្សាំទុរេន ដោយបានលើកឡើងថា គោលដៅគួរតែជាការដាំដុះទុរេននេះ និងប្រែក្លាយវាពីរុក្ខជាតិព្រៃតាមរដូវទៅជាផលិតផលកសិកម្មទំនើបដ៏សំខាន់នៅរដ្ឋសាបា។
លោកបានគូសបញ្ជាក់ថា ទុរេនប្រភេទនេះ បច្ចុប្បន្នពិបាកប្រមូលផលខ្លាំងណាស់ ព្រោះវាមិនជ្រុះនៅពេលទុំ ដែលមានន័យថា អ្នកត្រូវតែឡើងដើមឈើខ្ពស់ៗដើម្បីបេះ។ លោកក៏បានពណ៌នាអំពីសាច់ពណ៌ក្រហមភ្លឺរបស់ទុរេនមេរ៉ាថាមានក្លិនតិចជាង ស្ងួតជាង និងមានរសជាតិផ្អែមតិចជាងបើប្រៀបធៀបទៅនឹងទុរេនពូជធម្មតាសាច់ពណ៌លឿង៕ ប្រភព ៖ VnExpress



ចែករំលែកព័តមាននេះ