ទីក្រុងតេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសស្គីន បានបង្ហាញសញ្ញាវិជ្ជមានដោយចាត់ទុកកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជាមួយសហរដ្ឋអាម៉េរិកនៅប្រទេសអូម៉ង់ថាជាសញ្ញាវិជ្ជាមានក្នុងការដោះស្រាយវិបត្តិដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Xinhua, Aljazeera និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈនេះ។
ជំនួបដ៏កម្រនេះបានកើតឡើងក្រោមការសម្របសម្រួលពីបណ្តាប្រទេសជាមិត្តក្នុងតំបន់អាស៊ីខាងលិច ចំពេលដែលភាពតានតឹងយោធានៅមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង និងបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញានុយក្លេអ៊ែររវាងអាម៉េរិក និងរុស្ស៊ី។ ទោះបីជាអ៊ីរ៉ង់នៅតែរក្សាជំហរម៉ឺងម៉ាត់ប្រឆាំងនឹងការប្រើសង្គ្រាមពាក្យសម្ដីគំរាមកំហែងពីសំណាក់វ៉ាស៊ីនតោន ប៉ុន្តែការងាកមករកតុចរចាដោយផ្អែកលើគោលការណ៍គោរពគ្នានេះ ត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមដ៏ល្អដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំ និងស្វែងរកស្ថិរភាពសកលឡើងវិញ៕
ចែករំលែកព័តមាននេះ