ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តត្បូងឃ្មុំ ត្រៀមរៀបចំពិធីចាប់ត្រីបែបបុរាណនៅតំបន់ «ត្រពាំងក្រម» នាថ្ងៃទី១៤ កុម្ភៈ

5 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ «​ពិធីបុណ្យ​ចាប់​ត្រី​តាម​ទំនៀមទម្លាប់​ប្រពៃណី​ពី​បុរាណ​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​អាយុកាល​ជាង​២០០​ឆ្នាំ​ហើយ ដោយ​រាល់​ឆ្នាំ​មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស ស្រី មក​ពី​គ្រប់​ទិស​ទី​ប្រដាប់​ដោយ​ឧបករណ៍​នេសាទ​អង្រុត ឈ្នាង បាន​មក​ចូលរួម​ចាប់​ត្រី​នៅ​ត្រពាំង​ក្រម ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់…

ខេត្ត​ត្បូងឃ្មុំ​៖ «​ពិធីបុណ្យ​ចាប់​ត្រី​តាម​ទំនៀមទម្លាប់​ប្រពៃណី​ពី​បុរាណ​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​អាយុកាល​ជាង​២០០​ឆ្នាំ​ហើយ ដោយ​រាល់​ឆ្នាំ​មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស ស្រី មក​ពី​គ្រប់​ទិស​ទី​ប្រដាប់​ដោយ​ឧបករណ៍​នេសាទ​អង្រុត ឈ្នាង បាន​មក​ចូលរួម​ចាប់​ត្រី​នៅ​ត្រពាំង​ក្រម ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ សប្បាយ​រីករាយ​»។ ​​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អ៊ួ​ច យឿ​ន មេឃុំ​ជាំ​ក្រវៀន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ​ឆ្នាំ​២០២៦ ។

សូម​បញ្ជាក់​ថា​: នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក គន់ រ័​ត្ន​មុនី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់ នៅ​តំបន់​ត្រពាំង​ក្រម ។ បេសកកម្ម​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​រៀបចំ​ផែនការ​ឱ្យ​បាន​ហ្មត់ចត់ សម្រាប់ “​ពិធី​ចាប់​ត្រី​បែប​បុរាណ​” សំដៅ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់ ដែល​នឹង​មក​ចូលរួម​នា​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ខាង​មុខ​ចំ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​(valentine’s day)​។

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ ក៏​មានការ​ចូលរួម​ពី​សំណាក់​ប្រធាន​-​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ រដ្ឋបាល​ស្រុក​មេមត់ អាជ្ញាធរ​ឃុំ​ជាំ​ក្រវៀន និង​បងប្អូន​សហគមន៍​មូលដ្ឋាន​ផង​ដែរ​។

លោក​គន់ រ័​ត្ន​មុនី អភិបាលរង​ខេត្ត បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​កត្តា​សំខាន់​ៗ​ចំនួន ៣ រួម​មាន​៖
១. ស្ថានភាព​ធនធានធម្មជាតិ​៖ ពិនិត្យ​កម្ពស់​ទឹក និង​បរិមាណ​ត្រី​ក្នុង​ត្រពាំង ដើម្បី​ធានា​ថា​ការ​កម្សាន្ត​របស់​ពលរដ្ឋ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រីករាយ និង​សម្បូរ​បែប​។
២. សន្តិសុខ​និង​សណ្តាប់ធ្នាប់​៖ រៀបចំ​ផែនការ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​រំពឹង​ថា​នឹង​មក​ចូលរួម​យ៉ាង​កុះករ​។
៣. ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ការ​កម្សាន្ត​៖ ការ​រៀបចំ​ចំណត​យានយន្ត​ឱ្យ​មាន​របៀបរៀបរយ និង​ការ​រៀបចំ​បន្ទប់ទឹក​អនាម័យ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​បំផុត​ដល់​សាធារណជន​។

ក្នុង​ឱកាស​នោះ​លោក​គន់ រ័​ត្ន​មុនី អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​លើ​ការ​រក្សា​ឱ្យ​បាន​នូវ​ទម្រង់​ដើម​នៃ «ការ​ចាប់​ត្រី​បែប​បុរាណ​»​។ លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ និង​កងកម្លាំង ត្រូវ​ហាមឃាត់​រាល់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ទំនើប ឬ​ឧបករណ៍​ល្មើសច្បាប់​ផ្សេង​ៗ​។ អ្នកចូលរួម​ទាំងអស់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តែ​ឧបករណ៍​ដែល​ច្នៃ​ពី​ឫស្សី​តាម​បែប​បុរាណ​ប៉ុណ្ណោះ រួម​មាន​៖ អង្រុត ឈ្នាង និង​ទ្រ​ក ជាដើម ដើម្បី​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌ និង​ការ​រស់នៅ​ចុះសម្រុង​ជាមួយ​ធម្មជាតិ​របស់​ដូនតា​ខ្មែរ​។

សូម​បញ្ជាក់​ថា “​ត្រពាំង​ក្រម​” គឺជា​តំបន់​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ដ៏​សំខាន់​មួយ​ក្នុងស្រុក​មេមត់ ដែល​មាន​ផ្ទៃ​ជម្រាល​ប្រមូល​ទឹក​ដល់​ទៅ ៣០​ហិ​កតា និង​មាន​ត្រពាំង​តូច​ៗ​ជា​សាខា​ចំនួន ២០​ទៀត​។ តំបន់​នេះ​សម្បូរ​ទៅ​ដោយ​រុក្ខជាតិ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ធម្មជាតិ​យ៉ាង​ល្អ​ប្រសើរ​។ ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​ខែកុម្ភៈ ប្រជាពលរដ្ឋ​តែងតែ​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​ចាប់​ត្រី​យក​មក​ចម្អិន​អាហារ​ហូប​ជុំ​គ្នា បង្កើត​បានជា​បរិយាកាស​សាមគ្គីភាព និង​ភាព​សប្បាយ​រីករាយ​ជួបជុំ​បែប​មិត្ត​ភ​ក្កិ​និង​ក្រុម​គ្រួសារ មាន​អ្នកខ្លះ​ដាក់​បាស​រាំ​កំសាន្ត​សប្បាយ​លេង​ទៀត​ផង​។

ពិធី​ចាប់​ត្រី​បែប​បុរាណ​នៅ​ត្រពាំង​ក្រម មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ដាស់តឿន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​រួម​គ្នា​ថែរក្សា​មរតក​វប្បធម៌ និង​ធនធានធម្មជាតិ​ឱ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​រក្សា​នៅ​ប្រពៃណី​បែប​បុរាណ​មួយ​នេះ កាលពី​ជំនាន់​ដើម​មនុស្ស​ម្នា​មក​ពី​គ្រប់​ទិស​ទី​ដោយ​ប​រទេះគោ តែ​សព្វ​ថ្ងៃនេះ​ប្រជាជន​មាន​យានជំនិះ​តូច​ធំ​ទំនើប​ជិះ​មក​កម្សាន្ត​លេង​សប្បាយ​បំបាត់​នូវ​ភាព​ការ​នឿយណាយ​បាន​មួយ​កំរិត​ទៀត​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ