ខេត្តបាត់ដំបង៖ អ្នកបើករថយន្តម៉ាកស្ដាររិចមួយគ្រឿង បានដឹកសាកសពបុរសម្នាក់ចេញពីទឹកដី ខេត្តប៉ៃលិន ចូលទៅកាន់ទឹកដី ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីស្វែងរកកិច្ចអន្តរាគមន៏ពីសមត្ថកិច្ច កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី ០៨ កុម្ភៈ ពេលដឹកសពនោះដល់ចំណុចភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ដែលអ្នកបើកបររូបនេះអះអាងថា ជាសាកសពដែលស្លាប់ក្នុងជម្លោះបាញ់ប្រហារដោយពួកជនជាតិចិន។
យោងតាមព័ត៏មានបឋមដែលកោះសន្តិភាពទទូលបាន៖ រថយន្តដឹកសាកសពនោះម៉ាកស្ដាររិច ពាក់ស្លាកលេខ ភ្នំពេញ 2AV-3067 បើកបរដោយឈ្មោះ វិញ លឿត ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិតាអិន២ ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពដដែល៖ អ្នកបើបររថយន្តនោះហាក់ស្គាល់ច្បាស់សាកសពដែលខ្លួនដឹក ហើយថែមទាំងប្រាប់សមត្ថកិច្ចថា សាកសពឈ្មោះ ប៉ែន សុវណ្ណ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិយាយអត ឃុំកុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ពេលត្រូវបានត្រូតពិនិត្យដោយកម្លាំងសមត្ថកិច្ច គេឃើញសាកសពបុរសនោះស្លាប់អង្គុយផ្នែកជាប់កៅអីភ្ជាប់ជាមួយនឹងចំណងផង ទំនងត្រូវគេចងរឹតកុំឲ្យរលំ ហើយមានស្នាមរបួសផង។
ក្រោយពេលសមត្ថកិច្ចត្រូតពិនិត្យមួយស្របក់ និង ក្រោយស្ដាប់ការផ្ដល់ចម្លើយខ្លះៗពីអ្នកបើកបរ សមត្ថកិច្ចបានដាក់ការសង្ស័យទៅលើករណីនេះថា អាចជាអំពើ«ឃាតកម្ម»។ ប៉ុន្តែគេមិនទាន់ហ៊ានសន្និដ្ឋានបានថា តើអំពើ«ឃាតកម្ម»នេះបានកើតឡើងដោយរបៀបណា នៅកន្លែងណាទេ ? ដូច្នេះមានតែអ្នកដឹកសាកសពនេះទេ ទើបដឹងច្បាស់។
ទោះជាយ៉ាងណាក្ដី នៅកន្លែងកើតហេតុ អ្នកបើ់ករថយន្តដឹកសាកសពស្វែងរកសមត្ថកិច្ចឲ្យជួយទាំងកណ្ដាលអាធ្រាត្រ ឈ្មោះ វិញ លឿត បានផ្ដល់ចម្លើយបឋម ហើយត្រូវសមត្ថកិច្ចស្រង់សម្ដីថា នៅម៉ោងប្រហែលជិត១២អាធ្រាត្រ ថ្ងៃទី០៧ កុម្ភៈ គាត់បានទៅដឹកមនុស្សចំនួន០៦នាក់សុទ្ធតែប្រុស មានទាំងជនជាតិចិនផង ចេញពីខេត្តប៉ៃលិន ក្នុងគោលដៅដឹកទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែពេលបើកចេញមិនទាន់ផុតពីប៉ៃលិនផង ពួកគេក៏ឈ្លោះប្រកែកគ្នានៅក្នុងរថយន្ត។
អ្នកបើករថយន្តមិននិយាយលំអិតទេ ត្រង់ចំណុចក្រុមចិនឈ្លោះគ្នានេះ។ ប៉ុន្តែគាត់បានប្រាប់ថា ពេលនោះស្រាប់តែចិនម្នាក់ដែលអង្គុយកៅអីមុខក្បែរគាត់ បានដកកាំភ្លើងខ្លីភ្ជង់គាត់ប្រាប់ឲ្យឈប់រថយន្ត គាត់ភ័យក៏បន្ថយល្បឿនឈប់ ហើយភ្លាមនោះគាត់ក៏បើកទ្វាររថយន្តចុះរត់ចូលព្រៃក្បែរនោះដែរ ព្រោះខ្លាចពួកចិនបាញ់។
គាត់បានបញ្ជាក់ថា ពេលគាត់កំពុងពូនសម្ងំក្នុងព្រៃ ក៏មានផ្ទុះអាវុធក្នុងរថយន្តគាត់ផង លុះមួយស្របក់ក្រោយមកក៏មានរថយន្តមួយគ្រឿងដែលគាត់មិនស្កាល់ភិនភាគ បានបើកមកដល់ឈប់ក្បែររថយន្តគាត់ ហើយដឹកជន្លៀសមនុស្សចំនួន០៥នាក់ចេញទៅបាត់ សល់ម្នាក់នៅក្នុងរថយន្ត គឺ អ្នកស្លាប់នោះឯង។ ដោយសារគាត់ភ័យពេកក៏បើករថយន្តដឹកសាកសពស្វែងរកសមត្ថកិច្ចស្រុកកំរៀងឲ្យជួយ។
ពាក់ព័ន្ធនឹងករណីនេះ បើតាមប្រភពដោយឡែកមួយទៀតពីខេត្តប៉ៃលិន បានទម្លាយឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះជាជនជាតិខ្មែរ ដែលបកប្រែឲ្យពួកជនជាតិចិន។ ប៉ុន្តែគេមិនទាន់ដឹងថា តើមូលហេតុអ្វីបានជាពួកគេផ្ទុះជម្លោះរហូតឈានដល់ការបាញ់គ្នាសម្លាប់យ៉ាងឃោឃៅបែបនេះ ?
ក្រោយពីមានហេតុការណ៏នេះកើតឡើង មន្ត្រីជំនាញ អធិការស្រុកកំរៀង ឃាត់អ្នកបើកបររថយនុ្តដឹកសាកសពជាបណ្ដោះអាសន្នសិន ដើម្បីសាកសួរ ហើយបានហ៊ុំព័ទ្ធទីតាំងកើតហេតុ ទាំងសាកសពនៅក្នុងរថយន្ត ដើម្បីរង់ចាំមន្ត្រីបច្ចេកទេសចុះត្រូតពិនិត្យ។ គោះសន្តិភាពបានព្យាយាមសុំការបំភ្លឺបន្ថែមជុំវិញករណីនេះ ពីលោក វេ គឹមចត់ អធិការស្រុកកំរៀង តែលោកមិនលើកទូរស័ព្ទទេ។
ដោយឡែកស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង ដែលបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ បំភ្លឺតាមទូរស័ព្ទថា ពិតជាមានហេតុការណ៏ដូចខាងលើនេះមែន។ លោកបានបញ្ជាក់ថា សាកសពដែលរថយន្តនោះដឹក ស្វែងរកជំនួយពីសមត្ថកិច្ចនោះ ពិតជាជនជាតិខ្មែរមែន រីឯអ្នករួមដំណើរប៉ុន្មាននាក់ក្នុងរថយន្តនោះ ដែលម្ចាស់រថយន្តបានអះអាងថា ត្រូវរថយន្តមួយគ្រឿងទៀតមកដឹកជន្លៀសចេញទៅបាត់ ក្រោយផ្ទុះជម្លោះនោះ ក៏លោកមិនទាន់អាចសន្និដ្ឋានបានដែរថា តើពួកគេជាជនជាតិអ្វីខ្លះ ? ព្រោះពេលនេះមន្ត្រីជំនាញកំពុងពិនិត្យសាកសព និង ទីតាំងកើតហេតុ។ ជាពិសេសកំពុងសាកសួរម្ចាស់រថយន្ត ដែលជាអ្នកដំណើរតាំងពីចំនួន០៦នាក់ រហូតសល់មនុស្សម្នាក់ ហើយក្លាយជាសាកសព ដឹកស្វែងរកឲ្យសមត្ថកិច្ចជួយ៕


ចែករំលែកព័តមាននេះ