រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសនាសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ។ ក្នុងនោះដែរក្រសួងការបរទេសបានសម្តែងនូវការតវ៉ាយ៉ាងខ្លាំងជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជាដែល ថៃបានកាន់កាប់ ។ នៅក្នុងការតវ៉ាថ្មីៗនេះ កម្ពុជាបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈ ការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់ ។
ក្រសួងការបរទេស បានបញ្ជាក់បន្តថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរកន្លែងក្នុងខេត្តឧត្តរមានជ័យ គឺភូមិរួតចំប៉ី និងភូមិអូរខ្លាឃ្មុំ ក្នុងស្រុកអូរស្មាច់ ។ ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែ ដែលលាតសន្ធឹងចេញ ពីកន្លែងបិទផ្លូវដោយកុងតឺន័រនៅក្នុងភូមិអូរខ្លាឃ្មុំ ។ នៅខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់អាវុធថៃបានដាក់ កុងតឺន័របន្ថែម នៅក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៦ ។
ទីតាំងទាំងនេះ ស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាទាំងស្រុង បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ។ ការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែល កាន់កាប់ដោយកងកម្លាំងថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
សកម្មភាពទាំងនេះ បានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយ សុវត្ថិភាព និង ថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើ ទីតាំងជាក់ស្តែង នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការ រំលោភលើគោលការណ៏ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងអស់តាមរយៈមធ្យោបាយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ា នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងៗទៀត៕
ចែករំលែកព័តមាននេះ