ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​ជួប​គ្រោះថ្នាក់​ចរាចរណ៍នៅស្តុប​វត្ត​អង្គ​តា​មិ​ញ ​ប្រពន្ធ​ស្លាប់ និង​ប្ដី​របួសស្រាល

7 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម ១​គូ​ បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ឌុ​ប​គ្នា ស្រាប់តែ​មាន​ម៉ូតូ​ ១គ្រឿង​ទៀត​ បើកបរ​ដោយ​យុវជន​អ្នក​ដឹក​ជញ្ជូន​អី​វ៉ាន់​ម្នាក់ ​បត់​ឆ្លងផ្លូវ​បំពាន​ភ្លើងស្តុប…

រាជធានីភ្នំពេញ ​៖ ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម ១​គូ​ បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ឌុ​ប​គ្នា ស្រាប់តែ​មាន​ម៉ូតូ​ ១គ្រឿង​ទៀត​ បើកបរ​ដោយ​យុវជន​អ្នក​ដឹក​ជញ្ជូន​អី​វ៉ាន់​ម្នាក់ ​បត់​ឆ្លងផ្លូវ​បំពាន​ភ្លើងស្តុប ​ទៅ​ដល់​បុក​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ស្ត្រី​ជា​ប្រពន្ធ​ចូល​រថយន្ត​ស្ទូច ​១​គ្រឿង ដែល​កំពុង​បើក​ស្របគ្នា ហើយ​ក៏​ត្រូវ​រថយន្ត​នោះ​កិន​ស្លាប់​ភ្លាម​ៗ។ ចំណែក​បុរស​ជា​ប្ដី ​បាន​រង​របួសស្រាល បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ខាងលើ​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ​ចោល​រថយន្ត ហើយ​យុវជន ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ដឹក​ជញ្ជូន​បង្កហេតុ​នោះ ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​រួច​នាំ​ទៅ​សាកសួរ ​និង​ចាត់ការ​តាម​ច្បាប់ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ​នៅ​តាម​ផ្លូវ​២០០៤ ត្រង់​ចំណុច​ភ្លើងស្តុប​វត្ត​អង្គ​តា​មិ​ញ ស្ថិត​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​ស្លាប់​ឈ្មោះ វិ​ន ធី​ហ្វា​ង អាយុ​៥៧​ឆ្នាំ ជនជាតិ​វៀតណាម និង​ប្ដី​ឈ្មោះ ចាន់ សា​ម៉ុ​ន អាយុ​៦១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងសំណង់​ រង​របួសស្រាល។ អ្នក​ទាំង​២​ស្នាក់​នៅផ្ទះ​លេខ​១៥ ភូមិ​ដើម​មក្លឿ សង្កាត់​ច្បា​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពួក​គាត់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FP 8154 ។

ដោយឡែក​ភាគី​ម្ខាង​ទៀត ​ឈ្មោះ អាន ផានិត ភេទ​ប្រុស អាយុ​២២ ឆ្នាំ​មុខរបរ ដឹក​ជញ្ជូន​អី​វ៉ាន់ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ។ យុវជន​រូប​នេះ ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JS- 1470 ។

រីឯ ​រថយន្ត ​ដែល​បើក​កិន​ស្ត្រី​រង​គ្រោះ​ខាងលើ​ ជា​ប្រភេទ​រថយន្ត​ស្ទូច​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D -9496 បើកបរ​ដោយ​បុរស​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ និង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ចោល​រថយន្ត ។

សមត្ថកិច្ច ​បាន​និ​យស​យ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់ ​ប្ដី​ប្រពន្ធ​ខាងលើ បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្របគ្នា​ជាមួយ​រថយន្ត​ស្ទូច​ ១​គ្រឿង​ខាងលើ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ភ្លើងស្តុប​បាន​លោត​ព​ណ៌​ក្រហម អ្នក​ទាំង​២ ក៏​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ក្រហម ​នៅ​ខាង​មុខ​រថយន្ត​ស្ទូច​នោះ ហើយ​មួយសន្ទុះ​ក្រោយមក ​ភ្លើងស្តុប​បាន​លោត​ព​ណ៌ប៉ៃតង ជន​រង​គ្រោះ​ ក៏​បាន​ជិះ​ម៉ូតូ​ចេញ​បន្តដំណើរ​ទៅ​មុខ​ទៀត ។

សមត្ថកិច្ច​ដដែល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ ស្រាប់តែ​យុវជន​អ្នក​ដឹក​ជញ្ជូន​ម្នាក់ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ទៅ​ដល់​អត់​បន្ថយល្បឿន​ ឬ​ឈប់​សិន​ទេ ក៏​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ទាំង​បំពាន​ភ្លើងស្តុប ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះបណ្តាល​ឲ្យ​ដួល។ ពេល​នោះ​ខ្ទាត​ស្ត្រី​ជា​ប្រពន្ធ​ទៅ​លើ​ផ្លូវ ហើយ​ក៏​ត្រូវ​រថយន្ត​ស្ទូច​ ១​គ្រឿង ​ខាងលើ​ទៅ​ពីក្រោយ​កិន បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​ប្ដី​រង​របួសស្រាល បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ចោល​រថយន្ត ។

សមត្ថកិច្ច​ បាន​បញ្ជាក់​ប្រាប់​បន្ថែម​ផង​ដែរ​ថា ក្រោយ​ពេល​កើតហេតុ​ យុវជន​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ដឹក​ជញ្ជូន​អី​វ៉ាន់​រូប​នោះ ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន។ បន្ទាប់​មក​នគរបាល​បាន​បញ្ជូន​យុវជន​នោះ ​ព្រមទាំង​ម៉ូតូ​ទាំង​២​គ្រឿង ​និង​រថយន្ត​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ