ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ការ​ទូត​អាមេរិក​យល់​ថា​អ៊ីរ៉ង់​ចរ​ចា​គ្នា​លេង​ៗ​ដើម្បី​យក​ពេល​ផលិត​នុយ​ក្លេអ៊ែរ

6 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អតីត​អ្នក​ការ​ទូត​ជើង​ចាស់​អាមេរិក​យល់​ថា​អ៊ីរ៉ង់​គ្រាន់​តែ​ចង់​ទិញ​ពេល​វេលា​តែ​ប៉ុណ្ណោះ​។​ មាន​ន័យ​ថា​ចរ​ចា​ចេះ​តែ​ចរ​ចា​ទៅ​ ប៉ុន្តែ​រក​ដំណោះ​ស្រាយ​មិន​ឃើញ​។ ការ​ថ្លែង​ដូច្នេះ​​ចំ​ពេល​ដែល​បណ្ដា​ប្រទេស​សំខាន់​ៗ​នៅ​មជ្ឈិម​បូព៌ា​កំពុង​តែ​ខិត​ខំ​ថ្នាក់​ថ្នម​ស​ភាព​ការណ៍​ និង​ធ្វើ​នយោបាយ​ការ​ទូត​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​បញ្ចៀស​សង្គ្រាម​​ព្រោះ​មាន​សញ្ញា​ស្ទង់​ៗ​ថា​បើ​ការ​ចរ​ចា​គ្នា​បរាជ័យ លោក​ត្រាំ​អាច​នឹង​បញ្ជា​ឱ្យ​វាយ​ប្រហារ​។ អាមេរិក​ និង​អ៊ីរ៉ង់​ទើប​តែ​បិទ​បញ្ចប់​ការ​ចរ​ចា​គ្នា​ដោយ​ប្រយោល (មាន​អន្តរ​ការី​ជា​អ្នក​សម្រប​សម្រួល)។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អតីត​អ្នក​ការ​ទូត​ជើង​ចាស់​អាមេរិក​យល់​ថា​អ៊ីរ៉ង់​គ្រាន់​តែ​ចង់​ទិញ​ពេល​វេលា​តែ​ប៉ុណ្ណោះ​។​ មាន​ន័យ​ថា​ចរ​ចា​ចេះ​តែ​ចរ​ចា​ទៅ​ ប៉ុន្តែ​រក​ដំណោះ​ស្រាយ​មិន​ឃើញ​។ ការ​ថ្លែង​ដូច្នេះ​​ចំ​ពេល​ដែល​បណ្ដា​ប្រទេស​សំខាន់​ៗ​នៅ​មជ្ឈិម​បូព៌ា​កំពុង​តែ​ខិត​ខំ​ថ្នាក់​ថ្នម​ស​ភាព​ការណ៍​ និង​ធ្វើ​នយោបាយ​ការ​ទូត​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​បញ្ចៀស​សង្គ្រាម​​ព្រោះ​មាន​សញ្ញា​ស្ទង់​ៗ​ថា​បើ​ការ​ចរ​ចា​គ្នា​បរាជ័យ លោក​ត្រាំ​អាច​នឹង​បញ្ជា​ឱ្យ​វាយ​ប្រហារ​។

អាមេរិក​ និង​អ៊ីរ៉ង់​ទើប​តែ​បិទ​បញ្ចប់​ការ​ចរ​ចា​គ្នា​ដោយ​ប្រយោល (មាន​អន្តរ​ការី​ជា​អ្នក​សម្រប​សម្រួល)។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ចាត់​ទុក​ថា​ទោះ​បី​មិន​ទាន់​បាន​ទទួល​លទ្ធ​ផល​ជា​ដុំ​កំភួន ប៉ុន្តែ​នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី អតីត​អ្នក​ការ​ទូត​អាមេរិក​ លោក​ចន​បូល​តុន (John Bolton) ដែល​ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អាមេរិក​តាំង​ពីជំនាន់​លោក​ដូណាល់​ត្រាំ​កាន់​តំណែង​អាណត្តិ​ទី​មួយ ​​មិន​គិត​ដូច្នេះ​ទេ​។

លោក​បូល​តុន​យល់​ថា​នេះ​ជា​សញ្ញា​បង្ហាញ​ថា​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេ​រ៉ង់​គ្មាន​ចិត្ត​ចង់​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ​។ លោក​ថា​អ៊ីរ៉ង់​មិន​និយាយ​ហ្មត់​ចត់​ទេ​នៅ​ក្នុង​រឿង​នេះ​ ហើយ​​ក៏​មិន​ផ្លាស់​ប្ដូរ​ឥរិយា​បថ​របស់​​ខ្លួន​ឡើយ​។ លោក​ថា​អ៊ីរ៉ង់​កំពុង​ប្រើ​វិធីពន្យារ​ពេលដើម្បី​លួច​ផលិត​អាវុធ​នុយ​ក្លេ​អ៊ែរ​ស្ងាត់​ៗ​។ លោក​បូល​តុន​ថា​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​នៅ​តែ​បង្ក​ការ​គំរាម​កំហែង​ធំ​បំផុត​ចំពោះ​​សន្តិ​ភាព និង​សន្តិ​សុខ​នៅ​មជ្ឈិម​បូព៌ា​។ លោក​បូល​តុន​យល់​ថា​បើ​ដូច្នេះ​ទេ​មាន​តែ​ដំណោះ​ស្រាយ​មួយ​គត់​គឺ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​។

ការ​ថ្លែង​របស់​អតីត​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​រូប​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​អាមេរិក​កំពុង​កសាង​កម្លាំង​យោធា​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​តំបន់​មជ្ឈិម​បូព៌ា​។ កាល​ពី​មុន​នេះ ប្រមុខ​ការ​ទូត​អ៊ីរ៉ង់​ថ្លែង​ថា​ដំណើរ​ការ​ចរ​ចា​នុយ​ក្លេអ៊ែរ​ជា​មួយ​អាមេរិក​ក្រោម​ការ​សម្រប​សម្រួល​របស់​ប្រទេស​អូម៉ង់ (Oman) នោះ​ចាប់​ផ្ដើម​ឡើង​ពី​ចំណុច​ល្អ​។ លោក​អះ​អាង​ថា​ភាគី​ទាំង​២​យល់​ព្រម​ជួប​គ្នា​នៅ​ពេល​ក្រោយ​ទៀត​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ដែល​បាន​ជួប​ប្រេសិត​ពិសេស​របស់​អាមេរិក លោក​ស្ទីវ​វីតខូស និង​កូន​ប្រសា​លោក​ត្រាំ​ ថ្លែង​ថា​​​ដើម្បី​ឱ្យ​ការ​សន្ទនា​គ្នា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​លុះ​ត្រា​តែ​អាមេរិក​មិន​ប្រើ​ប្រាស់​វិធី​គំរាម​កំហែង​ និង​ដាក់​សម្ពាធ​។ លោក​ថ្លែង​បន្ថែម​​ទៀត​ថា​អ៊ីរ៉ង់​ចង់​ចរ​ចា​គ្នា​តែ​អំពី​បញ្ហា​នុយ​ក្លេអ៊ែរ​ប៉ុណ្ណោះ​។ យើង​មិន​ចង់​ជជែក​គ្នា​អំពី​បញ្ហា​អ្វីផ្សេង​នោះ​ទេ​។

ឥឡូ​វ​នេះ គេ​សង្កេត​ឃើញ​ថា​បញ្ហា​រាង​រញ៉េ​រញ៉ៃ​បន្តិច​ដោយ​សារ​អាមេរិក​នៅសុខ​ៗ​ចង់​ដាក់​បញ្ចូល​​បញ្ហា​ដទៃ​ទៀត​ចូល​ក្នុង​កញ្ចប់​នៃ​ការ​ចរ​ចា​គ្នា​។ ក្នុង​នោះ​មាន​កម្ម​វិធី​​មីស៊ីល​​ផ្លោង​របស់​អ៊ីរ៉ង់​​, ការគាំទ្រ​របស់​អ៊ីរ៉ង់​ចំពោះ​​ចលនា​ប្រដាប់​អាវុធ​នៅ​មជ្ឈិម​បូព៌ា និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​អ៊ីរ៉ង់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​រូប៊ីអូ (Rubio)​។​ ​អ្នក​ការ​ទូត​ម្នាក់​លួច​បង្ហើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​នៅ​ក្នុង​ពេល​ចរ​ចា​គ្នា​នោះ ​អ៊ីរ៉ង់​នៅ​តែ​ទាម​ទារ​យ៉ាង​ទទូច​ថា​ខ្លួន​ត្រូវ​តែ​មាន​សិទ្ធិ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​។ អ្នក​ការ​ទូត​រូប​នេះ​ថ្លែង​បន្ថែម​ទៀត​ថា​កម្ម​វិធី​មីស៊ីល​ផ្លោង​របស់​អ៊ីរ៉ង់​មិន​ត្រូវ​បាន​គេ​យក​ទៅ​និយាយ​​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​នោះ​ទេ៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ