ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​នៅ​ថៃ៖​ គណ​បក្ស​បី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ

3 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ថ្ងៃ​នេះ ប្រជា​ជន​ថៃ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​តាម​មណ្ឌល​រៀង​ៗ​ខ្លួន​។ គេ​សម្លឹង​ឃើញ​គណ​បក្ស​នយោ​បាយ​ចំនួន​បី​ដែល​មាន​និន្នា​ការ​ខុសៗ​គ្នា​នឹង​ក្លាយ​ជា​គូ​ប្រជែង​គ្នា​ ហើយ​នឹង​​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​។ ក្នុ​ងនោះ​គឺ​គណ​បក្ស​ប្រជា​ជន​ដែល​មាន​និន្នា​ការ​ចម្រើន​និយម​, គណ​បក្ស​ភឿថៃ​ដែល​មាន​និន្នា​ការ​ប្រជា​និយម និង​គណ​បក្ស​ភូមិ​ចៃ​ថៃ​ដែល​មាន​និនា្ន​ការ​អភិ​រក្ស​និយម​។ លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​គណ​បក្ស​ប្រ​ជា​ជន​ដែល​សន្យា​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​រដ្ឋ​ និង​ធ្វើ​កំណែ​​​ទម្រង់​សេដ្ឋ​កិច្ច​​​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​។…

ទី​ក្រុង​បាងកក​៖ ថ្ងៃ​នេះ ប្រជា​ជន​ថៃ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​តាម​មណ្ឌល​រៀង​ៗ​ខ្លួន​។ គេ​សម្លឹង​ឃើញ​គណ​បក្ស​នយោ​បាយ​ចំនួន​បី​ដែល​មាន​និន្នា​ការ​ខុសៗ​គ្នា​នឹង​ក្លាយ​ជា​គូ​ប្រជែង​គ្នា​ ហើយ​នឹង​​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​។ ក្នុ​ងនោះ​គឺ​គណ​បក្ស​ប្រជា​ជន​ដែល​មាន​និន្នា​ការ​ចម្រើន​និយម​, គណ​បក្ស​ភឿថៃ​ដែល​មាន​និន្នា​ការ​ប្រជា​និយម និង​គណ​បក្ស​ភូមិ​ចៃ​ថៃ​ដែល​មាន​និនា្ន​ការ​អភិ​រក្ស​និយម​។

លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​គណ​បក្ស​ប្រ​ជា​ជន​ដែល​សន្យា​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​រដ្ឋ​ និង​ធ្វើ​កំណែ​​​ទម្រង់​សេដ្ឋ​កិច្ច​​​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​។ គណ​បក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នកបោះ​ឆ្នោត​វ័យ​ក្មេង​។ ទោះ​ជា​​យ៉ាង​ណា​​ក្ដី គេ​មិន​​រំពឹង​ថា​គណ​បក្ស​ប្រជា​ជន​ដែល​មាន​លោក​ណាត់​ថា​ផុង រឿង​ផាន់​យ៉ា​វុធ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​នោះ​អាច​នឹង​ទទួលបាន​អាសនៈ​ច្រើន​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​​​ឡើយ​។

ហេតុ​នេះ គណ​បក្ស​ប្រជា​ជន​​បើ​ទុក​ជា​បាន​អាសនៈ​ច្រើន​ជាង​គេ​ បើ​សិន​ជា​ត្រូវ​បង្កើត​រដ្ឋា​ភិបាល​ក៏​ត្រូវ​តែ​ដើរ​កៀរ​គរ​គណ​បក្ស​ដទៃ​ទៀត​ដើម្បី​បង្រ្គប់​សំឡេង និង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​។​ គណ​បក្ស​​ប្រជា​ជន​កំពុង​ឈរ​ត​ទល់​គ្នា​ជា​មួយ​គណ​បក្ស​ភូមិ​ចៃ​ថៃ​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ថៃ លោក​អនុទីន​ ចាន់​វីរៈគុល និង​គណ​បក្ស​ភឿថៃ​ដែល​មាន​​ក្មួយ​ប្រុស​លោក​ថាក់​ស៊ីន​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី។​

លោកណាត់​ថា​ផុង រឿង​ផាន់​យ៉ាវុធ (Natthaphong Ruengpanyawut) ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណ​បក្ស​ប្រជា​ជន

ការ​បោះឆ្នោត​លើក​នេះ​​រៀប​ចំ​ឡើង​នៅ​ក្នុង​ស្ថាន​ភាព​ដែល​សេដ្ឋ​កិច្ច​របស់​ប្រទេស​ថៃ​កំពុង​មាន​បញ្ហា​ដោយ​សារ​អស្ថិរ​ភាព​នយោបាយ​។ ប្រទេស​ថៃ​មាន​នយោបាយ​មិន​នឹង​ន​នោះ​ទេ​ ហើយ​​​ធ្លាប់​មាន​ប្រវត្តិ​​​មនុស្ស​ហែ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ជា​ហូរ​ហែ​​។ ចំណែក​តុលាការ​ធម្ម​នុញ្ញ​ និង​ស្ថាប័ន​ដ៏​មាន​ឥទ្ធិ​ពល​ដទៃ​ទៀត​ដែល​គេ​ចាត់​ទុក​ថា​អព្យា​ក្រឹត​នោះ​តែង​តែ​ជ្រៀត​ជ្រែក​នៅ​ក្នុង​កិច្ច​ការ​នយោ​បាយ​។​

លោក​យុទ្ធ​ឆាណាន វង្ស​សាវ៉ាត (Yodchanan Wongsawat) ជាក្មួយ​ប្រុស​លោក​ថាក់​ស៊ីន បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ព្រឹក​មិញ

​គណបក្ស​ប្រជា​ជន​សព្វ​ថ្ងៃ​នេះ​ទទួល​រង​សម្ពាធ​មិន​តិច​នោះ​ទេ​។ ពួក​គេ​ត្រូវ​តែ​បង្ខំ​ចិត្ត​បោះ​បង់​ចោល​គោល​នយោបាយ​ដែល​ចង់​កែ​ប្រែ​ច្បាប់​ស្ដី​ពីការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ ប៉ុន្តែ​គ​ណ​បក្ស​នេះ​ក៏​សន្យា​ធ្វើ​កំណែ​ទម្រង់​របៀប​ដឹក​នាំ​រដ្ឋ​ យោធា ដោះ​ស្រាយ​ការ​រក​ស៊ី​ផ្ដាច់​មុខ​ និង​តាក់​តែង​រដ្ឋ​ធម្ម​នុញ្ញ​ឡើង​វិញ​ដើម្បី​ឱ្យ​ប្រទេស​ជាតិ​មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ​ជាង​ពេល​បច្ចុប្បន្ន​។ គណ​បក្ស​នេះ​ក៏​ផ្ដល់​អាទិភាព​លើ​ការ​កម្ចាត់​អំពី​ពុក​រលួយ​ផង​ដែរ​។​

បេក្ខ​ជន​របស់​គណ​បក្ស​ភូមិ​ចៃ​ថៃ​ លោក​អនុ​ទីន ចាត់​ទុក​ខ្លួន​លោក​ជា​មេ​ដឹក​នាំ​​ដែល​អាច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​។ លោក​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​បេក្ខ​ជន​សំណព្វ​ចិត្ត​របស់​ក្រុម​អ្នក​យោធា​និយម និង​រាជា​និយម​ផង​ដែរ​។ ចំណែក​គណ​បក្ស​ភឿថៃ​សន្យា​ថា​នឹង​បន្ត​អនុ​វត្ត​នយោបាយ​​ប្រជា​និយម​របស់​ខ្លួន​។ ក្នុ​ងនោះ​ក៏​មាន​កម្ម​វិធី​ចែក​លុយ​ជូន​ប្រជា​ជន​១​​លាន​បាត​សម្រាប់​ប្រជា​ជន​៩​នាក់​ជា​រៀង​រាល់​ថ្ងៃ​​ផង​ដែរ​។

គួរ​កត់​សម្គាល់​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​ក៏​រួម​បញ្ចូល​ទាំង​ការ​បោះឆ្នោត​ប្រជា​មតិ​ដើម្បីចង់​ដឹង​មតិ​ផ្ទាល់​ពី​ប្រជា​ជន​ថា​តើ​ពួក​គេ​គិត​ថា​គួរ​តែ​ផ្លាស់​ប្ដូរ​រដ្ឋ​ធម្ម​នុញ្ញ​បច្ចុប្បន្ន​ដែល​តាក់​តែង​ឡើង​ដោយ​ក្រុម​យោធា​តាំង​ពី​ឆ្នាំ​២០១៧​ដែរ​ឬ​ទេ? រហូត​មក​ដល់​ពេល​​នេះ គេ​មិន​បាន​ដឹង​សេចក្ដី​លម្អិត​អំពី​សេចក្ដី​ព្រាង​រដ្ឋ​ធម្ម​នុញ្ញ​​នៅ​ឡើយ​ទេ​។ ប្រជា​ជន​គ្រាន់​តែ​បញ្ជាក់​មតិ​របស់​ខ្លួន​ថា​តើ​គួរ​ ឬ​មិន​គួរ​​តែ​ប៉ុណ្ណោះ​។ ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជឿ​ជាក់​ថា​រដ្ឋ​ធម្ម​នុញ្ញ​បច្ចុប្បន្ន​នេះ​ត្រូវ​តែ​សរ​សេរ​ឡើង​វិញ​ដើម្បី​ឱ្យ​ប្រទេស​​ជាតិ​មាន​លក្ខណៈ​ប្រជា​ធិប​តេយ្យ​ជាង​មុន និង​កាត់​បន្ថយ​អំណាច​របស់​ស្ថាប័ន​ដែល​កកើត​ឡើង​មិន​តាម​រយៈ​ការ​បោះ​ឆ្នោត​ផ្ទាល់​ពី​ប្រជា​ជន​តួ​យ៉ាង​ដូច​ជា​ស្ថាប័ន​យោធា និង​តុលាការ​ជា​ដើម​៕ ប្រភព៖ ដឹ​ហ្កាឌាន (The Guardian) និង​ប្រភព​ដទៃ​ទៀត​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ