ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០លាន​ដុល្លារ​អា​មេ​រិ​ក ត្រឹម​ឆ្នាំ​២០៣០

6 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម សន​សៃ ស៊ី​ផា​ន់​ដ​ន (Sonexay Siphandone) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សាមគ្គីភាព ក្នុង​ឱកាស​ដែល​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​, ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦​។

ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​, នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ក្នុង​គ្រប់​កម្រិត​នា​ពេល​កន្លង​មក ស្រប​តាម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង និង​បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ធ្វើការ​ឱ្យ​បាន​ជិត​ស្និទ្ធ ដើម្បី​សម្រេច​បាន​លទ្ធផល​ជាក់ស្តែង ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

ឆ្នាំ​២០២៦ នេះ គឺជា​ឆ្នាំ​ពិសេស នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​, ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ឯកភាព​រួម​គ្នា​រៀបចំ​សកម្មភាព​ឱ្យ​បាន​ច្រើន ជំរុញ​ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ ដើម្បី​អបអរសាទរ​ឆ្នាំ​ដ៏​សំខាន់​នេះ​។ ជាក់ស្ដែង​, ការ​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​របស់ ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ នា​ឱកាស​នេះ ក៏​ដូច​ជា​គម្រោង​យាង​បំពេញ​ព្រះរាជ​ទស្ស​កិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០២៦ នេះ គឺជា​សក្ខីភាព​ជាក់ស្ដែង​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នយោបាយ ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។

នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​គ្នា​អំពី​យន្តការ​នៃ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ជា​ពិសេស​លើ​៖ នយោបាយ​-​ការទូត​, សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​, ធនាគារ​, កសិកម្ម​, ថាមពល​, កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​, កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​, កិច្ចការ​ព្រំដែន​, ការពារ​ជាតិ និង​សន្តិសុខ​, ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​, ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។
ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ ក៏​បាន​ពិភាក្សា​អំពី​ការ​ព​ន្លឿ​ន​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន សំដៅ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​វិញ​ទៅ​មក​។ ក្នុង​ន័យ​នេះ​, កម្ពុជា​អាច​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម ទៅ​កាន់​ប្រទេស​ទី​បី ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ឯ​ប្រទេស​ឡាវ​ក៏​អាច​ចាត់​ទុក​កម្ពុជា​ជា​ច្រក​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រ​ទស​ឡាវ ទី​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​ឆ្លងកាត់​កម្ពុជា និង ប្រើប្រាស់​ផែ​សមុទ្រ​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​ប្រែក្លាយ​ប្រទេស​ឡាវ​ពី​ប្រទេស​ដែល​គ្មាន​ព្រំដែន​ជាប់​សមុទ្រ (landlocked) ទៅ​ជា​ប្រទេស​ដែល​មានការ​ត​ភ្ជាប់ (land-linked)​។ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​លើ​កិច្ច​ខិតខំ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើនឡើង​ឈាន​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អា​មេ​រិ​ក ត្រឹម​ឆ្នាំ​២០៣០​។ បន្ថែម​លើ​នេះ​, ក្នុង​កិច្ចការ​ថាមពល​, ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ធានា​នូវ​សន្តិសុខ​ថាមពល​រវាង​ប្រទេស​ទាំង​ពីរ​។

មុន​នឹង​បញ្ចប់​, ឯកឧត្តម សន​សៃ ស៊ី​ផា​ន់​ដ​ន បាន​ផ្ដល់​ការ​គាំទ្រ និង​ចាត់​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី ២០ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ ក្នុង​ខែវិច្ឆិកា​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ