ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ គំរា.ម​ដាក់​ពន្ធ​លើ​ប្រទេស​ណា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់

2 ម៉ោង មុន

ទីក្រុង​ប​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដែល​គំរាម​ដាក់​ពន្ធគយ​បន្ថែម​លើ​ប្រទេស​ណា​ដែល​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​។…

ទីក្រុង​ប​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដែល​គំរាម​ដាក់​ពន្ធគយ​បន្ថែម​លើ​ប្រទេស​ណា​ដែល​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​។ បទបញ្ជា​នេះ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) មិន​បាន​បញ្ជាក់​ពី​អត្រា​ណាមួយ​នោះ​ទេ ប៉ុន្តែ ២៥% គឺជា​ឧទាហរណ៍​ដែល​មាន​ស្រាប់​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦​។

ពន្ធគយ​អាច​អនុវត្ត​ចំពោះ​ទំនិញ​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក​ពី​ប្រទេស​ណា​ដែល​ទិញ នាំ​ចូល ឬ​ទទួល​ទំនិញ ឬ​សេវាកម្ម​ណាមួយ​ពី​ប្រទេស​អ៊ី​រ៉​ង់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​។ លោក ត្រាំ មិន​បាន​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​លើ​បទបញ្ជា​នេះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ជា​ថ្មី​ថា អាវុធ​នុយក្លេអ៊ែរ​គ្មាន​សម្រាប់​អ៊ី​រ៉​ង់ នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​ពី​យន្តហោះ Air Force One កាលពី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦​។ ការ​ផ្លាស់​ប្តូរ​ថ្មី​ៗ​នេះ បាន​កើតឡើង​បន្ទាប់​ពី​ការ​ចរចា​រវាង​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​នៅ​ប្រទេស​អូ​ម៉​ង់ បន្ទាប់​ពី​ការ​គំរាមកំហែង​ជា​ច្រើន​ស​ប្តា​ហ៍​ពី​ភាគី​ទាំង​ពីរ​។

លោក ត្រាំ បាន​គំរាម​ដាក់​ពន្ធ ២៥% លើ​បណ្តា​ប្រទេស​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ី​រ៉​ង់ កាលពីដើម​ឆ្នាំ​នេះ នៅ​ក្នុង​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Truth Social​។ នៅ​ថ្ងៃ​ទី ១២ ខែមករា លោក​បាន​សរសេរ​ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ ប្រទេស​ណាមួយ​ដែល​ធ្វើ​អាជីវកម្ម​ជាមួយ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់​នឹង​ត្រូវ​បង់ពន្ធ ២៥% លើ​អាជីវកម្ម​ណាមួយ និង​ទាំងអស់​ដែល​កំពុង​ធ្វើ​ជាមួយ​សហរដ្ឋអាមេរិក​»​។ ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ពេល​នោះ មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ណាមួយ​ត្រូវ​បាន​ផ្តល់​ជូន​អំពី​របៀប​នៃ​អនុវត្ត​ពន្ធ​នឹង​ដំណើរការ​នោះ​ទេ​។

ដោយឡែក ក្រសួងការបរទេស​អា​មេ​រិ​កបាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ បាន​ប្រកាស​ថា ខ្លួន​កំពុង​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​ចំនួន ១៥ ដែល​បាន​ជួញដូរ​ប្រេង​ឆៅ ផលិតផល​ប្រេងកាត ឬ​ផលិតផល​គីមី​ឥន្ធនៈ​ដែល​មាន​ប្រភព​ដើម​ពី​អ៊ី​រ៉​ង់​។

យ៉ាងណាមិញ មិន​មានការ​អត្ថាធិប្បាយ​ភ្លាម​ៗ​ណាមួយ ចំពោះ​ការ​ប្រកាស​ទាំង​ពីរ​របស់​សហ​រដ្ឋអាមេ​រិក​ពី​ប្រទេស​អ៊ី​រ៉​ង់​នោះ​ទេ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ទទួល​រង​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក និង​មហាអំណាច​លោក​ខាងលិច​ផ្សេង​ទៀត​លើ​កម្មវិធី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ