ខេត្តកំពង់ស្ពឺ៖ មុស្សប្រុស-ស្រី ជាពិសេសចាស់ៗ លោកយាយ លោកតា បានរងរបួសធ្ងន់ស្រាលប្រមាណ១៤នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលលោកតាវ័យ៧០ឆ្នាំបើកបររថយន្តក្នុងល្បឿនលឿនធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើខាងឆ្វេងដៃ បណ្តាលឱ្យរងរបួសរណូករណែលតែម្តង។
ហេតុការណ៍លោកតាវ័យ៧០ឆ្នាំ បើកបររថយន្តធ្លាក់ផ្លូវបុកដើមឈើបណ្តាលឱ្យរងរបួសមនុស្សជាង១០នាក់ បានកើតឡើងកាលពីវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលំ ស្ថិតនៅក្នុងភូមិល្ងឹម ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿនបាននិយាយឱ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា (TOYOTA HILUX VIGO) ប្រភេទដឹកទំនិញ PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AA-4155 បេីកបរក្នុងល្បឿនលឿនរួចរេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើ នៅខាងឆ្វេងដៃនៃផ្លូវ ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បញ្ជាក់ឱ្យដឹងទៀតថា រថយន្ត TOYOTA HILUX VIGO PICKUP បើកបរដោយឈ្មោះ មាស អិត ភេទប្រុស អាយុ ៧០ឆ្នាំ បានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកអ្នករួមដំណេីរសរុប១៤នាក់ទៀតបានរងរបួសធ្ងន់-ស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានសមត្ថកិច្ចនគរបាលសហការបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ អ្នករបួសនិងអ្នកបេីកបរ មានទីលំនៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បើតាប្រជាពលរដ្ឋបាននិយាយថា លោកតា លោកយាយ ដែលធ្វើដំណើរតាមរថយន្តជួបគ្រោះថ្នាក់ខាងលើ ពួកគាត់បានមកធ្វើបុណ្យនៅក្នុងវត្តសំពៅអណ្តែត ស្ថិតនៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញក៏ជួបគ្រោះថ្នាក់បុកដើមឈើ នៅក្នុងភូមិល្ងឹម ឃុំត្រពាំងជោរ តែម្តងទៅ។
លោកអធិការនគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា បើយោតាមសាក្សីឃេីញហេតុការណ៍ថា រថយន្ដខាងលើ បានបើកបរតាមបណ្តោយផ្លូវលំពីទិសខាងជើងទៅទិសខាងត្បូងលុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើរថយន្ដ ក៏បានរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើខណៈកំពុងបើកបររថយន្តក្នុងល្បឿនលឿន មិនអាចគ្រប់គ្រងស្ថានការណ៍បាន។ រីឯវត្ថុតាងរថយន្ត ត្រូវបាននគរបាលជំនាញអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕



ចែករំលែកព័តមាននេះ