ប៉ូលិសក្រុងហូជីមិញចាប់ខ្លួនក្រុមលក់ទឹកអប់ម៉ាកល្បីៗក្លែងក្លាយ តម្លៃជិត៤០ម៉ឺនដុល្លារ
ប្រទេសវៀតណាម ៖ មនុស្ស ៤ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) ពីបទលក់ទឹកអប់ក្លែងក្លាយចំនួន ១…
ប្រទេសវៀតណាម ៖ មនុស្ស ៤ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) ពីបទលក់ទឹកអប់ក្លែងក្លាយចំនួន ១…
ប្រទេសវៀតណាម ៖ មនុស្ស ៤ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) ពីបទលក់ទឹកអប់ក្លែងក្លាយចំនួន ១ ម៉ឺនដប រួមមានម៉ាកយីហោល្បីៗ Chanel, Versace, Burberry និងទឹកអប់ផ្សេងទៀតក្នុងតម្លៃសរុប ១០ ពាន់លានដុង ឬប្រហែល ៣៨៦ ៤០០ដុល្លារអាមេរិក ដោយពួកគេបានអះអាងថា ទឹកអប់សុទ្ធ ១០០%។ នេះបើតាមប្រភពពីសារព័ត៌មាន VnExpress នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
យុទ្ធនាការបង្ក្រាបរបស់ប៉ូលិសបានរកឃើញឃ្លាំងចំនួន ៣ នៅក្នុងទីក្រុងហូជីមិញ ដែលមានទំនាក់ទំនងជាមួយឈ្មោះ Le Thi Kim Tuyen អាយុ៣៦ឆ្នាំ និងមនុស្ស ៣ នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងទឹកអប់ក្លែងក្លាយមួយចំនួនធំ។ ការស៊ើបអង្កេតបឋមបង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមនេះបានលក់ទឹកអប់ជាង ១ ម៉ឺនដប ភាគច្រើនលក់តាមអនឡាញ។ ប៉ូលិសបានអះអាងថា ទឹកអប់ទាំងនេះមិនបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងបង្កហានិភ័យដល់សុខភាព រួមទាំងលទ្ធភាពនៃការបង្កជំងឺរ៉ាំរ៉ៃ ប្រសិនបើប្រើប្រាស់ក្នុងរយៈពេលយូរ។
នាយកដ្ឋានប៉ូលិសសេដ្ឋកិច្ចបានព្រមានថា នៅពេលដែលតម្រូវការទិញទំនិញកើនឡើងមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីវៀតណាម អ្នកប្រើប្រាស់គួរយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រភពដើមផលិតផលនៅពេលទិញតាមអនឡាញ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានក៏បានជំរុញឱ្យវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (លក់អនឡាញ) ប្តេជ្ញាមិនចែកចាយទំនិញក្លែងក្លាយ និងសហការជាមួយអាជ្ញាធរ ដើម្បីធានាបាននូវតម្លាភាពក្នុងការស្វែងរកប្រភពផលិតផលពិតប្រាកដ៕


ចែករំលែកព័តមាននេះ