ខេត្តកំពង់ស្ពឺ៖ ក្មេងទំនើងជាសិស្សសាលាចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលខ្ចីម៉ូតូមិត្តភក្តិជិះ ហើយថតបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក។
ការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងជាសិស្សសាលាបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។
នគរបាលក្រុងច្បារមនបានឱ្យដឹងថា នៅមុនពេលឃាត់ក្រុមក្មេងទំនើងជាសិស្សសាលា ដោយទទួលបទបញ្ជា២៤លើ២៤ម៉ោង ដោយមានការបញ្ជារផ្ទាល់ពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ រួចមកលោកវរសេនីយ៍ទោ យន្ត័ សង្ហារ អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកយុត្តិធម៌ក្រុងច្បារមនបានសហការកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ច្បារមន បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់៖ ទី១- ឈ្មោះ យ៉ង់ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិអង្គប្រាសាទ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២- ឈ្មោះ យឹម អ៊ុយហាវ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិត្រពាំងជ្រៃ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលពាក់ព័ន្ធ ក្នុង ករណី បង្ហោះម៉ូតូ រួចថតបង្ហោះ ក្នុង បណ្ដាញសង្គម (Facebook) ។
នគរបាលក្រុងច្បារមនបានបន្តថា ក្រោយឃាត់ខ្លួនធ្វើការសាកសួរ ក្មេងទំនើងឈ្មោះយ៉ង រដ្ឋា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព បង្ហោះម៉ូតូ ម៉ាកនិច ក្រោះ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1LZ-3532 (ដែលខ្ចីមិត្តភក្តិជិះ) ហើយឈ្មោះយឹម អ៊ុយហាវ ជាអ្នកថតវិដេអូ នៅចំណុចលើផ្លូវបេតុង ខាងលិចសាលា អនុវិទ្យាល័យ ឆាយឆុប ស្ថិតនៅក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន កាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ពិតប្រាកដមែន ។
នគរបាលក្រុងច្បារមនបានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០២នាក់ខាងលើ នគរបាលជំនាញបានហៅអាណាព្យាបាល មកទទួលដឹងឮ ធ្វើការអបរំ និងធានាយកកូនៗត្រឡប់ទៅលំនៅដ្ឋានវិញ ព្រមទាំងធ្វើការដកហូត ម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងច្បារមន រយៈពេល៣ខែ ស្មើនឹង៩០ថ្ងៃបណ្តោះអាសន្នសិន៕





ចែករំលែកព័តមាននេះ