ខេត្តព្រៃវែង ៖ មានឈ្មួញខ្មែរ និងវៀតណាមដឹកទំនិញ តាមទូកប៉ុកចាយ ០១គ្រឿងមកចតនៅមាត់កំពង់ភូមិរោងឃុំចាមរួចលើកដាក់លើរថយន្តវ៉េអងដឹកតាមផ្លូវក្រវ៉ាត់ព្រំដែនហើយបត់តាមប៉ុស្តិ៍ច្រកទ្វារព្រំដែនស្វាយអាង៉ោងឆ្ពោះទៅផ្សារកអណ្តើកស្រុកកំពង់ត្របែកខេត្តព្រៃវែង ដោយរលូន សង្ស័យជាទំនិញគេចពន្ធដោយពុំមានឃើញសមត្ថកិច្ចណាមកពិនិត្យទេ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៧កុម្ភៈ២០២៦នៅចំណុចមាត់កំពង់ភូមិរោងឃុំចាមស្រុកកំពង់ត្របែក។បើតាមសមត្ថកិច្ចប៉ុស្ត៍ព្រំដែនពាមទា បានឲ្យដឹងថា រថយន្តដឹកទំនិញ១គ្រឿងប្រភេទវ៉េអង ក្បាលសណ្តោងពាក់ស្លាកលេខ ភ្នំពេញ 3E-6889 រឺម៉កពាក់ស្លាកលេខត្បូងឃ្មុំ4A-0023 ផ្ទុកទំនិញប្រមាណ៥០តោន មិនដឹងថាជាទំនិញអ្វីទេ ដោយសំបកការ៉ុង មានអក្សរវៀតណាម។
ប្រភពបន្តថា បើតាមការពិនិត្យមើលលើសំបកការ៉ុងគឺស្លាកយីហោជាអក្សរវៀតណាម ។
ប្រភពលើកឡើងថា បើតាមសាកសួរកម្មករលើកទំនិញ និងអ្នកបើកបររថយន្តឆ្លើយ ថា គេមិនដឹងជាទំនិញអ្វីទេ សូមសួទៅថៅកែទៅ ចំណែកបុរសម្នាក់ប្រាប់ថា ជាមេការ ប្រាប់ថាជាម្សៅមី យកទៅរាជធានីភ្នំពេញសម្រាប់ចែកចាយធ្វើនំ ក៏ប៉ុន្តែកម្មករលើកទំនិញប្រាប់ថាមិនមែនម្សៅមីទេ។ ហើយខណៈដែលកម្មករលើកពីទូកវៀតណាមឡើងលើរថយន្តពុំឃើញមានសមត្ថកិច្ចមន្ត្រីជំនាញមន្ទីរកសិកម្មណាម្នាក់មកពិនិត្យដែរគឺដឹកចេញដោយសុវត្ថិភាព។
បើតាមមហាជនដែលរស់នៅទីនោះបានប្រាប់កោះសន្តិភាពថា គេឃើញឈ្មួញវៀតណាមតែងតែដឹកទំនិញតាមទូកប៉ុកចាយនេះមកចតនៅកំពង់ភូមិរោង នេះរាល់ថ្ងៃ ហើយស្ទូចលើកចេញរួចឲ្យកម្មករលើកដាក់លើរថយន្តបន្តបន្ទាប់មកបានទាញតង់គ្របជិតដឹកឆ្ពោះទៅប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោងបន្តទៅកាន់ផ្សារកអណ្តើកស្រុកកំពង់ត្របែកដោយពុំឃើញមានមន្ត្រីជំនាញណាម្នាក់មកពិនិត្យទេសង្ស័យជាទំនិញគេចពន្ធឬជាទំនិញដែលឈ្មួញត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចប្រចាំច្រកទ្វាព្រំដែនស្វាយអាង៉ោងជាអ្នកបើកភ្លើងខៀវមុនរួចហើយ។
ប្រភពបន្តថា នៅច្រកទ្វារព្រំដែនស្វាយអាង៉ោងក៏មានឈ្មួញវៀតណាមដឹកជីកសិកម្មយីហោផ្កាយ៥ តាមម៉ូតូ ឆ្លងដែនមកទម្លាក់ផ្ទេរដាក់លើរ៉ឺម៉កដឹកយកទៅដាក់ក្នុងឃ្លាំងមួយកន្លែងនៅជិតផ្សារកអណ្តើក ដោយជញ្ជូនដូចសត្វកណ្តៀរមិនឃើញមានសមត្ថកិច្ចណាអើពើឡើយ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានទេ រហូតមកដល់រសៀលថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៦នេះ ដោយទូរសព្ទ័ចូលហើយគ្មានមនុស្សលើក ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ