ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចង់ឱ្យ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន បញ្ចប់សង្គ្រាម​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​នេះ

1 ម៉ោង មុន

ទីក្រុង​កៀវ ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​ចង់ឱ្យ​សង្គ្រាម​រុ​ស្ស៊ី…

ទីក្រុង​កៀវ ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​ចង់ឱ្យ​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បញ្ចប់​នៅ​ខែមិថុនា ខាង​មុខ​នេះ ដោយ​បន្ថែម​ថា ទាំង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី ត្រូវ​បាន​អញ្ជើញ​ឱ្យទៅ​សហរដ្ឋអាមេរិក សម្រាប់​ការ​ចរ​ចាស​ប្តា​ហ៍​ក្រោយ ដើម្បី​បើកផ្លូវ​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​រយៈពេល​ជិត ៤ ឆ្នាំ​មួយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC, The Guardian និង Aljazeera បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦​។

លោក ហ្សេ​ឡេ​ន​ស្គី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​ក្កៀវ កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ និង​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ថា សហរដ្ឋអាមេរិក​កំពុង​ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ចប់សង្គ្រាម​នៅ​ដើមរដូវ​ក្តៅ​នេះ ហើយ​ទំនង​នឹង​ដាក់​សម្ពាធ​លើ​ភាគី​ទាំង​ពីរ​យ៉ាង​ជាក់លាក់​ស្រប​ទៅ​តាម​កាលវិភាគ​នេះ​។

លោក​បាន​បន្ថែម​ថា រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ទទូច​លើ​ពេលវេលា​ច្បាស់លាស់​សម្រាប់​ព្រឹត្តិការណ៍​ទាំងអស់ ហើយ​បាន​ស្នើ​ឱ្យ​មានការ​រៀបចំ​កិច្ចចរចា​ត្រីភាគី​ជុំ​បន្ទាប់​នៅ​ស​ប្តា​ហ៍​ក្រោយ​នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​តែ​ម្តង ដែល​ទំនងជា​នៅ​ទីក្រុង​ម៉ៃ​អា​មី (Miami)​។ ប្រទេស​អ៊ុយ​ក្រែ​ន​ក៏​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ចូលរួម​កិច្ចចរចា​មួយ​នេះ​។

បើ​តាម​ប្រភព​ពី BBC បាន​រាយការណ៍​ថា មិន​ទាន់​មានការ​អត្ថាធិប្បាយ​ភ្លាម​ៗ​ពី​សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី​នៅឡើយ​ទេ ប៉ុន្តែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ចប់សង្គ្រាម​ចាប់តាំងពី​លោក​បាន​ឡើង​កាន់​តំណែង​ម្តងទៀត កាលពី​ជាង​មួយ​ឆ្នាំ​មុន​។ ទន្ទឹម​នឹង​នេះ រុ​ស្ស៊ី​បាន​បន្ត​ការ​វាយប្រហារ​របស់​ខ្លួន​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដែល​បណ្តាល​ឱ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​បន្ថែម​ទៀត អំឡុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​។

នៅ​ក្នុង​មតិយោបល់​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ​នោះ លោក ហ្សេ​ឡេ​ន​ស្គី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​អំពី​អ្វី​ដែល​បាន​កើតឡើង អំឡុង​ជុំ​ទី ២ នៃ​កិច្ចចរចា​សន្តិភាព​ដែល​សម្របសម្រួល​ដោយ​អា​មេ​រិ​ក​នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី (Abu Dhabi) ប្រទេស​អា​រ៉ាប់​រួម ដែល​បាន​បញ្ចប់​កាល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ដោយ​គ្មាន​របាយការណ៍​ពី​ការ​ទម្លាយ​ភាព​ទាល់ច្រក​នោះ​ថា បញ្ហា​លំបាក​នៅ​តែ​មាន រួម​ទាំង​សម្បទាន​ទឹកដី​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ