ខេត្តកំពង់ស្ពឺ៖ លោកវរសេនីត្រីយ៍ ប៉ាន់ ម៉ុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផុង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានរងរបួសបែកក្បាលហូរឈាមជោគខ្លួន និងបាក់កដៃខាងស្តាំ ខណៈដែលចុះបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យគឺកំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានធ្វេីការស្រាវជ្រាវមុខសញ្ញាចោរកម្មលួចទ្រព្យសម្បត្ដិប្រជាពលរដ្ឋ ជនរងគ្រោះមានឈ្មោះ សៀង នី ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតនៅក្នុងភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបាត់បង់សម្ភាររួមមាន៖ ទី១-ខ្សែកប្រាក់អុីតាលី ក្រូម៉េ ចំនួន០១ខ្សែ ទី២-ប្រាក់រៀលចំនួន១លាន៦០មុឺនរៀល ទី៣-កាតទូរស័ព្ទចំនួន៥០ដុល្លារ និងទី៤-ប័ណ្ណចុងសន្លឹកចំនួន០២សន្លឹក រួមនិងកាតវ៉ាក់សាំង កាត ប.ស.ស អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ០១សន្លឹក ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋបានបន្តថា ពេលប្រតិបត្ដិការសមត្ថកិច្ចបានចុះទៅកាន់គោលដៅមួយដែលមាន ព័ត៌មានពាក់ព័ន្ធក្រុមជនសង្ស័យជាមុខសញ្ញាលួចខាងលេី កំលាំងនគរបាលបានពិនិត្យឃេីញមានមុខសញ្ញា៣នាក់÷ ទី១-មានឈ្មោះ អាំ តាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ទី២-ឈ្មោះ ឆិល រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ និងទី៣-ឈ្មោះ អែម ភឿន ហៅឡឺម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ (ជាមុខសញ្ញាមានដីកាចាប់ខ្លួន ចំនួន៣ ) បានហក់ស្ទុះមកធ្វេីការវាយប្រហារមកលេីសមត្ថកិច្ចនគរបាល ប្រើហិង្សាវាយទៅលើលោកវរសេនីយ៍ត្រី ប៉ាន់ ម៉ុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផុងដោយយកដុំឥដ្ឋបណ្ដាលឱ្យលោកនាយប៉ុស្តិ៍រងរបួសបែកក្បាលផ្នែកខាងក្រោយ និងបាក់ឆ្អឹងកដៃខាងស្ដាំធ្ងន់ធ្ងរ។
ក្រោយហេតុការណ៍ សមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ជួយសង្គ្រោះលោកនាយប៉ុស្ដិ៍រដ្ឋបាលឃុំផុង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ និងឆែកឆេរលើក្រុមជនសង្ស័យរកឃេីញម្សៅក្រាមពណ៌ស សង្ស័យថាជាគ្រឿងញៀនចំនួន៤កញ្ចប់ (មធ្យម១កញ្ចប់, និងតូចចំនួន៣កញ្ចប់) ។
ក្រោយឃាត់ខ្លួនមុខសញ្ញាទាំង៣នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋនិងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការបន្ដ។ ចំពោះមុខសញ្ញាដែលមានដីការបង្គាប់ឱ្ហចាប់ខ្លួនគឺបញ្ជូនទៅកាន់សាលាដំបូងខេត្ដកំពង់ស្ពឺ អនុវត្តតាមផ្លូវច្បាប់ ៕
លោកនាយប៉ុស្តិ៍ដែលរងរបួស


ចែករំលែកព័តមាននេះ