ខេត្តបាត់ដំបង ៖ ក្នុងរយៈពេលត្រឹមមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ដែលខ្មែរកាត់ចិនមួយចំនួននឹងរៀបចំពិធីសែន «ចូលឆ្នាំចិន» ។ រីឯអ្នកលក់ «ផ្កាអង្គារសីល» ដែលខ្មែរកាត់ចិន តែងទិញយកទៅដាក់តាំងលំអនៅក្នុងពិធីនេះ តាមហាង ឬ នៅតាមគេហដ្ឋាន ហាក់មិនមានទីផ្សារមិននឹងនរ ខណៈអ្នកលក់មានចំនួនកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ។ នេះជាការលើកឡើងរបស់អ្នកនិយមលក់ផ្កាអង្គារសីល ដែលភាគច្រើនជាអ្នកខេត្តពោធិ៍សាត់ ។

ប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញដើម «ផ្កាអង្គារសីល» ត្រូវបានគេដាក់តាំងលក់ជាហូរហែដូចដង មុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់នៅរ៉បដងស្ទឹងសង្កែ ត្រើយខាងកើត នៃក្រុងបាត់ដំបង ប៉ុន្តែហាក់មានភាពសោះកក្រោះបំផុត ខុសពីឆ្នាំមុនៗ ។ បុរសម្នាក់ដែលកំពុងបាញ់ទឹកស្រោចលើដើមផ្កាជាប្រចាំបាននិយាយថា បើតាមលោកសង្កេតមើលទៅលើទីផ្សារ «ផ្កាអង្គារសីល៍» ក្នុងឆ្នាំនេះហាក់ធ្លាក់ថ្លៃបន្តិច បើទោះជាពលនេះ មិនទាន់កៀកដល់ថ្ងៃចូលឆ្នាំចិនក្ដី ។ រីឯអ្នកលក់ក៏មិនសូវមានច្រើនដែរ ។ ពោល៖ អ្នកលក់ផ្កាកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ។

គាត់បានលើកជាឧទាហរណ៍ទៅលើដើមផ្កាអង្គារសីលមួយដើមធំថា «កាលឆ្នាំមុនៗ ដើមផ្កាធំមួយដើមមានតំលៃចន្លោះពី៥០ ទៅ៦០ម៉ឺនរៀល តែឆ្នាំនេះលក់បានតំលៃយ៉ាងច្រើនត្រឹម៣០ម៉ឺនរៀល ឬទៅ៤០ម៉ឺនរៀលប៉ុណ្ណោះ ។ ដូច្នេះ ឆ្នាំនេះ បើតាមលោកសង្កេតមើល ផ្កាអង្គារសីល៍មិនលក់មិនបានថ្លៃទេ» ។ តើមូលហេតុអ្វីបានជាឆ្នាំនេះ ផ្កាអង្គារសីល៍ធ្លាក់ចុះ អ្នកលក់ផ្កាអង្គារសីលដែលមានប្រវត្តិជាង២០ឆ្នាំរូបនេះ បានផ្ដល់ចម្លើយយ៉ាងខ្លី ងាយៗថា «បើតាមមើលទៅ មកពីសេដ្ឋកិច្ចធ្លាក់ចុះ» ។

មិនខុសពីការលើកឡើងរបស់បុរសខាងលើប៉ុន្មានទេ អំពីទីផ្សារផ្ការអង្គារសីល និងការថយចុះនៃអ្នកធ្វើជំនួញផ្កាអង្គារសីល៍នេះ ។ អង្គុយត្រម៉ង់ត្រម៉ោចលើចិញ្ចើមថ្នល់ រង់ចាំម៉ូយចូលទិញផ្កា ដែលមានប្រហែលជាង៣០ដើម ដាក់តាំងលក់ជាមួយគេឯងដែរ បុរសវ័យ៥០ប្លាយ មកពីខេត្តពោធិ៍សាត់ កាត់ដឹកដើមផ្កាមកដាល់លក់ប៉ុន្មានថ្ងៃហើយ តែលក់មិនទាន់ដាច់សោះ សូម្បីតែមួយដើម ។ ប៉ុន្តែគាត់ហាក់មានសុទិឌ្ឋិនិយមបន្តិចខុសពីបុរសខាងលើ ដោយគាត់មានជំនឿថា ទីផ្សារផ្ការអង្គារសិលឆ្នាំនេះ មើលទៅមិនធ្លាក់ប៉ុន្មានទេ ។
ព្រោះពេលនេះ អ្នកនិយមទិញផ្កាអង្គារសីល៍យកទៅតាំងលំអនៅមិនទាន់ដល់ពណេលគេងត្រូវទិញ ។ ដូច្នេះ លោកគិតថា បើធ្លាក់ថ្លៃ ក៏ខុសគ្នាតិចទូចប៉ុណ្ណោះ ។ គាត់និយាយបែបនេះ ដោយផ្អែកលើចំនួនអ្នកលក់ផ្កាអង្គារសិលឆ្នាំនេះ ហាក់មានការថយចុះច្រើន ដូច្នេះតំលៃផ្ការអង្គារសិលអាចរក្សាបានតំលៃដដែល ។

ជនជាតិចិន ជនជាតិវៀតណាម កំពុងរៀបចំត្រៀមប្រារព្វពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិពួកគេ នៅក្នុងរយៈពេលមួយសប្ដាហ៍ទៀតខាងមុខនេះ ។ ដោយឡែក នៅក្នុងប្រទេសកម្ពុជាឯណេះវិញ គេសង្កេតឃើញ ខ្មែរមានសែស្រឡាយចិន (ខ្មែរកាត់ចិន)មួយចំនួនក៏មិនចាញ់ជនជាតិ ចិន ឬវៀតណាម ដែលជាម្ចាស់បុណ្យប្រពៃណីនេះដែរ ។

ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃចូលឆ្នាំចិន វៀតណាម គេឃើញខ្មែរ កាត់ចិន ក៏បានរៀបចំតុបតែងគេហដ្ឋាន ហាងលក់ទំនិញ ឬ តាមបណ្ដាភោជនីយដ្ឋានធំៗ បំពាក់លំអដោយគ្រឿងប្រពៃណី ក្រហមឆ្អិនឆ្អៅ ជាមួយនឹងដើមផ្កាអង្គារសិលរីកស្គុះស្គាយពណ៌លឿងដេរដាស់ពាស់ពេញទី
តាំង ។

យ៉ាងណាក្ដី នេះជាទំនៀមទំលាប់ និងជាប្រពៃណី ទៅតាមជាតិសាស្ត្រនីមួយៗ ដែលតែងគោរពរបស់ពួកគេពីដូនតារហូតមក ។ ទោះយ៉ាងណា សូមបងប្អូនខ្មែរ សែស្រឡាយចិន ឬវៀតណាម បើរៀបចំពិធីសប្បាយៗ សូមកុំបំផ្ទុះសម្លេង«ផាវ» នាំឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ ឬកុំឲ្យដូចពាក្យថា «សែនចិន ស្រវឹងខ្មែរ» ៕
ចែករំលែកព័តមាននេះ