ពលរដ្ឋអារ៉ាប់ប៊ីសាអូឌីត ៣៥លាននាក់ ដែលមួយឆ្នាំពួកគេអាចចំណាយលុយប្រមាណជា២៧ ពាន់លានដុល្លារធ្វើដំណើរទេសចរណ៍ អាចកំពុងតែបើកភ្នែកសម្លឹងមកមើលលើវិស័យទេសចរណ៍នៅកម្ពុជា ទោះបីជាស្ថិតិទីផ្សារទេសចរណ៍នេះនៅកម្ពុជាតូចក៏ដោយ ។
សេចក្តីសង្ឃឹមនេះ ត្រូវបានលាតត្រដាង នៅក្នុងអំឡុពេលដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយនឹងលោក វ៉ាលីត ណាស័រ អាសឺរី (WALEED NASSER ALSHEHRI) ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត នៅក្រសួងនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។

ក្រសួងទេសចរណ៍បានឲ្យដឹងថា លទ្ធផលនៃជំនួបនេះនឹងបើកផ្លូវសម្រាប់រៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា នាពេលខាងមុខដែលក្នុងនោះនឹងមានការចូលរួមពីធុរជនសំខាន់ៗជាច្រើនរូបមកពីវិស័យផ្សេងៗគ្នា ។
ប្រភពដដែលបានបន្ថែមថា នៅក្នុងជំនួបនោះក៏មានការពិភាក្សាផ្តោតលើការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍, ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញទេសចរពីអារ៉ាប៊ីសាអូឌីត ឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង ។
មកដល់ពេលនេះទំនាក់ទំនង និងទីផ្សារទេសចរណ៍រវាងកម្ពុជា និងមជ្ឈឹមបូព៌ា ជាពិសេសគឺ អារ៉ាប់ប៊ីសាអូឌីតនៅមានទំហំតូចនៅឡើយ ៕
ចែករំលែកព័តមាននេះ