ទីក្រុងបាងកក៖ ប្រទេសថៃកំពុងរាប់សន្លឹកឆ្នោត សង្ឃឹមថានឹងដឹងលទ្ធផលក្រៅផ្លូវការជាបណ្ដើរៗនៅយប់នេះ។ បេក្ខជនអ្នកតំណាងរាស្ត្រសរុបជាង៥ពាន់នាក់មកពីគណបក្សនយោបាយចំនួន៥៧ប្រកួតប្រជែងគ្នាដណ្ដើមអាសនៈនៅក្នុងរដ្ឋសភា។ ប៉ុន្តែគណបក្សដែលសង្ឃឹមទទួលបានសំឡេងគាំទ្រច្រើនជាងគេមានតែបីទេគឺគណបក្សប្រជាជន, ភឿថៃ និងភូមិចៃថៃ។

រហូតមកដល់ពេលនេះ សន្លឹកឆ្នោត២៥%ត្រូវបានរាប់រួចរាល់អស់ហើយ ហើយបង្ហាញថាគណបក្សភូមិចៃថៃរបស់លោកអនុទីន ចាន់វីរៈគុលកំពុងនាំមុខគេ។ គេព្យាករថាគណបក្សនេះអាចនឹងទទួលបាន១៧៩អាសនៈ។ ពោលគឺនាំមុខគណបក្សប្រជាជនរហូតដល់១០០អាសនៈ។ គណបក្សប្រជាជនអាចនឹងទទួលបាន៧១អាសនៈ ខណៈដែលគណបក្សភឿថៃអាចនឹងទទួលបាន៦៤អាសនៈ។

គេគិតថាគ្មានគណបក្សណាមួយអាចទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាតដែលអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាននោះឡើយ។ ហេតុនេះ ប្រទេសថៃប្រហែលជាត្រូវបង្កើតរដ្ឋាភិបាលចម្រុះនៅអាណត្តិថ្មី។ ម៉្យាងទៀត ថ្ងៃនេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃដែលប្រជាជនបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រផង និងបោះឆ្នោតប្រជាមតិផង។

នៅលើសន្លឹកឆ្នោតរបស់ខ្លួន អុ្នកបោះឆ្នោតត្រូវឆ្លើយនឹងសំណួរថាតើពួកគេគិតថាគួរតែដូររដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលតាក់តែងឡើងដោយក្រុមយោធាកាលពីឆ្នាំ២០១៧នោះដែរឬទេ? លទ្ធផលរាប់សន្លឹកឆ្នោតបឋមបង្ហាញថាប្រជាជនថៃ៦០%គាំទ្រឱ្យដូររដ្ឋធម្មនុញ្ញ។ មានន័យថា២/៣នៃអ្នកបោះឆ្នោតគាំទ្រចង់បានរដ្ឋធម្មនុញ្ញថ្មីដែលកំណត់អនាគតប្រទេសជាតិ។

លទ្ធផលស្ទង់មតិចំនួន២បង្ហាញថាគណបក្សភូមិចៃថៃនឹងឈ្នះឆ្នោត ហើយនឹងទទួលបាន១៥០អាសនៈ។ ចំណែកការស្ទង់មតិមួយទៀតបង្ហាញថាគណបក្សប្រជាជនទៅវិញទេដែលជាអ្នកឈ្នះឆ្នោត។ តាមពិត ការស្ទង់មតិទាំងនេះធ្វើឡើងតាំងពីប៉ុន្មានថ្ងៃមុនការបោះឆ្នោត។ ប៉ុន្តែលទ្ធស្ទង់មតិមិនអនុញ្ញាតឱ្យផ្សព្វផ្សាយទេរហូតដល់ពេលបិទមណ្ឌលបោះឆ្នោតទូទាំងប្រទេសនៅម៉ោង៥ល្ងាច។

ការស្ទង់មតិរបស់វិទ្យាស្ថានជាតិដើម្បីការអភិវឌ្ឍ ហៅកាត់ថាណៃដា (NIDA) បង្ហាញថា៖ គណបក្សភូមិចៃថៃអាចនឹងទទួលបាន១៤០-១៥០អាសនៈ, គណបក្សប្រជាជនទទួលបាន១២៥ទៅ-១៣៥អាសនៈ និងគណបក្សភឿថៃទទួលបាន១១០-១២៥អាសនៈ។ នេះជាការស្ទង់មតិប្រជាជន២៨៩៥នាក់ចាប់ពីថ្ងៃទី៣១ ខែមករាដល់ថ្ងៃទី៦ ខែកុម្ភៈ។ យោងតាមការស្ទង់មតិនេះ គណបក្សប្រជាជនឈ្នះអាសនៈទាំង៣៣នៅទីក្រុងបាងកក។ ចំពោះការបោះឆ្នោតប្រជាមតិពាក់ព័ន្ធនឹងការគួរដូរ ឬមិនគួរដូររដ្ឋធម្មនុញ្ញ ការស្ទង់មតិរបស់វិទ្យាស្ថានខាងលើបង្ហាញថាប្រជាជន៥៥%គាំទ្រឱ្យដូររដ្ឋធម្មនុញ្ញ ខណៈដែល៣១,៥%មិនគាំទ្រទេ។

ការស្ទង់មតិមួយទៀតដែលធ្វើឡើងដោយវិទ្យាស្ថានព្រះចៅប្រជាធិផុក (The King Prajadhipok Institution) ព្យាករថាគណបក្សភូមិចៃថៃអាចនឹងទទួលបាន១៣៤-១៥១អាសនៈ, គណបក្សប្រជាជនទទួលបាន១២៨-១៤៣អាសនៈ និងភឿថៃទទួលបាន១០០-១១៥អាសនៈ។ វិទ្យាស្ថាននេះស្ទង់មតិប្រជាជន២ពាន់នាក់ចាប់ពីថ្ងៃទី៣០ ខែមករាដល់ថ្ងៃទី២ ខែកុម្ភៈ។

ដោយឡែក សាកលវិទ្យាល័យសួនតុសិត (Suan Dusit University) ក៏បានស្ទង់មតិផងដែរ ហើយស្ទង់រហូតដល់ជាង២,៦ម៉ឺននាក់ឯណោះ។ លទ្ធផលបង្ហាញថាគណបក្សប្រជាជនឈរលំដាប់ទី១អាចទទួលបាន១៦៥អាសនៈ, គណបក្សភឿថៃឈរលំដាប់ទី២ទទួលបាន១៣០អាសនៈ និងភឿថៃឈរលំដាប់ទី៣ទទួលបាន១១៥អាសនៈ។ ការស្ទង់មតិនេះធ្វើឡើងចាប់ពីថ្ងៃទី១៦-២៨ ខែមករា។ បើដូច្នេះមែន គណបក្សភឿថៃនឹងឈរនៅលំដាប់ទីបី៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ