សង្គ្រាមអ៊ុយក្រែន ៖ ក្រុមហ៊ុនថាមពលអ៊ុយក្រែន UKRENERGO អះអាងតាមតេឡេក្រាមថា រុស្ស៊ីកាលពីព្រឹកថ្ងៃទី៧ កុម្ភៈ បានវាយប្រហារខ្លាំងក្លាជាថ្មីប្រឆាំងបណ្ដាទីតាំងបណ្ដាញអគ្គិសនីអ៊ុយក្រែន បណ្ដាលឲ្យដាច់ភ្លើងក្នុងផ្នែកដ៏ធំរបស់ប្រទេស ពេលធាតុអាកាសកំពុងត្រជាក់ខ្លាំងបំផុត ។

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនោះនិយាយថា មកពីការខូចខាតដោយសារការវាយប្រហាររបស់សត្រូវការផ្ដាច់ភ្លើងបន្ទាន់ត្រូវបានធ្វើ ក្នុងតំបន់ភាគច្រើន ខណៈការវាយប្រហារកំពុងបន្ត។ រុស្ស៊ីបានធ្វើចាប់តាំងពីច្រើនខែមកហើយ នូវយុទ្ធនាការវាយប្រហារប្រឆាំងបណ្ដាញថាមពលអ៊ុយក្រែន នាំឲ្យមានវិបត្តិអាក្រក់បំផុតដល់ផ្នែកផ្គត់ផ្គង់ភ្លើង ។
ពលរដ្ឋអ៊ុយក្រែនច្រើនរយពាន់គ្រួសារ ជួបប្រទះច្រើនលើកការដាច់ភ្លើង ពេលកំពុងត្រជាក់ខ្លាំង។ នាព្រឹកថ្ងៃទី៧ កុម្ភៈ ការដាច់ភ្លើងកើតមានជាពិសេសនៅក្រុងគៀវ ដែលរងការប៉ះពាល់ខ្លាំងស្រាប់រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ នាព្រឹកនោះសីតុណ្ហភាពនៅក្រុងគៀវមាន៥អង្សាសេក្រោមសូន្យ ហើយនាថ្ងៃទី៩ កុម្ភៈ នឹងធ្លាក់ចុះដល់២០អង្សាសេក្រោមសូន្យ ។ ការផ្ទុះនិងដាច់ភ្លើងក៏កើតមាននៅភាគខាងលិចអ៊ុយក្រែនផងដែរ។
ការវាយប្រហារថ្មីនោះរបស់រុស្ស៊ីកើតមានក្រោយពីមានការបាញ់ក្រហារនៅក្រុងមូស្គូ បណ្ដាលឲ្យរបួសអ្នកទទួលខុសត្រូវជាន់ខ្ពស់ខាងផ្នែកស៊ើបការណ៍យោធារុស្ស៊ីមួយរូប ឧត្ដមសេនីយវ្ល៉ាឌីមៀរអាឡិចសីអ៊ីយេវ។ អាជ្ញាធររុស្ស៊ីបានទម្លាក់ការទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះលើអ៊ុយក្រែន។
បណ្ដាអ្នកទទួលខុសត្រូវរុស្ស៊ី អ៊ុយក្រែននិងអាមេរិកនាថ្ងៃទី៥កុម្ភៈ បានចរចាគ្នាថ្ងៃទី២នៅទីក្រុងអាប៊ូដាប៊ី សំដៅបញ្ចប់សង្គ្រាមអ៊ុយក្រែនដែលកើតមាន៤ឆ្នាំមកហើយ ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីអះអាងជាថ្មីថា ប្រទេសលោកនឹងមិនទទួលយកបណ្ដាកិច្ចព្រមព្រៀង ដែលចុះហត្ថលេខារវាងអាមេរិកនិងរុស្ស៊ី ដោយគ្មានការចូលរួមរបស់អ៊ុយក្រែន ពិសេសស្ដីពិបញ្ហាដែនដី។
រុស្ស៊ីដែលកាន់កាប់ដែនដីអ៊ុយក្រែន២០%ចង់ត្រួតត្រាទាំងស្រុងតំបន់ដុនបាស់ភាគខាងកើតប្រទេសនោះ និងឲ្យអ៊ុយក្រែនដកទ័ពចេញពីបណ្ដាកន្លែងដែលខ្លួននៅត្រួតត្រាក្នុងតំបន់នោះនៅឡើយ។ លោកថាការទាមទារនេះមិនអាចទទួលយកបានឡើយសម្រាប់ក្រុងគៀវ។ ទោះបីយ៉ាងណា វិមានក្រឹមឡាំងអះអាងរួចហើយ នាថ្ងៃទី៤ កុម្ភៈ ថា បើដរាបណារបបក្រុងគៀវពុំធ្វើសេចក្ដីសម្រេចសមស្របទេ នោះប្រតិបត្តិការយោធាពិសេសនឹងបន្តទៀត។
នាពេលថ្មីៗនេះវិមានក្រឹមឡាំងធ្លាប់អះអាងថា លក្ខខណ្ឌសំខាន់បំផុតមួយក្នុងចំណោមលក្ខខណ្ឌទាំងអស់ ដើម្បីបញ្ចប់ជម្លោះគឺកងទ័ពអ៊ុយក្រែនត្រូវដកចេញទាំងអស់ពីបណ្ដាតំបន់ដែលខ្លួនបន្តឈរជើងនៅដុនបាស់ភាគខាងកើតអ៊ុយក្រែន ៕
ចែករំលែកព័តមាននេះ