ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ បានដួលស្លាប់នៅកន្លែងល្បែងកម្សាន្ត ដែលសង្ស័យលោតពោងរហូតដល់ខ្យល់គរ(គាំងបេះដូង) និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិក្រុមគ្រួសារ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង៤០នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ នៅដីឡូត៍មួយកន្លែងដែលគេដាក់ល្បែងកម្សាន្តសម្រាប់ក្មេងលេង ស្ថិតក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ។
នគរបាលស្រុកសាមគ្គីមុនីជ័យ បានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់នេះឈ្មោះ សំណាង ដេវីត រស់នៅក្នុងភូមិ ឃុំ ខាងលើ ។ ចំណែកម្ចាស់អាជីវកម្មឈ្មោះ សាត ស្រួច ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។
ប្រភពដដែលឲ្យដឹងទៀតថា បើតាមការបំភ្លឺរបស់ម្ចាស់អាជីវកម្ម គឺនៅល្ងាចថ្ងៃនោះ មុនពេលកើតហេតុ ក្មេងប្រុសខាងលើបានឡើងទៅលោតពោងកញ្ច្រែង តាំងពីវេលាម៉ោងប្រហែល៥និង៤០នាទីល្ងាចជាមួយក្មេងៗដទៃទៀត ។ លុះរហូតដល់វេលាម៉ោង៦ល្ងាច ទើបចុះមកពីលើកញ្ច្រែង(ពោង) ដើរទៅកន្លែងដែករ៉ៃរទេះភ្លើងនិងបានដួលលើដែក ហើយត្រូវបាន គេជួយលើកឱ្យអាណាព្យាបាលយកទៅមន្ទីរពេទ្យ ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងប្រុសរូបនេះស្លាប់់ទៅហើយ ។
នគរបាលស្រុកសាមគ្គីមុនីជ័យបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅម្ចាស់អាជីវកម្មខាងលើមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីឲ្យដឹងពីមូលហេតុច្បាស់លាស់ ៕








ចែករំលែកព័តមាននេះ