ទីក្រុងដាកា៖ អង្គការសុខភាពពិភពលោកបញ្ជាក់ថាមានករណីស្លាប់ដោយសារមេរោគនីប៉ានៅប្រទេសបង់ក្លាដែស។ ប៉ុន្តែអង្គការនេះជឿជាក់ថាហានិភ័យដែលថាមេរោគនេះអាចនឹងរាតត្បាតជាសាកលនោះគឺនៅមានភាគរយទាបនៅឡើយទេ។ WHO ថ្លែងកាលពីថ្ងៃសុក្រថាអ្នកជំងឺរូបនោះបានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

អ្នកជំងឺរូបនោះត្រូវគេយកសំណាកឈាម និងសំណាកពីបំពង់កទៅធ្វើតេស្ត។ នៅថ្ងៃបន្ទាប់ លទ្ធផលពីមន្ទីរពិសោធបង្ហាញថាអ្នកជំងឺនោះឆ្លងមេរោគនីប៉ា។ WHO ប្រកាសថាកាលពីថ្ងៃទី៣ ខែកុម្ភៈ អាជ្ញាធរសុខាភិបាលនៅបង់ក្លាដែសជូនដំណឹងទៅ WHO ដើម្បីបញ្ជាក់ថាមានអ្នកជំងឺម្នាក់ឆ្លងមេរោគនីប៉ាពិតមែន។ សេចក្ដីប្រកាសនេះកើតឡើងប្រហែលមួយសប្ដាហ៍បន្ទាប់ពីអ្នកជំងឺ២នាក់ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនីប៉ានៅរដ្ឋបេងហ្កាល់ខាងលិច ប្រទេសឥណ្ឌា។

ករណីរាតត្បាតនៃមេរោគនីប៉ានៅឥណ្ឌាបានបង្កការភ្ញាក់ផ្អើលសម្រាប់ប្រទេសចិន និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ ប្រទេសទាំងនេះចាប់ផ្ដើមរឹតបន្តឹងការត្រួតពិនិត្យសុខភាពនៅតាមព្រលានយន្តហោះ។ ប៉ុន្តែ WHO ថ្លែងថាខ្លួនមិនផ្ដល់អនុសាសន៍ឱ្យដាក់កំហិតលើការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មនៅឡើយទេ។ WHO វាយតម្លៃថាគ្រោះថ្នាក់ដោយសារមេរោគនីប៉ានៅមានកម្រិតទាបមិនថានៅក្នុងក្របខណ្ឌជាតិ, ក្របខណ្ឌតំបន់ ឬក្របខណ្ឌពិភពលោកនោះទេ។

WHO ថ្លែងថាអ្នកជំងឺនៅបង់ក្លាដែសដែលគេប៉ាន់ស្មានភិនភាគរបស់គាត់មានអាយុចន្លោះពី៤០ឆ្នាំទៅ៥០ឆ្នាំនោះរស់នៅក្នុងស្រុកណាអូហ្គោន (Naogaon)។ កាលពីថ្ងៃទី២១ ខែមករា គាត់ចាប់ផ្ដើមក្ដៅខ្លួន និងមានបញ្ហាប្រព័ន្ធប្រសាត។ អ្នកជំងឺរូបនេះគ្មានប្រវត្តិធ្វើដំណើរចេញទៅណាទេ។ ប៉ុន្តែកាលពីមុនពេលធ្លាក់ខ្លួនឈឺនោះ គាត់ផឹកទឹកល្មើធម្មជាតិ។ គេសង្ស័យថាប្រហែលជាទឹកល្មើនោះត្រូវសត្វជ្រឹងផឹកមុន ហើយក៏ចម្លងមេរោគនីប៉ាចូលទឹកល្មើតែម្ដង។

មនុស្ស៣៥នាក់ដែលធ្លាប់ជួបប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើនេះត្រូវគេនាំទៅធ្វើតេស្តរកមើលមេរោគ។ រហូតមកដល់ពេលនេះ គេមិនទាន់រកឃើញថាមានអ្នកឆ្លងមេរោគនេះបន្ថែមទៀតទេ។ ចាប់តាំងពីឆ្នាំ២០១១មក គេរកឃើញអ្នកឆ្លងមេរោគនីប៉ាចំនួន៣៤៨នាក់។ នៅក្នុងចំណោមនោះ ប្រហែលពាក់កណ្ដាលធ្លាប់មានប្រវត្តិផឹកទឹកល្មើធម្មជាតិ។

គួរកត់សម្គាល់ថាមេរោគនេះរាតត្បាតមានរដូវកាលរបស់វា។ ចន្លោះពីខែធ្នូ រហូតដល់ខែមេសាឆ្នាំបន្ទាប់។ នៅអំឡុងពេលនោះ អង្គការសុខភាពពិភពលោកអះអាងថាជារដូវប្រមូលផល និងរដូវដែលមនុស្សឧស្សាហ៍ផឹកទឹកល្មើ។ សព្វថ្ងៃនេះ មេរោគនីប៉ាគ្មានថ្នាំព្យាបាលឱ្យជាសះស្បើយ ហើយក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់បង្ការនោះដែរ។ ដូច្នេះ អ្នកដែលឆ្លងមេរោគនេះត្រូវតែផ្សងព្រេងទៅតាមយថាកម្ម។ លទ្ធភាពដែលអ្នកជំងឺអាចស្លាប់ចន្លោះពី៤០%ទៅ៧៥%៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ