ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​របស់​លោ​កស្រី​តា​កា​អ៊ីឈិ​នឹង​ឈ្នះ​ឆ្នោត​ភាគ​ច្រើនដាច់​ខាត​

8 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី (LDP) ដែល​ជា​គណ​បក្ស​កំពុង​ដឹក​នាំ​ប្រទេស​​ជប៉ុន​សព្វ​ថ្ងៃ​នេះ​​រំពឹង​ថា​នឹង​ទទួលបាន​​អាសនៈ​ភាគ​ច្រើន​ដាច់​ខាត​ដែល​អាច​បង្កើត​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​ដោយ​មិន​ពិបាក​។ នេះ​បើ​យោង​តាម​លទ្ធ​ផល​ស្ទង់​មតិ​របស់​ប្រជា​ជន​ជប៉ុន​ដែល​បាន​ទៅ​បោះ​ឆ្នោត និង​ចាក​ចេញ​ពី​មណ្ឌល​បោះ​ឆ្នោត​ត្រឡប់​ទៅ​ផ្ទះ​វិញ (exit poll)​។ យោង​តាម​លទ្ធ​ផល​នេះ គេ​អាច​វាយ​តម្លៃ​ថា​គណ​បក្ស​​ដែល​មាន​លោក​ស្រី​តាកា​អ៊ីឈិ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​ម​ន្ត្រី​នោះ​នឹង​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។…

ទី​ក្រុង​តូក្យូ៖ គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី (LDP) ដែល​ជា​គណ​បក្ស​កំពុង​ដឹក​នាំ​ប្រទេស​​ជប៉ុន​សព្វ​ថ្ងៃ​នេះ​​រំពឹង​ថា​នឹង​ទទួលបាន​​អាសនៈ​ភាគ​ច្រើន​ដាច់​ខាត​ដែល​អាច​បង្កើត​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​ដោយ​មិន​ពិបាក​។ នេះ​បើ​យោង​តាម​លទ្ធ​ផល​ស្ទង់​មតិ​របស់​ប្រជា​ជន​ជប៉ុន​ដែល​បាន​ទៅ​បោះ​ឆ្នោត និង​ចាក​ចេញ​ពី​មណ្ឌល​បោះ​ឆ្នោត​ត្រឡប់​ទៅ​ផ្ទះ​វិញ (exit poll)​។ យោង​តាម​លទ្ធ​ផល​នេះ គេ​អាច​វាយ​តម្លៃ​ថា​គណ​បក្ស​​ដែល​មាន​លោក​ស្រី​តាកា​អ៊ីឈិ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​ម​ន្ត្រី​នោះ​នឹង​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។

គេ​ព្យាករ​ថា​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​អាច​​នឹង​ទទួល​បានចន្លោះ​ពី​​២៧៤​ទៅ​៣២៨​​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​៤៦៥​។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ប្រជា​ជន​ដែល​ទើប​តែ​ចាក​ចេញ​ពី​មណ្ឌល​បោះ​ឆ្នោត​ និង​ផ្សព្វ​ផ្សាយ​ដោយ​ទូរ​ទស្សន៍​អឹន​អេច​ខេ​ (NHK) របស់​ជប៉ុន​។ ​​គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី រួម​គ្នា​ជា​មួយ​គណបក្ស​សម្ព័ន្ធ​ភាព​ (អ៊ីស៊ីន) អាច​ដណ្ដើម​បាន​ចន្លោះ​ពី​៣០២​ទៅ​៣៦៦​អាសនៈ​។

ការ​​បោះ​ឆ្នោត​លើក​នេះ​រាង​ប្លែក​ពី​សព្វ​មួយ​ដង​ព្រោះ​រៀប​ចំ​នៅ​រដូវ​រងា​ធ្លាក់​ទឹក​កក​ខ្លាំង​​​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​។ លោក​ស្រី​តាកា​អ៊ីឈិ​ប្រហែល​ជា​មាន​ទំនុក​ចិត្ត​ថា​តំណែង​នាយក​រដ្ឋ​មន្ត្រី​មុខ​ជា​ធ្លាក់​ទៅ​លើ​ដៃ​​របស់​លោក​ស្រី​ជា​មិន​ខាន​។ លោកស្រី​ហ៊ាន​សន្យា​យ៉ាង​ប្រាកដ​ប្រជា​ថា​បើ​សិន​​គណ​បក្ស​របស់​លោក​ស្រី​សហ​ការ​ជា​មួយ​គណ​បក្ស​សម្ព័ន្ធ​ភាព​មិនអាច​រក​បាន​​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ទេ លោក​ស្រី​សុខ​​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​គណ​បក្ស​។

​ថ្វី​ដ្បិត​លោក​ស្រី​នៅ​តែ​អាច​រក្សា​តំណែង​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​តើ​លោក​ស្រី​អាច​នឹង​រក្សាតំណែង​នេះ​បាន​យូរ​ប៉ុណ្ណា​ទេ​ព្រោះ​មាន​ឧប​សគ្គ​មួយ​ចំនួន​ដែល​លោកស្រី​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​​។ ឧទាហរណ៍ គេ​កំពុង​បារម្ភ​ថា​មិន​ដឹង​លោក​ស្រី​អាច​គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ​សា​ធារណៈ​បាន ​ឬ​មិន​បាន?​ និង​ចំណុច​មួយ​ទៀត​មិន​ដឹង​ថា​តើ​លោក​ស្រី​អាច​ដោះ​ស្រាយ​ជម្លោះ​ការ​ទូត​ជា​មួយ​ប្រទេស​បាន​ដែរ​​ឬ​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​កោះ​តៃវ៉ាន់​?

លោក​ស្រីតាកា​អ៊ីឈិ​ប្រើ​វិធី​ទាក់​ទាញ​សន្លឹក​ឆ្នោត​តាម​រយៈ​ការ​សន្យា​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​១៣៥​ពាន់​លាន​ដុល្លារ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​។ ក្រោយ​មក​ លោក​ស្រី​សន្យា​ថា​នឹង​ព្យួរ​ទុក​ការ​យក​ពន្ធ​៨%​លើ​គ្រឿង​ឧប​ភោគ​បរិភោគ​រយៈ ពេល​២​ឆ្នាំ​។​ មាន​ន័យ​ថា​​ទឹក​ប្រាក់​៣០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ថវិកា​ជាតិ​នោះ​នឹង​ត្រូវ​លើក​លែង​​។

​យុទ្ធ​សាស្ត្រ​ទាក់​ទាញ​សន្លឹក​ឆ្នោត​របស់​លោក​ស្រី​តាកា​អ៊ីឈិ​មួយ​ទៀត​គឺ​ការ​បំផុស​គំនិត​ជាតិ​និយម​។ គេ​នៅ​ចាំ​បាន​ថាបន្ទាប់​ពី​ជួប​លោក​ដូណាល់​ត្រាំ និង​លោក​ស៊ី​ជីន​ពីង​រួច​មក លោក​ស្រី​តាកា​អ៊ីឈិ​បាន​ឡើង​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​និយាយ​អំពី​ការ​ត្រៀម​ធ្វើ​អន្តរាគមន៍​យោធា​នៅ​តៃវ៉ាន់​។ ពាក្យ​សម្ដី​នេះ​ធ្វើ​ឱ្យ​ប្រទេស​ចិន​​បញ្ចេញ​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​ និងហាម​ឃាត់​ប្រជា​ជន​ខ្លួន​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ដោយ​សារ​មូល​ហេតុ​សុវត្ថិ​ភាព និង​សន្តិ​សុខ។

ទោះ​បី​ចិន​ទាមទារ​ឱ្យ​​ដក​ពាក្យ​សម្ដី​នោះត្រឡប់​មក​​វិញ​ដើម្បី​បញ្ចប់​ជម្លោះ​ការ​ទូត ប៉ុន្តែ​លោក​ស្រី​​តាកា​អ៊ីឈិ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​។ ពាក្យ​សម្ដី​ដែល​និយាយ​ចេញ​មក​ហើយ​មិន​អាច​លេប​វិញ​ទេ​។ ការ​ប្រកាន់​ជំហរ​ដាច់​ណាត់​របស់​នារី​បេះ​ដូង​ដែក​របស់​ជប៉ុន​រូប​នេះ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជាតិ​និយម​នៅ​ជប៉ុន​គាំទ្រ​​យ៉ាង​ពេញ​ទំហឹង​។ ថ្វី​ដ្បិត​ពាក្យ​សម្ដី​របស់​លោក​ស្រី​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បារ​ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​លោក​ស្រី​ចំណេញ​នយោបាយ​មិន​ស្ទើរ​ដែរ​។

អ្នកវិភាគ​ម្នាក់​ឈ្មោះ​ម៉ា​កា​រីតា អេស្តា​វេស អាបេ (Margarita Estevez-Abe) ​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ស៊ីរ៉ា​គូសេ (Syracuse University) យល់​ថា​​បើ​សិន​លោក​ស្រី​តាកា​អ៊ីឈិ​ឈ្នះ​ឆ្នោត​លើក​នេះ លោក​ស្រី​នឹង​មាន​ឱកាស​កែ​សម្រួល​ទំនាក់​ទំនង​ការ​ទូត​រវាង​ចិន និង​ជប៉ុន​​ឡើង​វិញ​។ អ្នក​វិភាគ​រូប​នេះ​យល់​ថាបើ​ឈ្នះ​ឆ្នោត​នៅថ្ងៃ​នេះ ​លោកស្រី​តាកា​អ៊ីឈិ​​អាច​សម្រាក​យក​កម្លាំង​បាន​ហើយ​ ហើយ​មិន​ចាំ​បាច់ខ្វាយ​​ខ្វល់​អំពី​ការ​បោះឆ្នោត​ទៀត​ទេ។ ​​រហូត​ដល់​ឆ្នាំ​២០២៨​ចាំ​គិត​​គ្នា​ទៀត​​។ ពេល​នោះ ប្រទេស​ជប៉ុន​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​៕ ប្រភព៖ ដឹ ហ្កាឌាន (The Guardian) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ