ខេត្តបាត់ដំបង៖ នេះចាត់ទុកថា លើកដំបូងដែលមិនធ្លាប់ឃាត់ខ្លួនជនប្រឌិតបទល្មើស បញ្ជូនទៅកាន់តុលាការ ដោយកន្លងសមត្ថកិច្ចបានត្រិមតែបង្គាប់ជនប្រព្រឹត្តិ«ធ្វើការសុំទោសជាសាធារណៈក៏បញ្ចប់រឿងរ៉ាវ» ប៉ុន្តែលើកនេះក៏ព្រោះតែការប្រឌិតរឿង«ប្លន់»នេះទ្រង់ទ្រាយធំដុំពេក និង ធ្វើឲ្យមានការភ្ញាក់ផ្អើលស្ទើរពេញក្រុងបាត់ដំបង ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងជនសង្ស័យចំនួន០២នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗគ្នាទៅតុលាការ ដើម្បីឲ្យស្កាល់រសជាតិ«គុក»ម្ដង។
ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី ០៨ កុម្ភៈ នេះថា ជនសង្ស័យចំនួន០២នាក់ ដែលប្រឌិតរឿង«ប្លន់» បង្កឲ្យមានចលាចលពេញក្ករុងបាត់ដំបង កាលពីដើមខែកុម្ភៈ ត្រូវបានលោកស្នងការ និង តំណាងអយ្យការអំសាលាដំបូងខេត្តបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃទី ០៨ កុម្ភៈ នេះដើម្បីចាត់វិធានការតាមនីតិវិធី។
លោកស្នងការរងរូបនេះ បានបញ្ជាក់ថា ក្រោយកើតហេតុមន្ត្រីជំនាញរបស់លោកបានជនសង្ស័យទាំង០២នាក់នេះ ដែលដំបូងតាំងខ្លួនជាជនរងគ្រោះដូចគ្នា យកមកសួរនាំពីដំណើររឿង និង បើកការស៊ើបអង្កេតជាច្រើនថ្ងៃទើបរកឃើញថា អំពើ«ប្លន់»ទាំងពីរករណីនេះសុទ្ធតែជាការប្រឌិតរឿងទាំងអស់។ ដូច្នេះហើយទើបលោកស្នងការ និង លោកតំណាងអយ្យការបញ្ជាឲ្យឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ នៅក្នុងសំណុំរឿងនេះ ជនសង្ស័យចំនួន០២នាក់ បានបង្កើតរឿង«ប្លន់ សិប្បនិម្មិត»ចំនួន០២ករណីផ្សេងៗគ្នា និង កើតឡើងស្ទើរព្រមៗគ្នាក្នុងថ្ងៃតែមួយ នៅក្នុងក្រុងបាត់ដំបង បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី ០១ កុម្ភៈ ឆ្នាំ២០២៦។ ករណីទី១ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ០១ កុម្ភៈ បង្កឡើងដោយជនសង្ស័យឈ្មោះ គឿន ម៉ារីយ៉ា ភាទេស្រីអាយុ៣៩ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចា ក្ករុងបាត់ដំបង។
ស្ត្រីម្នាក់នេះបានបំប៉ោងព័ត៏មានភូតកុហកថា មានជនមិនស្គាល់មុខចូលវាយ«ប្លន់»យកកាបូបរបស់ខ្លួន ដែលមានគ្រឿងអលង្កាផង លុយខ្មែរផង និង លុយដុល្លាផង សរុបប្រមាណ៤០០០ដុល្លា ហើយជននោះរត់គេចខ្លួនដោយសុវត្ថិភាព។ ៤០នាទីក្រោយមកក្នុងថ្ងៃដដែលនេះ ស្រាប់តែករណីទី២ បានផ្ទុះឡើងលាន់ដូចផ្ទុះភ្នំភ្លើង បង្កឡើងដោយជនសង្ស័យឈ្មោះអ៊ុ សុខចំរើន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ធ្វើឲ្យកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នចេញអន្តរាគមន៏ព្រោងទ្រាត ដោយសារតែជាងស្លរមាសម្នាក់ប្រកាសម្នាក់ឯងប្រាប់ក្រុមគ្រួសារថា មានចោរម្នាក់ប្រើកូនកាំបិត ឆឹ្មក់ចូលវាយនិងចាក់ទៅលើខ្លួនឲ្យរងរបួស រួច«ប្លន់»យកមាសសុទ្ធ(មាសសន្លឹក)នៅក្នុងបន្ទប់ស្លរមាស ដែលខ្លួនកំពុងធ្វើការអស់ចំនួន០៥ដុំ ស្មើនឹងចំនួន៥៥តំឡេង។
ដំណឹងដ៏រន្ធត់ញ៉ាប់ញ័រទាំង០២លើកផ្ទូនៗនេះ បានជម្រុញឲ្យសមត្ថកិច្ចក្រប់ស្ថាប័ន បញ្ចេញកម្លាំងព្រោងព្រាតយ៉ាងប្រទាក់ក្រឡា ដើម្បីតាមស្វែងរកមុខសញ្ញាចោរ«ប្លន់»កាបូបលុយស្ត្រីម្នាក់ផង និង តាមរកមុខាសញ្ញាចោរសិប្បនិម្មចូល«ប្លន់»មាសសន្លឹកចំនួន៥៥តំឡឹងផង។ ប៉ុន្តែក្នុងរយៈប៉ុន្មានថ្ងៃ នៃការតាមស្រាវជ្រាវលើសំណុំរឿងទាំង០២ករណីនេះ និង ក្រោយពីសួរដេញដោយលំអិត ទៅលើជនប្រឌិតរឿងទាំង០២ករណី ថែមទាំងបានចុះពិនិត្យទីតាំងកើតហេតុ និង ធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ទើបសមត្ថកិច្ចជំនាញរកឃើញថា អំពើ«ប្លន់»ទាំង០២ករណីនេះ សុទ្ធតែជារឿងប្រឌិតសុទ្ធសាធ ដែលករណីទី១ ផ្ដើមចេញពី«លោកប្ដីលួចមានប្រពន្ធចុង» ក៏បង្កើតរឿង«ប្លន់សិប្បនិមិ្មត»នេះឡើង ឲ្យគេចលាចល។
រីឯករណីទី២ ជាងស្លរមាសដែលជាកូនប្រុសរបស់ថៅកែមាសម្នាក់ដ៏ល្បី ក្នុងខេត្តបាត់ដំបងផង «ចាញ់ល្បែងអនឡាញ» រាប់សែនដុល្លា ក៏បង្កើតរឿងចោរចូល«ប្លន់»យកមាសសន្លឹកអស់៥៥តំឡឺង។ តាមពិតជននេះយកកូនកាំបិតចាក់ថ្មមៗ លើស្បែកខ្លួនឯងឲ្យចេញឈាមតិចៗ រួចស្រែកប្រាប់ឪពុកម្ដាយដែលនៅក្នុងផ្ទះថា មានចោរចូល«ប្លន់» (ល្បិចទក់សាច់ខ្លួនឯង)។
នេះមិនមែនជាលើកទី១ ទេ ដែលកូនប្រុសកំហូចម្នាក់នេះបង្កើតរឿង«ប្លន់សិប្បនិម្មិត» ភូតកុហកឪពុកម្ដាយ។ នេះបើតាមការទម្លាយរបស់ឪពុក ម្ដាយឲ្យសមត្ថកិច្ចបានដឹងពីប្រវត្តិ«ខូច»របស់លោកកូន ដោយសារតែញៀននឹងល្បែងស៊ីសង។ លោក ឈឿង គឹមសុង បាននិយាយថា ករណីទី១ ដែលស្ត្រីម្នាក់ដែលប្រឌិតរឿង«ប្លន់» គឺយើងបានដាក់ការសង្ស័យថា ជារឿងមិនប្រក្រតិតាំងពីដំបូង ដោយឡែកតែករណីទី២ ទេដែលយើងត្រូវការចំណាយពេលយូរបន្តិច ទើបបែកធ្លាយរឿងមិនប្រក្រតិនេះ និង ពីប្រវត្តិ«ខូច»របស់ជាងស្លរមាស ដែលជាកូនប្រុសបង្កើតថៅកែមាសតែម្ដង។
លោកស្នងការរងបានបញ្ជាក់ថា បើតាមការសួរដេញដោយជាច្រើនលើក ច្រើនសារទៅលើអាណាព្យាបាល ទើបគាត់ទម្លាយការពិតពីប្រវត្តិកូនប្រុសញៀនល្បែងនេះ។ លោកស្នងការរងបានស្រង់សម្ដីឪពុកជនសង្ស័យរូបនេះថា កន្លងមកកូនប្រុសគាត់ម្នាក់នេះធ្លាប់បំផ្លាញទ្រព្យ ជាពិសេស«មាស»អស់ជាច្រើនតំឡឹង។ ហើយនេះជាការបំផ្លាញលើកចុងក្រោយ បើទូទាត់លាត់សើយប៉ុន្មានលើកន្លងមកនេះ កូនប្រុសរូបនេះបំផ្លាញទ្រព្យគាត់អស់មិនតិចជាង១៦០តំឡឹងទេ។
ប៉ុន្តែទោះជាយ៉ាងណា បើតាមលោក ឈឿង គឹមសុង ស្នងការរងបានបញ្ជាក់ថា ដោយសារតែការប្រឌិតរឿង«ប្លន់»ទាំង០២ករណីនេះ បង្កឲ្យមានចលាចល ដែលជាបទឧក្រិដ្ឋបំពារបំពានច្បាប់ផង ទើបលោកស្នងការ និង លោកតំណាងអយ្យការបញ្ជាឲ្យមន្ត្រីជំនាញ កសាងសំណុំរឿងជនបង្កចលាចលទាំង០២ករណី ស្រី ប្រុសនេះទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៨ កុម្ភៈនេះហើយ ដើម្បីចាត់ការតាមនីតិវិធី៕







ចែករំលែកព័តមាននេះ